អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យ ណែនាំ និងផ្សព្វផ្សាយដល់អាជីវករលក់ដូរនៅផ្សារសំរោង ដើម្បីជំរុញឱ្យបញ្ឈប់ការប្រើប្រាស់ និងការលក់ដូរទំនិញនាំចូលពីថៃខុសច្បាប់
17-06-2026 14:48
(ឧត្តរមានជ័យ)៖ អនុវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, លោក ហោ ជិនវិរៈយុទ្ធ អភិបាលរងខេត្ត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ ណែនាំ និងផ្សព្វផ្សាយដល់អាជីវករនៅផ្សារសំរោង ដើម្បីជំរុញឱ្យបញ្ឈប់ការប្រើប្រាស់ និងការលក់ដូរទំនិញនាំចូលពីប្រទេសថៃ។
ក្នុងឱកាសចុះជួបអាជីវករ និងប្រជាពលរដ្ឋលោក ហោ ជិនវិរៈយុទ្ធ បានសម្តែងការកោតសរសើរ និងក្តីរំភើបចំពោះការចូលរួមរបស់ប្រជាពលរដ្ឋក្នុងក្រុងសំរោង ដែលបានបង្ហាញស្មារតីស្រឡាញ់ជាតិ និងគាំទ្រផលិតផលក្នុងស្រុកយ៉ាងសកម្ម។
លោកថ្លែងដោយក្តីរំភើប ដែលបានឃើញស្មារតីជាតិនិយមរបស់អាជីវករ និងប្រជាពលរដ្ឋយើងប្រមាណជាង ៩០ភាគរយ នៃក្រុងសំរោង បានចូលរួមពហិការទាំងអស់គ្នា ក្នុងការឈប់ប្រើប្រាស់ និងលក់ដូរផលិតផលថៃ ហើយបានបង្ហាញពីការឈឺចាប់ចំពោះការឈ្លានពានពីសំណាក់យោធាថៃ មកលើប្រទេសកម្ពុជា ជាពិសេសខេត្តឧត្តរមានជ័យ ដែលពួកគាត់ជាអ្នករងផលប៉ះពាល់ដោយផ្ទាល់។
លោកអភិបាលរងខេត្តឧត្តរមានជ័យ បានបន្តថា៖ «ការរួបរួមសាមគ្គីរបស់ប្រជាពលរដ្ឋ គឺជាកម្លាំងដ៏សំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការគាំទ្រផលិតផលដែល ផលិតដោយកម្ពុជា។ជាមួយគ្នានេះលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រផលិតផលក្នុងស្រុក និងរក្សាស្មារតីសាមគ្គីភាពជាតិ ដោយលើកឡើងថា៖ «សាមគ្គីជាអាវុធមុតស្រួច ពហិការផលិតផលថៃ ជាគន្លឹះ និងជាជ័យជំនះសម្រាប់ជាតិខ្មែរ»។
លោក ហោ ជិនវិរៈយុទ្ធ បានបញ្ជាក់ថា សកម្មភាពចុះផ្សព្វផ្សាយនាពេលនេះ បានទទួលការគាំទ្រ និងការចូលរួមយ៉ាងផុសផុលពីសំណាក់អាជីវករ និងប្រជាពលរដ្ឋនៅផ្សារសំរោង ដែលបានបង្ហាញការប្តេជ្ញាចិត្តក្នុងការគាំទ្រផលិតផលជាតិ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ៕




























