រដ្ឋមន្ត្រី ជា វ៉ាន់ដេត ធ្វើបទបាឋកថាស្ដីពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង

17-06-2026 21:02

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញធ្វើបទបាឋកថាស្ដីពី វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណ ៣៧៥រូប នៅទីស្ដីការ ក.ប.ទ.។

ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានចែករំលែកអំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក លើវិស័យបច្ចេកវិទ្យាឌីជីថល រួមមាន ការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស បញ្ញាសិប្បនិម្មិត ការអភិវឌ្ឍថ្នាលរួម DG SuperApp និងការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដ៏ជោគជ័យរហូតត្រូវបានប្រទេសមួយចំនួនក្នុងតំបន់នាំយកទៅប្រើប្រាស់នៅក្នុងប្រទេសខ្លួន។

ជាមួយគ្នានេះដែរ លោកបានអនុញ្ញាតជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សត ពិភាក្សានិងលើកឡើងជាសំណួរពាព័ន្ធនឹងការងាររបស់ក្រសួងសំដៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀត។

សូមជម្រាបជូនថា បទបាឋកថានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងចែករំលែកអំពីវឌ្ឍនភាពការងាររបស់ ក.ប.ទ. ដែលជាសកម្មភាពការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