បើចង់ឈ្វេងយល់សម័យអង្គរ សូមទៅខេត្តសៀមរាប តែបើចង់ឈ្វេងយល់សម័យចេនឡា សូមទៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (Video inside)

17-06-2026 15:43

(កំពង់ឆ្នាំង)៖ គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ នាថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយសមាគមបណ្ណាល័យគំនិត រៀបចំកម្មវិធី «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា (Tourism and Humanitarian Trip to the Chenla Empire)» ដោយមានការគាំទ្រដោយបណ្តាញសារព័ត៌មាន Fresh News, សហគ្រាសផលិតនំស្រួយ លី លី, សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា និងក្រុមសហគមន៍រាជិនីទេសចរណ៍លង្វែក។

ក្នុងកម្មវិធីចែកសៀវភៅដល់សិស្សជាង ៣០០នាក់ និងមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ៥០០រូប នៅសាលាបឋមសិក្សាស្វាយរំពារ ដែលជាផ្នែកមួយនៃកម្មវិធី ដែលធ្វើនៅសាលាបឋមសិក្សាស្វាយរំពារ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លោក សេម គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាទីប្រឹក្សាសមាគមបណ្ណាល័យគំនិត ក្នុងនាមជាអ្នកផ្តួចផ្តើមកម្មវិធីនេះ បានថ្លែងថា កម្មវិធីនេះមានគោលបំណង សំខាន់ៗរួមមាន ការជំរុញឲ្យដែនដីអាណាចក្រចេនឡាកាន់តែត្រូវបានគេស្គាល់, លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌នៅស្រុកកំពង់លែង, ជំរុញឲ្យភ្នំនាងកង្រីកាន់តែមានអ្នកស្គាល់, ចែកសម្ភារៈសិក្សាដល់កុមារនៅក្នុងតំបន់៣៤២នាក់ និងគ្រូបង្រៀន១៣នាក់, អប់រំយុវជនតាមទ្រឹស្តីពុទ្ធសាសនា, ទស្សនាការសម្តែងក្បាច់គុនល្បុក្កតោ និងតេខ្វាន់ដូ, ទស្សនាស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ទីដែលដូនតាខ្មែររស់នៅដំបូង, លេងទឹកជ្រោះអូរដា, ទស្សនាប្រាសាទបុរាណដែលសាងសង់មុនសម័យអង្គរ ដូចជា ប្រាសាទព្រះស្រី (ប្រាសាទស្រី), គ្រឹះប្រាសាទតូច, ប្រាសាទសក្ល (ប្រាសាទប្រុស), ប្រាសាទថ្នមប្តី, ប្រាសាទពណ្ណរាយ និងគ្រឹះប្រាសាទភ្នំទេពី។

លោកបានសង្កត់ធ្ងន់ថា «បើសិនចង់ឈ្វេងយល់ពីសម័យអង្គរ សូមទៅខេត្តសៀមរាប តែបើចង់ឈ្វេងយល់ពីសម័យចេនឡា សូមទៅស្រុកកំពង់លែង»

ការរៀបចំ «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា» មានការចូលរួមដោយព្រះតេជគុណ ហង់ សារុំ ព្រះចៅអធិការវត្តអម្ពមង្គលារាម ហៅវត្តស្វាយរំពារ ព្រះតេជគុណ រឹម ឈាវ ព្រះប្រធានសមាគមបណ្ណាល័យគំនិត ព្រមទាំង លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកគណៈកម្មាធិការនាយកពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រុមសហគមន៍រាជិនីទេសចរណ៍លង្វែក លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកនាងកញ្ញា ជាច្រើនរូប។

ក្នុងឱកាសតំណាងព្រះឥន្ទមុនី សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ លោក ឈួរ សុបញ្ញា បានលើកឡើងថា ដំណើរទៅកាន់ដែនដីអាណាចក្រចេនឡា គឺជាផ្នែកមួយនៃការបណ្តុះស្មារតីជាតិ ចែករំលែកក្តីស្រឡាញ់ និងជំរុញយុវជនឱ្យស្គាល់ឫសគល់អរិយធម៌ខ្មែរ។

លោកថ្លែងថា «ការមកទស្សនាដែនដីអាណាចក្រចេនឡានាពេលនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការដាស់ស្មារតីជាតិនោះឱ្យបន្តរស់ឡើងវិញ ជាពិសេសក្នុងចំណោមយុវជនព្រោះនៅពេលយើងស្គាល់ប្រវត្តិសាស្ត្ររបស់ខ្លួន យើងនឹងមានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន។ នៅពេលយើងយល់ពីការលះបង់របស់បុព្វបុរស យើងនឹងយល់ពីតម្លៃ នៃសន្តិភាព និងការអភិវឌ្ឍ ហើយនៅពេលយើងយល់ពីភាពរុងរឿងនៃអតីតកាល យើងនឹងមានទំនុកចិត្តក្នុង ការកសាងអនាគត»

លោក ឈួរ សុបញ្ញា ក៏បានលើកឡើងអំពីសារៈសំខាន់នៃការដាស់ស្មារតីជាតិចំពោះយុវជន ដោយគូសបញ្ជាក់ថា ការស្រឡាញ់ជាតិមិនមែនស្ថិតនៅត្រឹមពាក្យសម្តីនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការស្គាល់ប្រវត្តិសាស្ត្រជាតិ ការយល់ដឹងពីគុណតម្លៃអរិយធម៌ដូនតា និងការទទួលខុសត្រូវចំពោះអនាគតប្រទេសជាតិ៕