វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីរ៉ង់ធ្វើឱ្យខូចមុខមាត់ជាកំពូលមហាអំណាចរបស់សហរដ្ឋអាមេរិក ឬ?
17-06-2026 21:36
(បែរឡាំង)៖ «កប៉ាល់ទាំងអស់នៅលើពិភពលោកចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន»។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងពេលប្រកាសពីការឈានដល់កិច្ចព្រមព្រៀងក្របខណ្ឌមួយ ជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមដែលលោកបានរួមដៃគ្នាជាមួយអ៉ីស្រាអែលដុតបញ្ឆេះឡើងកាលពីជាង៣ខែមុន។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំក៏បានប្រកាសដែរថាច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញទាំងស្រុងនៅក្រោយកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៩ ខែមិថុនា ក្នុងទីក្រុងហ្សឺណែវ ប្រទសស្វ៉ីស។
ក៏ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានអះអាងថាអនាគតនៃតួនាទីរបស់អ៉ីរ៉ង់ក្នុងតំបន់ច្រកសមុទ្រ Hormuz កំពុងស្ថិតនៅក្រោមការចរចានៅឡើយ។ តាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars អធិបតេយ្យរបស់អ៉ីរ៉ង់ និងអូម៉ង់លើច្រកសមុទ្រ Hormuz ត្រូវបានបញ្ចូលទៅក្នុងកិច្ចចរចានៅនាទីចុងក្រោយ ហើយថែមទាំងអះអាងទៀតផងថាសហរដ្ឋអាមេរិកក៏បានទទួលយកដែរថាការបង់ថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រនេះនឹងត្រូវ ប្រគល់ទៅឱ្យអ៉ីរ៉ង់។ នៅពេលត្រូវបានសាកសួរបញ្ជាក់អំពីបញ្ហានេះកាលពីថ្ងៃទី១៥ ខែមិថុនា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់សារព័ត៌មាន CNBC ថាការរំពឹងទុករបស់វ៉ាស៊ីនតោន នោះគឺថាច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញទាំងស្រុងដោយមិនមានការយកថ្លៃសេវាឆ្លងកាត់អ្វីទាំងអស់សម្រាប់រយៈពេលវែង។
* លាតត្រដាងពីដែនកំណត់នៃអំណាចរបស់សហរដ្ឋអាមេរិក
គេមិនទាន់ដឹងលម្អិតពីខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងក្របខណ្ឌនៅឡើយទេ តែអ្វីដែលគេបានឃើញច្បាស់នឹងភ្នែក គឺសហរដ្ឋអាមេរិកមិនអាចកំណត់លក្ខខណ្ឌឱ្យអ៉ីរ៉ង់អនុវត្តតាមពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz នោះទេ បើទោះជាសហរដ្ឋអាមេរិកមានអំណាចយោធាខ្លាំងលើសលុបក៏ដោយ។ លើសពីនេះទៅទៀត សមត្ថភាពរបស់អ៉ីរ៉ង់ក្នុងការប្រើប្រាស់ដ្រូន គ្រាប់មីនសមុទ្រ និងទូកតូចៗ ដើម្បីបិទខ្ទប់ច្រកសមុទ្រ Hormuz បានធ្វើឱ្យមានការសង្ស័យចំពោះអំណាចរបស់សហរដ្ឋអាមេរិកក្នុងការការពារសេរីភាពនៃការធ្វើនាវាចរ និងការធ្វើពាណិជ្ជកម្មដោយសេរី។
