កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បន្ដស្រាវជ្រាវរកទីតាំងលបលួចប្រព្រឹត្តបទល្មើស Online Scams និងទំនិញថៃ

17-06-2026 14:39

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សរុបចំនួន៧៦ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន៥២២នាក់ (ស្រី១៧៨នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំបានឃើញមានបទល្មើស Online Scams ឡើយ។

នេះបើតាមការឲ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងថ្ងៃដដែលនេះ ក៏បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងអង្គភាពជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងស្តុកទុក និងចែកចាយផលិតផលបង្កកនៅតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញ បានចំនួន៨ទីតាំង ប៉ុន្តែពុំរកឃើញករណីស្តុកទុក ឬចែកចាយផលិតថៃខុសច្បាប់ទេ៕