រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជួបសំណេះសំណាលជាមួយព្រះមេគណ ព្រះអនុគណ និងព្រះមន្រ្តីសង្ឃនៅខេត្តសៀមរាប និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង
17-06-2026 14:38
(សៀមរាប)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះមេគណ ព្រះអនុគណ និងព្រះមន្រ្តីសង្ឃនៅខេត្តសៀមរាប និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា ស្ថិតនៅបរិវេណវត្តរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីសំណាក់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងលោក លី សារី អភិបាលរងខេត្តសៀមរាប។
លោក លី សារី អភិបាលរង តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើសុន្ទរកថាស្វាគម និងរបាយការណ៍ស្ដីអំពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តសៀមរាបលើគ្រប់វិស័យ ជាពិសេស វិស័យធម្មការនិងសាសនា ទាំងព្រះពុទ្ធសាសនា និងពាហិរសាសនា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ក្នុងឱកាសនោះដែរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានព្រះសង្ឃដីកាថ្លែងអំណរគុណលោកបណ្ឌិត ចាយ បូរិន ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា ជាមួយព្រះមន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាប ព្រមទាំងបានណែនាំដល់ព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការគ្រប់វត្តឱ្យពង្រឹងតួនាទី និងករណីកិច្ចក្នុងការដឹកនាំ គ្រប់គ្រងរបស់ខ្លួនឱ្យបានរឹងមាំ និងចូលរួមអភិរក្ស ថែរក្សា ការពារ បេតិកភណ្ឌក្នុងវត្តអារាម ឱ្យស្របតាមស្មារតីនៃអនុក្រឹត្យថ្មីនេះ។
ថ្លែងក្នុងឱកាសនោះលោកបណ្ឌិត ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។
លោកបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អនុក្រឹត្យថ្មីនេះ គឺជាក្បាលម៉ាស៊ីន និងជាក្របខណ្ឌគតិយុត្តដ៏រឹងមាំ ប៉ុន្តែភាពជោគជ័យ និងការផ្លាស់ប្តូរជាវិជ្ជមាននៃការដឹកនាំ និងការគ្រប់គ្រង់វិស័យសាសនា។ ការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នក្រោមអនុក្រឹត្យថ្មីនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច និងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ដោយធានាឱ្យបាននូវ គុណភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ននៅក្នុងការដឹកនាំនិងការគ្រប់គ្រងវិស័យសាសនានៅទូទាំងប្រទេស។ ចំពោះអនុក្រឹត្យនេះ ក្រសួងបានរៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ដោយផ្អែកលើការវិភាគមុខងារស៊ីជំរៅកំណត់អំពីភាពត្រួតស៊ីគ្នា ក្នុងការអនុវត្តភារកិច្ចនិងការធ្វើវិចារណកម្មមុខងារក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការរៀបចំមុខងារ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទក្រសួង។
លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានធ្វើការណែនាំ និងដាក់ចេញនូវទិសដៅការងារគន្លឹះក្នុងការអនុវត្ត រួមមាន៖
*ទី១៖ ការធ្វើទំនើបកម្មស្ថាប័ន៖ ការរៀបចំរចនាសម្ព័ន្ធការងារថ្មីត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបរិបទសកលភាវូបនីយកម្ម និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយធានាបាននូវការបែងចែកតួនាទី និងភារកិច្ចច្បាស់លាស់ដល់គ្រប់អង្គភាព។
*ទី២៖ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ៖ ការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ តាមរយៈការបណ្តុះបណ្តាល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការសម្រេចបាននូវជោគជ័យក្នុងបេសកកម្ម។
*ទី៣៖ កំណែទម្រង់រដ្ឋបាល និងអភិក្រមការងារ៖ ការដាក់ចេញនូវអភិក្រមការងារច្បាស់លាស់ ការគ្រប់គ្រងវត្តមាន ការបំពេញការងារ និងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យមន្ត្រី ដូចជាការធ្វើជំរឿននិងជីវមាត្រមន្ត្រី ដើម្បីធានាបាននូវតម្លាភាព និងភាពម្ចាស់ការ។
*ទី៤៖ ការរៀបចំរចនាសម្ព័ន្ធការងារថ្មី ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការកែទម្រង់ការគ្រប់គ្រងមន្ត្រីរាជការ និងមន្ត្រីគ្រូពុទ្ធិក ហើយត្រូវធានាឱ្យបាននូវការដាក់ពង្រាយមន្ត្រីចំជំនាញ និងត្រូវតាមតម្រូវការជាក់ស្តែង។
*ទី៥៖ ត្រូវបន្តរៀបចំប្រព័ន្ធលើកទឹកចិត្ត និងវាយតម្លៃការបំពេញការងាររបស់មន្ត្រី ដោយផ្អែកលើសមិទ្ធកម្មការងារពិតប្រាកដ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។
*ទី៦៖ ពង្រឹងផលប្រយោជន៍រួម៖ ជម្រុញឱ្យមន្ត្រីទាំងអស់គិតគូរពីពាក្យថា «យើង» ជាជាងពាក្យថា «ខ្ញុំ» ដោយតម្កល់ផលប្រយោជន៍រួម និងសមិទ្ធផលរបស់ក្រសួងជាធំ។ ជានេះទៅទៀត បានជម្រុញឱ្យព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ យកព្រះទ័យទុកដាក់នៅតាមបណ្ដាវត្តនីមួយ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ឱ្យខាងតែបាន បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online) តាមរយៈការសម្ដែងព្រះធម៌ទេសនាដើម្បីបញ្ជ្រាបការយល់ដឹង អំពីភាពអវិជ្ជមាននៃបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដល់យុវជន និងពុទ្ធបរិស័ទទូទៅ ព្រមទាំងសូមឱ្យព្រះមន្រ្តីសង្ឃ ពិនិត្យមើលវត្តដែលមានសក្ដានុពលទេសចរណ៍ ហើយសហការរៀបចំឱ្យប្រែក្លាយទៅជាអារាមទេសចរណ៍សាសនា។
ជាទីបញ្ចប់លោកបណ្ឌិត ចាយ បូរិន បានប្រគេនពរ និងជូនពរដល់សម្ដេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ ជួបប្រទះតែនឹងពរទាំងឡាយ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕


























