ប្រតិភូរដ្ឋបាលខេត្តស្វាយរៀង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ក្នុងទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
17-06-2026 16:27
(ត្បូងឃ្នុំ)៖ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូនៃរដ្ឋបាលខេត្តស្វាយរៀង ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ដើម្បីរំលឹកខួប «ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
ពិធីបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាចំណុចចាប់ផ្តើមនៃដំណើរតស៊ូរំដោះជាតិ។
ការចូលរួមរបស់គណៈប្រតិភូខេត្តស្វាយរៀង នាពេលនេះ គឺធ្វើឡើងស្របតាមស្មារតីចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជនសហការី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ចាកចេញពីមាតុភូមិទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យរួចផុតពីរបបវាលពិឃាតដ៏ខ្មៅងងឹត។
នៅក្នុងឱកាសនោះ គណៈប្រតិភូបានរៀបចំពិធី ការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅចំពោះមុខស្តូបអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ ដោយមានការចូលរួមពីកងកម្លាំង ថ្នាក់ដឹកនាំ និងសមាជិកប្រតិភូទាំងអស់ បានអុជធូប សង្រួមចិត្ត ដើម្បីសម្តែងនូវការគោរពកោតសរសើរ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋស្លូតត្រង់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។
ពិធីនេះដែរ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ស្រទាប់យុវជន សិស្សានុសិស្សនៃវិទ្យាស្ថានភូមិភាគតេជោស្វាយរៀង ក្នុងគោលបំណងសិក្សាស្វែងយល់ និងដឹងគុណចំពោះតម្លៃនៃសន្តិភាព។
តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 មិនត្រឹមតែជាទីតាំងភូមិសាស្ត្រធម្មតានោះទេ ប៉ុន្តែវាជាសាក្សីរស់នៃរបត់ប្រវត្តិសាស្ត្រកម្ពុជា។
ការរំលឹកឡើងវិញនូវព្រឹត្តិការណ៍នេះ គឺជាការដាស់តឿន និងអប់រំដល់យុវជនជំនាន់ក្រោយឱ្យយល់ច្បាស់ពី៖
*១៖ ស្វែងយល់ពីភាពជូរចត់ និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទូទាំងប្រទេស។
*២៖ យល់ដឹងថា «សន្តិភាព» ដែលកំពុងមាននៅពេលបច្ចុប្បន្ន គឺបានមកដោយពិបាក និងការដោះដូរដោយជីវិត មិនមែនកើតឡើងដោយចៃដន្យឡើយ។
*៣៖ បំផុសស្មារតីឱ្យយុវជនរួមគ្នាថែរក្សា សាមគ្គីភាពផ្ទៃក្នុង និងការពារសមិទ្ធផលសង្គមជាតិឱ្យបានគង់វង្សជារៀងរហូត មិនឱ្យរបបឃោរឃៅបែបនេះអាចត្រលប់មកវិញបានឡើយ៕













