អ្នកស្ម័គ្រចិត្តម្នាក់ មកពីអាមេរិក រៀនល្បុក្កតោនៅខេត្តកំពង់ឆ្នាំង ក្លាយជាគ្រូបង្ហាត់ល្បុក្កតោ

17-06-2026 17:06

(កំពង់ឆ្នាំង)៖ អ្នកស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ មកពីសហរដ្ឋអាមេរិក បានរៀនក្បាច់គុនល្បុក្កតោនៅខេត្តកំពង់ឆ្នាំង ក៏បានក្លាយជាគ្រូបង្វាត់ល្បុក្កតោ ពេលទៅមាតុប្រទេសវិញ។ បុរសរូបនេះមានឈ្មោះថា Jake Upton បានទៅរៀនក្បាច់គុនល្បុក្កតោ នៅសាលាគុនល្បុក្កតោដំបងដែក ខេត្តកំពង់ឆ្នាំង របស់លោកព្រឹទ្ធាចារ្យ អំ យុំ។

លោកព្រឹទ្ធាចារ្យ អំ យុំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក Jake Upton និងជនបរទេសប៉ុន្មានរូបទៀតគ្រប់ជាតិសាសន៍ បានទៅរៀនគុនល្បុក្កតោនៅសាលារបស់លោក កាលពីរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ តាំងពីពេលលោកព្រឹទ្ធាចារ្យក្រមាមាស នៅរស់រាននៅឡើយ។ ឥលូវនេះ សិស្សរូបនោះបានផ្ញើរូបពីសហរដ្ឋអាមេរិក បង្ហាញពីសកម្មភាពរបស់ខ្លួនបង្ហាត់ ដែលធ្វើឲ្យលោកមានមោទនភាពយ៉ាងខ្លាំង ដែលអាចបណ្តុះបណ្តាលជនបរទេស ក្លាយជាគ្រូល្បុក្កតោបែបនេះ។

សូមជម្រាបថា បើទោះបីជាខ្វះខាតសម្ភារ និងទីតាំងសម្រាប់ហាត់មិនសូវសមរម្យក្តី សាលាគុនល្បុក្កតោលោកតាដំបងដែក ខេត្តកំពង់ឆ្នាំង នៅជាសាលាគុនវប្បធម៌ដ៏សកម្មមួយ ស្ថិតនៅភូមិផ្អេរ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង។ សាលាគុននេះ មានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សគុន និងអភិរក្សក្បាច់គុនល្បុក្កតោបុរាណ ដែលតែងតែចូលរួមសម្តែងក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិ៕