«សង្រ្គាមអ៉ីរ៉ង់បានបង្ហាញថាសហរដ្ឋអាមេរិកមានអំណាចយោធាខ្លាំងលើសលុប។ តែក្នុងពេលដំណាលគ្នា វាក៏បានបង្ហាញដែរថាសហរដ្ឋអាមេរិកមិនមានសមត្ថភាពប្រែក្លាយអំណាចយោធាខ្លាំងលើសលុបនេះ ទៅជាជ័យជម្នះទាំងស្រុងខាងយុទ្ធសាស្ត្រនោះទេ»។ នេះជាការយល់ឃើញរបស់លោកស្រី Rebecca Lissner ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ស្ដីពីគោលនយោបាយការបរទេសអាមេរិក និងជានាយកគំនិតផ្ដួចផ្ដើម Future of American Strategy Initiative មកពីស្ថាប័នស្រាវជ្រាវ Council on Foreign Relations មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។ លោកស្រីបានបន្ថែមថាសង្រ្គាមអ៉ីរ៉ង់បានធ្វើឱ្យខូចដល់ មុខមាត់របស់សហរដ្ឋអាមេរិកក្នុងនាមជាកំពូលមហាអំណាចលេខ១ នៅលើពិភពលោក និងតំណែងជាអ្នកការពារសេរីភាពនៃការធ្វើនាវាចរ ហើយធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតនៅលើគោលជំហរទន់ខ្សោយជាង មុនពេលសង្រ្គាមផ្ទុះឡើង។
* ដូចហុចដងឱ្យអ៉ីរ៉ង់
លោក ត្រាំ បានដាក់ចេញគោលដៅជាច្រើននៅពេលរូបលោកបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងការកម្ទេចសមត្ថភាពកងទ័ពជើងទឹកអ៉ីរ៉ង់។ យោធាអាមេរិកពិតជាបានសម្រេចគោលដៅនេះពិតមែន ដោយធ្វើឱ្យអ៉ីរ៉ង់បាត់បង់ភាគច្រើននៃសមត្ថភាពខាងទ័ពជើងទឹក ក្នុងពេលមិនដល់១០ថ្ងៃផងនៃសង្រ្គាម។ នេះបើតាមការវាយតម្លៃរបស់មជ្ឈមណ្ឌលសម្រាប់អន្តរជាតិ និងការសិក្សាយុទ្ធសាស្ត្រ (CSIS)។ ប៉ុន្តែ អ៉ីរ៉ង់ មិនចាំបាច់ប្រើកងទ័ពជើងទឹករបស់ខ្លួនទាំងមូលដើម្បីបិទខ្ទប់ច្រកសមុទ្រ Hormuz ឡើយ។ ផ្ទុយទៅវិញ អ៉ីរ៉ង់បានប្រើមីស៊ីល ដ្រូន គ្រាប់មីនសមុទ្រ និងទូកៗតូចប៉ុណ្ណោះដើម្បីបិទខ្ទប់ច្រកសមុទ្រនេះ ហើយម្យ៉ាង ដ្រូន និងគ្រាប់មីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ក៏បានបង្ហាញពីប្រសិទ្ធភាពក្នុងការកំញើញកុំឱ្យសហរដ្ឋអាមេរិកបង្កើនជម្លោះទៀតផង បើទោះជាលោក ត្រាំ បានគំរាមរំលាយអ៉ីរ៉ង់ឱ្យទៅជាផេះម្ដងហើយម្ដងទៀតក៏ដោយ។
ដោយឡែក ក្រុម Proxy (ចលនាប្រដាប់អាវុធជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់) ដូចជាក្រុមហ៊ូទីនៅយេម៉ែន និងហេសបូឡានៅលីបង់នៅតែជាការគំរាមកំហែងដដែល។ ក្នុងពេលដែលទំនាក់ទំនងរវាងអ៉ីរ៉ង់ និងបណ្ដារដ្ឋអារ៉ាប់ ក្នុងតំបន់ឈូងសមុទ្របានធ្លាក់ចុះដល់ចំណុចទាបបំផុតមួយ តែរដ្ឋអារ៉ាប់ទាំងនោះក៏កំពុងសង្ស័យចំពោះឆត្រសន្តិសុខ និងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារពួកគេផងដែរ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងរោងចក្រថាមពលរបស់ពួកគេរងការវាយប្រហារពីអ៉ីរ៉ង់។
* តើនរណាជាអ្នកកាន់កូនសោរបើកច្រកសមុទ្រ Hormuz?
