គម្រោង CamAdapt ផ្ដល់ស្នាមញញឹមជាថ្មីដល់ប្រជានេសាទ ជាពិសេសស្ត្រី និងចូលរួមចំណែករក្សានិរន្តរភាពធនធានធម្មជាតិតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រនៅកម្ពុជា (Video inside)

17-06-2026 14:56

(កែប)៖ គម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរប្រទេសកម្ពុជា ឬជាភាសាអង់គ្លេសថា Climate Adaptation and Resilience in Cambodia's Coastal Fisheries Dependent Communities (CamAdapt) ត្រូវបានអនុវត្តឡើងក្រោមជំនួយហិរញ្ញប្បទានរបស់មូលនិធិបរិស្ថានសកល (GEF) និងជំនួយបច្ចេកទេសពី អង្គការ FAO ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, មន្ទីរបរិស្ថានខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, អាជ្ញាធរមូលដ្ឋាន, សហគមន៍នេសាទ, និងសហគមន៍តំបន់ការពារធម្មជាតិ។

គម្រោង CamAdapt ផ្តោតលើការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការកែលម្អការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព នៅក្នុងខេត្តជាប់តំបន់ឆ្នេរទាំង៤ នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង។ គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវធនធានធម្មជាតិនៅតាមតំបន់ឆ្នេរ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិដោយផ្អែកលើសហគមន៍ ការកែលម្អជីវភាពរស់នៅ និងការបង្កើនសមត្ថភាពស្ថាប័នមូលដ្ឋានក្នុងការរៀបចំផែនការ តាមដាន និងឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ។

លោកស្រី ឡង់ សាដេស គណៈកម្មការសហគមន៍នេសាទត្រពាំងពៅ ខេត្តកំពត បានលើកឡើងថា គម្រោង CamAdapt បានបើកឱកាសឱ្យលោកស្រីទទួលបានការបណ្ដុះបណ្ដាលនូវការកែច្នៃផលនេសាទ តួនាទីដ៏សំខាន់របស់ស្ត្រីនៅក្នុងសហគមន៍ យល់ដឹងពីការការពារខ្លួនពីគ្រោះធម្មជាតិពេលនេសាទ និងចូលរួមស្ដារព្រៃកោងកាងឡើងវិញផងដែរ។

មិនខុសពី លោកស្រី ឡង់ សាដេស, គណៈកម្មការសហគមន៍ភូមិថ្មី លោកស្រី កៅ ចាន់ធឿន បានបង្ហាញពីសេចក្ដីសោមនស្សរីករាយ ដែលគម្រោង CamAdapt បានបើកឱកាសដល់ស្ត្រីក្នុងការបញ្ចេញសំឡេង។

លោក ណុះ យ៉េប ប្រធានសហគមន៍នេសាទភូមិថ្មី ខេត្តកែប បានលើកឡើងពីភាពរីកចម្រើន និងកំណើននៃធនធានជលផលក្រោយអនុវត្តគម្រោង CamAdapt។ នេះបានចូលរួមចំណែកបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ ជាពិសេសសហគមន៍អាចមានសមត្ថភាពរៀបចំខ្លួនឱ្យក្លាយជាសហគមន៍ទេសចរបន្ថែមទៀត។

ជាមួយគ្នានោះ គម្រោង CamAdapt ក៏បានសហការជាមួយគម្រោងអភិរក្សសមុទ្រកម្ពុជា ដើម្បីស្ដារអយស្ទ័រឡើងវិញ។ អ្នកគ្រប់គ្រងទូទៅនៃគម្រោងអភិរក្សសមុទ្រកម្ពុជា កញ្ញា តៃ ឆេន បានបង្ហាញពីកិច្ចសហការជាមួយ CamAdapt ក្នុងការស្ដារអយស្ទ័រឡើងវិញ ដែលមានសារៈសំខាន់សម្រាប់សុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រទាំងមូល៕