ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

17-06-2026 20:27

(ត្បូងឃ្មុំ)៖ លោក ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូក្រសួង គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនវីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៩ ដើម្បីការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦» ដើម្បីរំលឹកអំពីគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ ដែលធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិឱ្យបានរួចចាកផុតពីការជិះជាន់ ការកាប់សម្លាប់ពីសំណាក់របបប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំចូលរួម ស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអ្នកជំនាន់ក្រោយ សូមចងចាំជាប្រវត្តិសាស្ត្រ ចំពោះវីរភាពនៃការលះបង់ ភាពអង់អាច ក្លាហាន និងការប្ដេជ្ញាចិត្តការពារបុព្វហេតុជាតិ ព្រមទាំងបន្តថែរក្សាសន្តិភាព និងការពារសមិទ្ធផល ដែលប្រជាជនកម្ពុជាទទួលបាននាពេលបច្ចុប្បន្ន៕