រដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលពីកិច្ចការព័ត៌មាន និងសាធារណមតិដល់មន្រ្តីបង្គោលនៃមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ក្នុងខេត្ត
17-06-2026 15:05
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរព័ត៌មានខេត្ត នៅថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីកិច្ចការព័ត៌មាន និងសាធារណមតិ ជូនដល់មន្រ្តីបង្គោលនៃមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ក្នុងខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលព័ត៌មាន ឆ្លើយតប និងបកស្រាយបំភ្លឺ ឱ្យបានទាន់ពេលវេលាជូនសាធារណជន ក្នុងន័យគ្រប់គ្រងនូវសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមរមនីយកម្មសង្គម។
វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមជាអធិបតីដោយលោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត, លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម ព្រមទាំងលោក លោកស្រី ជាមន្រ្តីបង្គោលនៃមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ ក្នុងខេត្តជាច្រើនចូលរួមផងដែរ។
លោក សុខ ថុល បានថ្លែងថា ក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មានជាច្រើន នៅលើបណ្ដាញសង្គមនានា កាន់តែទូលំទូលាយមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានទាំងព័ត៌មានពិត ព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ បណ្ដាលឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្ត បានបន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងផ្ដល់ធាតុចូលដល់សិក្ខាកាមទាំងអស់ ទទួលបាននូវការយល់ដឹងពីការគ្រប់គ្រង ការបន្សាប ទប់ស្កាត់ នូវព័ត៌មានមិនពិតក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ សំដៅគ្រប់គ្រងសមរភូមិព័ត៌មានក្នុងខេត្តសៀមរាប ជាពិសេសកិច្ចការព័ត៌មាន និងសាធារណមតិ ឱ្យមានប្រសិទ្ធភាព និងផ្ដល់នូវជំនឿទុកចិត្តពីសាធារណជនទូទៅ លើកិច្ចខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តសៀមរាប។
លោក យឿន ចាន់ បានឱ្យដឹងថា ក្នុងឆមាសទីមួយឆ្នាំ២០២៦នេះ ក្រុមការងារកិច្ចការព័ត៌មាន និងសាធារណមតិខេត្ត បានអនុវត្តការងារប្រមូលព័ត៌មានវិជ្ជមានបានជាង ២ ០០០ករណី និងដំណឹងរសើបចំនួន ៣៦៥ករណី ក្នុងនោះសម្រាប់ព័ត៌មានរសើប មានការថយចុះ ២៦ករណី ស្មើនឹង៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងបានធ្វើការឆ្លើយតប បកស្រាយ បំភ្លឺព័ត៌មានអវិជ្ជមាន និងដំណឹងរសើបបានចំនួន ៣៤ករណីផងដែរ។
អនុប្រធានមន្ទីរ បានបន្តថា ទោះបីកិច្ចការព័ត៌មាន និងសាធារណមតិ ក្នុងខេត្តមានការថយចុះ និងបានធ្វើការឆ្លើយតបបានទាន់ពេលវេលា ក៏មន្ទីរព័ត៌មានខេត្ត នៅតែបន្ដកិច្ចសហការណ៍ការងារព័ត៌មាន និងសាធារណមតិ ជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ឃុំ សង្កាត់ និងសារព័ត៌មានក្នុងខេត្ត ដោយបង្កើតក្រុមឆ្លើយតប ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ជាពិសេសការវិវត្តនៃបច្ចេកវិទ្យា ជាពិសេស (AI)៕





















