បេសកកម្មគោះទ្វាររកការវិនិយោគ! ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះទស្សនកិច្ចសិក្សាឈ្វេងយល់ពីប្រតិបត្តិការក្រុមហ៊ុន Hangang Food ដែលធ្វើប្រតិបត្តិកររោងចក្រផ្គត់ផ្គង់សាច់បសុបក្សី

17-06-2026 14:59

(វ៉ាស៊ុង)៖ ក្នុងឱកាសបន្តបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញការវិនិយោគ នៅក្នុងសាធារណរដ្ឋកូរ៉េ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Hangang Food ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឈានមុខ និងជាប្រតិបត្តិកររោងចក្រផ្គត់ផ្គង់សាច់បសុបក្សី ដ៏ទំនើបបំផុតរបស់សម្ព័ន្ធ Harim Group។

នៅក្នុងឱកាសទស្សនកិច្ចការងារនេះលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់កិត្តិយសដោយផ្ទាល់ពីសំណាក់ លោក Kilyeon Park ប្រធានក្រុមហ៊ុន Hangang Food រួមជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកក្រុមហ៊ុនជាច្រើនរូប។ អមដំណើរលោកឧបនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីនេះ រួមមាន៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ, ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនកម្រិតខ្ពស់ពីកម្ពុជា រួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សកម្មភាពទស្សនកិច្ចសិក្សានាឱកាសនេះ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការស្វែងយល់ស៊ីជម្រៅអំពីប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Hangang Food ដែលជាអ្នកគ្រប់គ្រងរោងចក្រផ្គត់ផ្គង់សាច់បសុបក្សីដ៏ទំនើប ចុងក្រោយបង្អស់។ រោងចក្រនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើការអនុវត្តស្តង់ដារបរិស្ថានមេត្រី(Environmental Friendly) និងការប្រើប្រាស់ប្រព័ន្ធភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ស្វ័យប្រវត្តិ (Automated Cold-Chain Logistics) ដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាគុណភាព សុវត្ថិភាព និងភាពស្រស់ជានិច្ចនៃផលិតផល។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុន Harim Co., Ltd. គឺជាក្រុមហ៊ុនលំដាប់កំពូលមួយរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងវិស័យឧស្សាហកម្មកសិ-ចំណីអាហារ និងការចិញ្ចឹមបសុសត្វ។ ក្រុមហ៊ុនសម្រេចបាននូវភាពជោគជ័យយ៉ាងខ្លាំងក្លា តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផលិតកម្មចំណីអាហារបែបសមាហរណកម្មកម្រិតខ្ពស់ ក្រោមទស្សនាទាន «ពីកសិដ្ឋានរហូតដល់តុអាហារ» (Farm-to-Table) ដែលធានាបាននូវការគ្រប់គ្រងខ្សែច្រវាក់តម្លៃ (Value Chain) ទាំងស្រុង ចាប់តាំងពីដំណាក់កាលបង្កាត់ពូជ ការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយលើទីផ្សារ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបក្នុងការផ្គត់ផ្គង់សាច់បសុបក្សីដោយប្រើប្រាស់ខ្យល់ត្រជាក់ ជំនួសឱ្យការប្រើប្រាស់ទឹកត្រជាក់ ដើម្បីបន្ថយកំដៅសាច់មាន់បន្ទាប់ពីកែច្នៃ ដែលជាលទ្ធផល សាច់មិនស្រូបទឹក រក្សាជាតិប្រូតេអ៊ីន និងរសជាតិបានល្អ, ការធ្វើអោយបសុសត្វសន្លប់ដោយឧស្ម័នជំនួសឱ្យការប្រើអគ្គិសនី និងបង្កក់សាច់ក្នុងល្បឿនលឿន ដើម្បីការពារស្ថានភាពក្រឡោបតូច (ice crystals) មិនឱ្យបំផ្លាញកោសិកាសាច់ ហើយផលិតផលអាចដឹកជញ្ជូនដល់ទីផ្សារឆ្ងាយ ដោយរក្សាគុណភាពដើម។

តាមរយៈទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏វិសេសវិសាលសម្រាប់គណៈប្រតិភូកម្ពុជា ទាំងផ្នែករដ្ឋ និងឯកជន ក្នុងការស្រូបយកនូវចំណេះដឹង បទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាកសិ-ឧស្សាហកម្មជឿនលឿន របស់សាធារណរដ្ឋកូរ៉េ និងជំរុញអោយក្រុមហ៊ុនពិនិត្យលទ្ធភាពទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដារខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាការកែច្នៃម្ហូបអាហារ និងបសុសត្វនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញនាពេលអនាគត៕