ប្រតិភូមន្ត្រីជាន់ខ្ពស់ទីក្រុងឡឹសាន ប្រទេសចិន និងសមាគមក្លឹបទេសចរណ៍សៀមរាប ជួបពិភាក្សាគ្នាដើម្បីភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ រវាងខេត្តសៀមរាប និងក្រុងឡឺសាន

17-06-2026 19:35

(សៀមរាប)៖ លោក វិន ស៊ូ (Wen Su) អនុលេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ក្រុងឡឹសាន (Leshan) ខេត្តស៊ីឈ័ន ប្រទេសចិន និងជាប្រធានក្រុមប្រតិភូ និងលោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាគ្នាដើម្បីភ្ជាប់វិស័យទេសចរណ៍ និងវប្បធម៌ រវាងខេត្តសៀមរាប និងក្រុងឡឹសាន ខេត្តស៊ីឈ័ន នៃប្រទេសចិន។

ក្នុងឱកាសនោះ លោក សែត កៅ បានលើកឡើងថា គោលបំណងដែលប្រតិភូមន្ត្រីជាន់ខ្ពស់ នៃទីក្រុងឡឹសាន បានធ្វើដំណើរមកកាន់ខេត្តសៀមរាប នាពេលនេះ គឺដើម្បីស្វែងរកឱកាសតភ្ជាប់ទំនាក់ទំនងរវាងខេត្តទេសចរណ៍របស់កម្ពុជា ជាមួយទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្តស៊ីឈ័ន នៃប្រទេសចិន។

លោកបានបន្តថា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នេះ ភាគីពាក់ព័ន្ធរបស់កម្ពុជា បានខិតខំធ្វើកិច្ចការជាច្រើនរហូតទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ លោកបន្តថា រវាងក្រុងឡឹសាន និងខេត្តសៀមរាប ក្រៅអំពីតំបន់ទេសចរណ៍វប្បធម៌ ក៏នៅមានការរៀបចំព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំដូចគ្នាផងដែរ។ ការណ៍នេះ សុទ្ធតែជាច្រកទ្វារទំនាក់ទំនងរបស់តំបន់ទេសចរណ៍កម្ពុជា -ចិន។

លោក សែត កៅ បានសម្តែងនូវការសាទរ និងគាំទ្រពេញទំហឹង ចំពោះដំណើរទស្សនៈកិច្ចក្នុងខេត្តសៀមរាបនាពេលនេះ។ ក្រៅពីរមណីយដ្ឋានអង្គរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណនោះ ខេត្តសៀមរាប ក៏នៅមានតំបន់ទេសចរណ៍ សម្បូរបែបជាច្រើនទៀត ដែលតំបន់ទេសចរណ៍ខ្លះ នៅមិនទាន់បានកែច្នៃអស់ពីលទ្ធភាពនៅឡើយ។

លោក វិន ស៊ូ (Wen Su) បានលើកឡើងថា ក្រុងឡឹសាន នៃខេត្តស៊ីឈ័ន ប្រទេសចិន គឺជាទីក្រុងទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញមួយ ដែលគេអាចស្គាល់តាមរយៈតំបន់ទេសចរណ៍ជាច្រើន ជាពិសេសតំបន់ព្រះពុទ្ធបដិមាដ៏ធំ និងភ្នំអឺម៉ី។

លោកបានបន្តថា លក្ខណៈនៃទីក្រុងមួយនេះ វាប្រហាក់ប្រហែលគ្នាជាមួយខេត្តសៀមរាបដែរ ពោលគឺ ជាទីតាំងទេសចរណ៍វប្បធម៌ដូចគ្នា។ ដូច្នេះការតភ្ជាប់ទំនាក់ទំនងគ្នារវាងក្រុងឡឹសាន និងខេត្តសៀមរាប ជាការភ្ជាប់សម្រាប់វិស័យទេសចរណ៍ និងជាការគាំទ្រដល់មិត្តភាពដែកថែប ក៏ដូចជាការគាំទ្រដល់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិន-កម្ពុជា ឆ្នាំ២០២៦ផងដែរ។

សូមជម្រាបថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយត្រូវបានចាត់ទុកជា «មិត្តភាពដែកថែប» និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ ប្រជាជន និងប្រជាជនផងដែរ៕