តំណាងរដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបជាមួយក្រុមហ៊ុន Sunwah Group ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

17-06-2026 20:57

(ភ្នំពេញ)៖ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ តំណាង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែងលើវិស័យកសិកម្ម។

ក្នុងជំនួបនៅទីស្តីការក្រសួងកសិកម្ម លោកអនុរដ្ឋលេខាធិការ បាន សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់នូវអនុសាសន៍ ព្រមទាំងលើកសំណើសំខាន់ៗចំនួន៣ ចំណុច ដល់ក្រុមហ៊ុន Sunwah Group រួមមាន៖

១. ការបង្កើតរោងចក្រកែច្នៃកសិផល៖ ក្រសួងកសិកម្មគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើការបង្កើតរោងចក្រកែច្នៃកសិផល ដែលមានសក្តានុពលដូចជា៖ ដំឡូងមី ស្វាយ និង ស្វាយចន្ទី ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

២. កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងបច្ចេកវិទ្យា៖ ស្នើឱ្យក្រុម ហ៊ុន Sunwah Group ជួយសម្របសម្រួល និងណែនាំបណ្តា ក្រុម ហ៊ុន ចិនដែលមានជំនាញលើវិស័យកែច្នៃកាកសំណល់កសិកម្ម ទៅជា ជី បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យខ្នាតធំ (Big Data) និងកសិកម្ម ឆ្លាតវៃ (Smart Agriculture) ឱ្យមកសហការជាមួយបណ្ឌិត្យសភា វិទ្យា សាស្ត្រ កសិកម្មកម្ពុជា (CASA)។ ការសហការនេះ នឹងជួយពង្រីកសក្តានុពល វិនិយោគ និងការស្រាវជ្រាវក្នុងវិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។

៣. ការគាំទ្រធុរកិច្ច និងការបណ្តុះបណ្តាល៖ ស្នើឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាព ក្នុងការបង្កើត «មជ្ឈមណ្ឌលបណ្តុះបណ្តាល អាជីវកម្ម កសិកម្ម» (Incubation Center) នៅសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញសហគ្រិនភាព និងបង្កើតឱកាសការងារជូននិស្សិត ដោយផ្អែកលើបទពិសោធន៍ជោគ ជ័យ របស់ក្រុមហ៊ុន Sunwah Group។

ជាការឆ្លើយតប លោកស្រី Sofia Fang បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោកអនុរដ្ឋលេខាធិការ ដែលបានផ្តល់នូវអនុ សាសន៍ប្រកបដោយចក្ខុវិស័យ។

តំណាងក្រុមហ៊ុន បានឯកភាពទទួល យកនូវសំណើទាំងអស់ខាងលើ ដើម្បីយកទៅសិក្សា និងជំរុញកិច្ច សហ ប្រតិបត្តិការជាមួយក្រសួងឱ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅ សម្រេច បាននូវលទ្ធផលផ្លែផ្កានាពេលខាងមុខ៕