អភិបាលខេត្តរតនគិរី ជួបសំណេះសំណាល និងចែកអំណោយជូនគ្រួសារជនភៀសសឹក វីរកងទ័ព វីរនគរបាល អតីតយុទ្ធជន នៅស្រុកអណ្តូងមាស ជិត ២០០គ្រួសារ
17-06-2026 15:24
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល គ្រួសារអតីតយុទ្ធជន គ្រួសារជួបការខ្វះខាត ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា នៅស្រុកអណ្តូងមាស ចំនួន ១៩៥គ្រួសារ។
ពិធីជួបសំណេះសំណាល និងចែកអំណោយជាស្បៀងអាហារខាងលើនេះបានធ្វើឡើនៅបរិវេណសាលាស្រុកអណ្តូងមាស។
លោក មាស សារ៉េត អភិបាល ស្រុកអណ្តូងមាស បានលើកឡើងថា សកម្មភាពរបស់អភិបាលខេត្ត និងលោកស្រី បានបង្ហាញនូវមនោសញ្ចេតនា ការគិតគូរ យកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អតីតយុទ្ធជន និងនិវត្តន៍ជន ប្រជាពលរដ្ឋជួបការខ្វះខាត ស្រ្តីម៉េម៉ាយ ចាស់ជរា កុមារកំព្រា និងជនរងគ្រោះ និងបានញ៉ាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅពោពេញដោយមនោសញ្ចេតនា និងផ្តល់ភាពកក់ក្តៅ។
លោក ញ៉ែម សំអឿន បានថ្លែងថា ការផ្តល់អំណោយជូននាពេលនេះគឺជាកាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។
លោកអភិបាលខេត្ត បានបន្តថា ក្នុងនាមថ្នាក់ ដឹកនាំខេត្តត្រូវធានាធ្វើយ៉ាងណាអនុវត្តឱ្យខានតែបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាជំហានៗ។ ជាក់ស្តែងជាសក្ខីភាពស្រាប់បាននិងកំពុងរៀបចំពិធីផ្តល់នូវអំណោយដល់ប្រជាពលរដ្ឋ នាពេលនេះគឺជាចែករំលែកដែលអាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាលំបាកបានមួយគ្រា ហើយនេះក៏ជាប្រពៃណី ដែលថ្នាក់គ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំ នៅគ្រប់កាលៈទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយនោះឡើយ។
លោក ញ៉ែម សំអឿន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម បាននឹងកំពុងបន្តពុះពារជម្នះការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលបន្ថែមទៀត អភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញឱ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសនានានៅក្នុងសកលលោក។
លោក ញ៉ែម សំអឿន បានបន្តថា ក្នុងបរិបទនេះ អាជ្ញាធរខេត្តរតនគិរី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា នឹងបន្តជំរុញឱ្យមានការអភិវឌ្ឍបន្ថែមទៀត ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹង ការអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានានូវសន្តិសុខទាំងតាមទីជនបទ ក៏ដូចជាទីប្រជុំជនក្រុង-ស្រុក សំដៅបង្ករលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ប្រកបមុខរបរទទួលទានដោយសុខសុវត្ថិភាព និងពង្រីកលើការវិនិយោគសាធារណៈ រួមចំណែកឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តភាព។
សូមបញ្ជាក់ថា អំណោយដែលលោក ញ៉ែម សំអឿន និងលោកស្រី នាំមកចែកជូននាពេលនេះរួមមាន៖ ជនភៀសសឹក ២៧គ្រួសារ, គ្រួសារវីរកងទ័ព និងវីរនគរបាល ៩គ្រួសារ, អតីតយុទ្ធជន និងទីវត្តន៍ជន ៣៨គ្រួសារ, គ្រួសារជួបការខ្វះខាត ១២១គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ៥កំប៉ុង, ទឹកបរិសុទ្ធ ១យួរ, ទឹកស៊ីអ៉ីវ ១ដប, ប៊ីចេងកន្លះគីឡូក្រាម, អំបិល ១គីឡូក្រាម, ស្ករស ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល៕






















