លោក ហេង សួរ៖ ការបណ្តុះបណ្តាលដែលអាចធានានូវគុណភាព ដើម្បីដោះស្រាយបញ្ហាអាស្រ័យលើការចូលរួមរបស់តួអង្គសំខាន់ៗចំនួន៤

17-06-2026 15:08

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលដែលអាចធានានូវគុណភាព ដើម្បីដោះស្រាយបញ្ហាអាស្រ័យលើការចូលរួមរបស់ តួអង្គសំខាន់ៗចំនួន៤ ដោយមានការចូលរួសហការជាមួយវិស័យឯកជន ដើម្បីឲ្យសិស្សមានឱកាសក្នុងការចុះទៅហាត់ការបានផងដែរ។ ការបញ្ជាក់បែបនេះរបស់ លោករដ្ឋមន្ត្រី ហេង សួរ បានធ្វើឡើងនៅក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា ផ្ដើមពីគុណភាពរហូតដល់ការទុកចិត្ត បានឈានទៅដល់មោទនភាព កិត្តិយសដែលសិស្ស Tvet អាចទទួលយកបាន។ ដូច្នេះគុណភាព គឺជារឿងមួយដែលយើងនឹងត្រូវធ្វើការជាមួយគ្នាបន្តទៀត ដើម្បីធ្វើម៉េចសិស្សដែលចប់ អ្នកដែលប្រើប្រាស់សិស្សចប់ពី Tvet អាចទទួលយកបាន។
ដើម្បីពង្រឹងគុណភាពដូចសម្ដេចបានមានប្រសាសន៍ជាការពិតណាស់យើងត្រូវមានសម្ភារៈឧបករណ៍បង្រៀនគ្រប់គ្រាន់ ប៉ុន្តែក្រៅពីមានសម្ភារៈឧបករណ៍បង្រៀនគ្រប់គ្រាន់ទល់តែយើងមានមេរៀន ដែលត្រឹមត្រូវងាយក្នុងការយល់បន្ថែមពីនោះ យើងត្រូវតែមានគ្រូដែលគាត់មានវិធីសាស្ត្រ ក្នុងការបង្រៀនដែលធ្វើឲ្យសិស្ស គាត់អាចចាប់យកបាន នៅចំណេះដឹងហើយអាចអនុវត្តបាននៅតាមរោងជាង។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា Tvet ក្រៅពីមានឧបករណ៍ មានមេរៀន មានគ្រូដែលល្អ ត្រូវតែមានម៉ោងគ្រប់គ្រាន់ សម្រាប់ឲ្យសិស្សចូលទៅអនុវត្តឬមួយទៅហាត់ការជាក់ស្ដែង នៅកន្លែងការងារមួយទៀត ទើបចុងក្រោយយើងអាចធានានៅគុណភាពនេះបាន ដើម្បីដោះស្រាយបញ្ហាគុណភាពនេះយើងត្រូវធ្វើការជាមួយតួអង្គយ៉ាងតិច៤ រួមមាន៖ ទី១៖ គឺក្រសួងត្រូវមានភាពច្បាស់លាស់ក្នុងការកំណត់គោលនយោបាយ បទដ្ឋាន និងនិយាមការចាំបាច់ ដើម្បីធានាឱ្យការបណ្តុះបណ្តាលប្រព្រឹត្តទៅតាមស្តង់ដារតែមួយ និងមានគុណភាព,ទី២៖ គឺគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវធានាថា គ្រូបង្រៀនមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្រៀនទៅតាមកម្មវិធីសិក្សា និងស្តង់ដាដែលបានអនុម័តដោយស្ថាប័នជំនាញ, ទី៣៖ គឺគ្រូបណ្តុះបណ្តាលត្រូវមានចំណេះដឹង ជំនាញ និងវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសិស្សអាចយល់ដឹង ចាប់យកជំនាញ និងអនុវត្តការងារបានយ៉ាងពិតប្រាកដ និងទី៤៖ គឺសិស្សានុសិស្សខ្លួនឯងត្រូវមានវិន័យ ការទទួលខុសត្រូវខ្ពស់ និងការខិតខំប្រឹងប្រែងក្នុងការសិក្សា ព្រោះគុណភាពនៃការអប់រំអាស្រ័យលើការចូលរួម និងការតាំងចិត្តរៀនសូត្ររបស់សិស្សផងដែរ។

បន្ថែមពីនេះ លោក ហេង សួរ បានបន្តថា ទោះបីជាតួអង្គសំខាន់ទាំង ៤ អនុវត្តតួនាទីរបស់ខ្លួនបានល្អក៏ដោយ ក៏នៅតែត្រូវការកិច្ចសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជន ដើម្បីផ្តល់ឱកាសឱ្យសិស្សបានចុះហាត់ការ និងទទួលបទពិសោធការងារជាក់ស្តែង។ ការចូលរួមរបស់វិស័យឯកជនមិនត្រឹមតែជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទៅនឹងតម្រូវការពិតប្រាកដរបស់ទីផ្សារការងារទៀតផង៕