នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដាក់ដំណើរការម៉ាស៊ីនបច្ចេកវិទ្យាចុងក្រោយ ដែលបម្រើដល់ការវិភាគ អមវិជ្ជាសាស្ដ្រ កាន់តែសុក្រឹត លឿនរហ័ស ក្នុងការបម្រើប្រជាពលរដ្ឋ

17-06-2026 17:11

(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានប្រារព្ធពិធីប្រគល់ និងទទួលអំណោយជាឧបករណ៍មន្ទីរពិសោធន៍ និងវេជ្ជសាស្ត្រពីក្រុមហ៊ុន Mindray ដល់មន្ទីរពេទ្យ ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។

នាឱកាសនោះលោកសាស្ដ្រាចារ្យ ងី​ ម៉េង បានថ្លែងថា «ថ្ងៃនេះក្រុមហ៊ុន Mindray សហការជាមួយមន្ទីរពេទ្យយើង គឺគាត់បានផ្តល់ម៉ាស៊ីន ៣ ជូនដល់មន្ទីរពេទ្យ ដែលមានតម្លៃប្រមាណជា ២០ម៉ឺនដុល្លារ ហើយម៉ាស៊ីននីមួយៗគឺសុទ្ធតែជាបច្ចេកវិទ្យាចុងក្រោយ ដោយនឹងក្លាយជាឧបករណ៍វិភាគវេជ្ជសាស្ត្រទំនើបដំបូងគេ បម្រើឱ្យការវិភាគ អមវិជ្ជសាស្ត្រកាន់តែសុក្រឹត ទំនុកចិត្ដខ្ពស់ និងរហ័សទាន់ពេលវេលាមួយកម្រិតទៀត»។

«ម៉ាស៊ីនខាងលើនេះជាចំណែកមួយដ៏សំខាន់សម្រាប់មន្ទីរពេទ្យ និងប្រជាពលរដ្ឋយើង តាមរយៈគុណប្រយោជន៍នៃម៉ាស៊ីន ដែលធ្វើរោគវិនិច្ឆ័យកាន់តែរហ័ស មិនរង់ចាំយូរ និងច្បាស់ជាងមុន។ យើងសង្ឃឹមថាគុណប្រយោជន៍នេះនឹងចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ ងី ម៉េង។

នាយកមន្ទីរពេទ្យបានថ្លែងបន្ដថា ទាក់ទងជាមួយមន្ទីរពិសោធន៍នេះ គឺផ្នែកខ្លះធ្វើការវិភាគរករោគវិនិច្ឆ័យមិនដល់មួយម៉ោង គឺបានលទ្ធផលហើយ។ ប៉ុន្តែលទ្ធផលតេស្តខ្លះ អាចរករង់ចាំយូរ។

ទន្ទឹងនឹងនោះលោកនាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ក៏បានប្ដេជ្ញាជាថ្មី ក្នុងការខិតប្រឹងប្រែងបន្ថែមតទៅទៀត ដើម្បីឱ្យមន្ទីរពេទ្យមានសម្ភារៈឧបករណ៍វេជ្ជសាស្ដ្រកាន់តែច្រើន និងទំនើប ស្របតាមសម័យឌីជីថលនៅលើពិភពលោក និងអគារថ្មីៗខណៈដែលបច្ចប្បន្នប្រជាជនកម្ពុជាយើងកាន់តែស្វែងយល់ពីបញ្ហាសុខភាព ហើយក៏បានមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យកើនពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាទំនើបកម្មមួយដែលមន្ទីរពេទ្យកំពុងតែខិតខំប្រឹងប្រែង ដើម្បីធ្វើម៉េចការផ្តល់សេវាឱ្យយើងកាន់តែគ្រប់ជ្រុងជ្រោយ។

មន្ទីរពិសោធន៍ និងអាណាប៉ាត់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើតេស្តឈាមសរុបចំនួន ១,៥៩៩,៧២៧តេស្ដ នាឆ្នាំ២០២៥ កន្លងទៅ ដែលចំនួននេះ មានកំណើន ១៨% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៤។ បន្ថែមលើនេះទៀតមានឱកាសទទួលបាននូវម៉ាស៊ីនស្វ័យប្រវត្តិជាបន្តបន្ទាប់ ដែលអនុញ្ញាតិឱ្យផ្នែកមន្ទីរ ពិសោធន៍ធ្វើការវិភាគកាន់តែស៊ីជម្រៅ ប្រកបដោយគុណភាព សុក្រឹតភាព និងរហ័សទាន់ពេលវេលា ព្រមទាំងអាចធ្វើសន្ធានកម្មជាមួយប្រព័ន្ធ EMR របស់មន្ទីរពេទ្យដើម្បីរក្សាបាននូវសុវត្ថិភាពទិន្នន័យ និងជំរុញការធ្វើរោគវិនិច្ឆ័យកាន់តែរហ័ស។ នេះបើតាមការបញ្ជាក់របស់លោកឱសថការី ថៃ កុសល ប្រធានផ្នែកមន្ទីរពិសោធន៍ និងអាណាប៉ាត់នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។

សម្រាប់ម៉ាស៊ីន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Mindray បានផ្ដល់ជូនមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតនាពេលនេះរួមមាន៖
* ម៉ាស៊ីន M 680 ដែលជាការច្របាច់បញ្ចូលគ្នានៃការមុខងារវិភាគ ជីវគីមីសាស្ត្រនិងអីមុយណូសាស្ត្រ ចំនួន ១គ្រឿង។
* ម៉ាស៊ីន CAL 7000 ដែលជាការច្របាច់បញ្ចូលគ្នានៃមុខងារវិភាគលោហិតសាស្ត្រ, ការធ្វើគំនាសឈាម និង ការបំពាក់ពណ៌មើលរូបរាង (Morphology) គោលិកាឈាម ចំនួន ១គ្រឿង។
* និងម៉ាស៊ីន AED ចំនួន ២គ្រឿង៕