អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អនៅក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន បន្ថែមសម្រស់បៃតង និងផ្តល់បរិយាកាសបរិសុទ្ធ
17-06-2026 19:39
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អនៅក្នុងសង្គម និងដាំដើមឈើ នៅលើដីលំនៅដ្ឋាន ដីទំនេរ និងតាមដងផ្លូវសាធារណៈ ដើម្បីបន្ថែមសម្រស់បៃតង ការផ្តល់បរិយាកាសបរិសុទ្ធ ភាពត្រជាក់គួរជាទីគយគន់ ជាទីសំចតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលឆ្លងកាត់ខេត្តកំពង់ធំ។
លោកមានប្រសាសន៍បែបនេះធ្វេីឡេីងក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញការចូលរួមពីគ្រប់ភាគី ក្នុងការកាត់បន្ថយសំណល់ ការគ្រប់គ្រងសំរាម និងការពារភពផែនដីឱ្យកាន់តែស្អាត មានភាពបៃតង និងមានចីរភាព នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
លោកបន្តថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា នៅថ្ងៃនេះ ដែលជាការផ្តោតលើការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងការថែរក្សាអនាម័យបរិស្ថានតាមទីប្រជុំជន និងជនបទ តាមរយៈការរក្សាអនាម័យ និងគ្រប់គ្រងសំណល់ ដែលរដ្ឋបាលខេត្តកំពង់ធំបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ភាពស្អាត ភាពបៃតង នៅក្នុងខេត្តកំពង់ធំឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។ លើសពីនេះទៀត ខេត្តកំពង់ធំបានទទួលសមិទ្ធិផលមួយទាក់ទងនឹងអនាម័យ បរិស្ថាន និងការកែលម្អសោភ័ណភាពក្រុងស្ទឹងសែន ហើយក្រុងស្ទឹងសែនត្រូវបានប្រកាសថាជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។
លោក នួន ផារ័ត្ន បានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ ដោយផ្អែកលើទិដ្ឋភាពជាក់ស្តែងនៅតាមទីសាធារណៈ យើងនៅឃើញមានសំណល់រឹង ជាពិសេសថង់ប្លាស្ទិក ដបទឹកសុទ្ធ បានបោះចោលរាយប៉ាយនៅតាមដងផ្លូវ និងនៅលើដីទំនេរនៅតាមទីប្រជុំជន និងជនបទមួយចំនួន។
លោកបានណែនាំដល់មន្ទីរបរិស្ថាន សហការជាមួយរដ្ឋបាលក្រុងស្រុក ដាក់ធុងសំរាម និងផ្លាកសញ្ញា ហាមចោលសំរាម នៅតាមទីសាធារណៈឱ្យបានច្រើនទីតាំង និងបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីមហាជនទាំងអស់ក្នុងការគ្រប់គ្រងសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដែលត្រូវបានពិភពលោកចាត់ទុកថា ជាការបង្កគ្រោះថ្នាក់លាក់មុខដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។
សូមជម្រាបជូនផងដែរថា ការប្រារព្ធអង្គពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ឆ្នាំ២០២៦ នៅក្នុងខេត្តកំពង់ធំត្រូវ បានបង្កើតឱ្យមានសកម្មភាពសំខាន់ៗ ដូចជាការជួបជុំគ្នាផ្សព្វផ្សាយ «សំណល់សូន្យ» ដែលជាប្រធានបទនៃទិវាបរិស្ថានឆ្នាំនេះ មានសំណួរចម្លើយ លើកកម្ពស់ចំណេះដឹងជាមួយយុវជន សិស្សានុសិស្ស ដើម្បីរួមចំណែកធ្វើឱ្យសាលារៀន វត្តអារាម និងសហគមន៍ទាំងមូលក្លាយជាទីតាំងស្អាត បៃតង និងមានការរស់នៅប្រកបដោយសុខុមាលភាព និងជីវភាពមានការរីកចម្រើន៕














