រដ្ឋបាលខេត្តព្រៃវែង ហាមឃាត់មិនឱ្យលក់ភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងខេត្ត

17-06-2026 14:54

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

រដ្ឋបាលខេត្តព្រៃវែងបានបញ្ជាក់ថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើក កម្ពស់សុខភាព អនាម័យ និងសុវត្ថិភាពចំណីអាហារតាមសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសេចក្តីណែនាំ ស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំ បច្ចេកទេស។

ទន្ទឹមនឹងនេះ ផ្អែកតាមទិន្នន័យរបស់មន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នបានរកឃើញកុមារជិត ៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលមានអាយចន្លោះពី៧ឆ្នាំ ទៅ១០ឆ្នាំ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែង មិនផលិតអាំងស៊ុយលីន និងការផឹកគ្រឿងកំប៉ុងច្រើន។

ដើម្បីចូលរួមយកចិត្តទុកដាក់បន្ថែមលើសុខភាពរបស់សិស្ស រួមទាំងការបង្ការហានិភ័យនៃការកើតជំងឺ ជាពិសេស ជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង និងស្របតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ក្នុងន័យនេះ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាកម្រិតបឋម សិក្សា និងមត្តេយ្យសិក្សានៅក្នុងមូលដ្ឋានរបស់ខ្លួន និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំដល់គ្រប់គ្រឹះស្ថាន សិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្ត ឱ្យអនុវត្តដូចខាងក្រោម៖

*១៖ ត្រូវហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា
*២៖ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និង អាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្ស
*៣៖ ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សា ស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈ ប៉ូវកម្លាំងគ្រប់ប្រភេទ
*៤៖ ត្រូវអប់រំ ក្រើនរំឭក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានរភេសជ្ជៈប៉ូវកម្លាំង នៅពេលគោរពទង់ ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា
*៥៖ ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំ ឱ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ
*៦៖ ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជ កម្មគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ តាមស្ថានភាព ជាក់ស្តែង ដូចជា បញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការ ដកហូតភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទនៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យាលក់ដូរ
*៧៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្ត សេចក្តីណែនាំនេះសំដៅធ្វើឱ្យ គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង»៕