លោកស្រីបណ្ឌិត ជា សិរី៖ គណនីធនាគារណាមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ហើយមិនចូលរួមសហការនឹងត្រូវបិទ (Video inside)
17-06-2026 16:13
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ឲ្យដឹងថា លេខគណនីធនាគារ និងស៊ីមកាតណា ដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ហើយមិនចូលរួមសហការទៀតនោះ អាចនឹងឈានដល់បិទតែម្ដង។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនី ទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងករណីដែលមិនផ្ទៀងផ្ទាត់ គឺខាងយើងនឹងព្យាយាមទាក់ទងទៅ ដើម្បីមកធ្វើការផ្ទៀងផ្ទាត់ ឬអាចផ្លាស់ប្ដូរ តែបើក្នុងករណី មិនមានកិច្ចសហការនោះទេ យើងអាចឈានទៅដល់ការបិទលេខ ឬបិទគណនីតែម្ដង»។
បើតាមលោកស្រីបណ្ឌិត ជា សិរី, ការបើកយុទ្ធនានេះ ធ្វើឡើងដើម្បីបើកទំព័រជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកប្រើប្រាស់ ឱ្យបានជ្រួតជ្រាបអំពីយន្តការផ្ទៀងផ្ទាត់ ព្រមទាំងជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួម អនុវត្តយន្តការនេះ ឱ្យបានកាន់តែទូលំទូលាយ។
លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា ការបញ្ជាក់ភាពត្រឹមត្រូវ នៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារសុវត្ថិភាព ទិន្នន័យផ្ទាល់ខ្លួន ដូចជា កូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ៕









