ពលរដ្ឋងាយរងគ្រោះបំផុត ២០គ្រួសារ នៅស្រុកសង្កែ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក
17-06-2026 14:47
(បាត់ដំបង)៖ អនុវត្តន៍តាមការណែនាំរបស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកសង្កែ ដឹកដោយលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាស្រុកផ្តល់ជូនប្រជាពលរដ្ឋចំនួន ២០គ្រួសារ ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ក្នុងនោះ១៩គ្រួសារ មកពីភូមិចំនួន៦ ក្នុងឃុំកំពង់ព្រៀង និង ១គ្រួសាទៀត រស់នៅឃុំតាប៉ុន។
ថ្លែងក្នុងឱកាសនោះ ក្នុងនាម អនុសាខាស្រុកលោក នាង ចន្ទថារ៉ា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់លោក សុខ លូ ជាពិសេសសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារងាយរងគ្រោះត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថាន ជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងឡើងសម្ពាធឈាមជាដើម។
ជាកិច្ចឆ្លើយតប គ្រួសាររងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗ ដោយគ្មានការរើសអើងអ្វីឡើយ។
អំណោយផ្តល់ជួនគ្រួសារនីមួយៗទទួលបានអង្ករ២៥គីឡូ,មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ, ខ្លាញ់ ១ដប និងថវិកាមួយចំនួនផងដែរ៕