Hormuz ជាបញ្ហាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលពិភពលោកទាំងមូលកំពុងរង់ចាំអ៊ុតមើលថាតើសហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យអ៉ីរ៉ង់គ្រប់គ្រងផ្នែកខ្លះ ឬយកថ្លៃសេវាឆ្លងកាត់ពីកប៉ាល់ ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ នេះដែរឬក៏យ៉ាងណា? លោកស្រី Lissner បាននិយាយថាបើទោះជាកិច្ចព្រមព្រៀងទទួលបានជោគជ័យក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ តែអ៉ីរ៉ង់បច្ចុប្បន្នមានឥទ្ធិពលដែលខ្លួនមិនធ្លាប់មានលើ ច្រកសមុទ្រ Hormuz រួចទៅហើយ។ តាមអ្នកវិភាគរូបនេះ សហរដ្ឋអាមេរិកបានបង្ហាញខ្លួនឯងថាមិនមានសមត្ថភាព ឬមិនមានឆន្ទៈដើម្បីគំំរាមឱ្យអ៉ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញបានទេ ដែលនេះមានន័យថាពិភពលោកនឹងត្រូវរស់នៅជាមួយការព្រួយបារម្ភថាអ៉ីរ៉ង់អាចនឹងបិទច្រកសមុទ្រសាជាថ្មីតាមតែអំពើចិត្ត។ ការបិទខ្ទប់ច្រកសមុទ្រ Hormuz ជាច្រើនខែមកនេះ វាក៏មានន័យដែរថាអ៉ីរ៉ង់នឹងមិន បោះបង់ចោលឥទ្ធិពលរបស់ខ្លួនលើច្រកសមុទ្រនេះដោយងាយៗ ឬមិនទទួលបានរង្វាន់អ្វីសោះត្រឡប់ទៅវិញនោះទេ។
បើតាមសេចក្ដីរាយការណ៍ជាច្រើន នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌជាមួយសហរដ្ឋអាមេរិក អ៉ីរ៉ង់នឹងទទួលបានលុយ ១២ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់ខ្លួនដែលត្រូវបានបង្កក នៅមុនកិច្ចចរចានុយក្លេអ៊ែរ ត្រូវចាប់ផ្ដើមធ្វើឡើង។ ដំណឹងនេះត្រូវបានមជ្ឈដ្ឋានខ្លះមើលឃើញថាជាការបង់លុយជាថ្នូរដើម្បីឱ្យអ៉ីរ៉ង់បើកច្រកសមុទ្រ Hormuz។ តែសហរដ្ឋអាមេរិកបានច្រានចោលព័ត៌មាននេះ។
* បំផ្លាញខ្លួនឯងដោយសារទង្វើរបស់ខ្លួនឯង
អស់រយៈពេលរាប់ទសវ្សរ៍មកនេះ សរសរស្ដម្ភដ៏សំខាន់មួយនៃអំណាចរបស់សហរដ្ឋអាមេរិក នោះគឺឧត្តមភាពយោធា និងការប្ដេជ្ញាចិត្តការពារអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថា «សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ជាមូលដ្ឋាន» ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្នុងន័យនេះ អំណាចរបស់សហរដ្ឋអាមេរិកអាចធានាការពារសេរីភាពនៃការធ្វើនាវាចរនៅជុំវិញពិភពលោក។ សហរដ្ឋអាមេរិកបានបង្កើតសណ្ដាប់ធ្នាប់អន្តរជាតិមួយឡើង ហើយបានទទួលផលចំណេញមួយផ្នែកធំពីសណ្ដាប់ធ្នាប់នេះ។ ក៏ប៉ុន្តែលោក ត្រាំ បែរជាសង្ស័យចំពោះសណ្ដាប់ធ្នាប់នេះជាមួយការអះអាងថាបណ្ដាប្រទេសជាច្រើន រួមទាំងសម្ព័ន្ធមិត្តបានកេងចំណេញលើសហរដ្ឋអាមេរិក។ ការបដិសេធរបស់លោក ត្រាំ ចំពោះសណ្ដាប់ធ្នាប់អន្តរជាតិត្រូវបានបង្ហាញយ៉ាងច្បាស់ក្រោយលោកប្រធានាធិបតីអាមេរិកប្រកាសដំឡើងពន្ធគយបដិការលើបណ្ដាប្រទេសនៅជុំវិញពិភលោកកាលពីឆ្នាំ២០២៥ ដែលនៅតែបង្ក ភាពមិនច្បាស់លាស់ដល់សេដ្ឋកិច្ចពិភពលោក បើទោះជាពន្ធគយទាំងនោះត្រូវបានលុបចោល ឬបន្ធូរបន្ថយក៏ដោយ។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៥ ដែលត្រូវបានចរចាសម្រេចឡើងដោយរដ្ឋបាលអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា គឺជាការឧទាហរណ៍មួយនៃប្រព័ន្ធពហុភាគីដឹកនាំដោយសហរដ្ឋអាមេរិក នៅក្រោម កិច្ចសហប្រតិបត្តិការ និងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប បូករួមទាំងចិន និងរុស្ស៉ី។ ទោះមិនល្អឥតខ្ចោះ តែយ៉ាងហោចកិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យមានការដាក់សម្ពាធលើអ៉ីរ៉ង់ឱ្យអនុវត្តតាមបនិ្តចម្ដងៗ ជាមួយ របាំងការពារកុំឱ្យការខ្វែងគំនិតគ្នាផ្ទុះទៅជាជម្លោះប្រដាប់អាវុធ។ លោក ត្រាំ បានហែកកិច្ចព្រមព្រៀងនេះចោល អំឡុងអាណត្តិទី១របស់លោកកាលពីឆ្នាំ២០១៨ ហើយជឿជាក់ថារូបលោកអាចប្រើកម្លាំងយោធាអាមេរិកបង្ខំឱ្យ អ៉ីរ៉ង់ចុះញ៉មទទួលយកលក្ខខណ្ឌរបស់លោក នៅក្រោមកិច្ចព្រមព្រៀងថ្មីមួយ។
កាលពីថ្ងៃទី១៥ ខែមិថុនា លោក ត្រាំបាននិយាយថាលោក អូបាម៉ា បានចរចាជាមួយអ៉ីរ៉ង់ដោយឈរលើមូលដ្ឋានបង់លុយឱ្យអ៉ីរ៉ង់ តែរដ្ឋបាលរបស់លោកវិញបានចរចាជាមួយអ៉ីរ៉ង់ចេញពីជំហរមួយយ៉ាងរឹងមាំដែលលោកតែងតែ ហៅថា«សន្តិភាពតាមរយៈអំណាចយោធា ឬ Peace through strength»។ លោកស្រី Lissner រួមជាមួយអ្នកវិភាគដទៃទៀតដូចជា លោក Timothy Snyder បានហៅវិធីសាស្ត្ររបស់រដ្ឋបាលលោក ត្រាំ ចំពោះ គោលនយោបាយអាមេរិកថា «កំពូលមហាអំណាចមួយដែលបំផ្លាញខ្លួនឯងដោយសារតែទង្វើរបស់ខ្លួនឯង»។
តាមលោកស្រី Lissner នៅក្រោមការដឹកនាំរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានបំផ្លាញបន្តិចម្ដងៗនូវប្រព័ន្ធដែលទីក្រុងវ៉ាស៊ីនតោនបានកសាងឡើងវិញជាមួយសម្ព័ន្ធមិត្ត ដើម្បីការពារអំណាចរបស់ខ្លួន ហើយសង្រ្គាមអ៉ីរ៉ង់ កាន់តែជំរុញទំនោរបែបនេះ ដោយរឹតតែបំផ្លាញដល់សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ជាមូលដ្ឋាន រួមទាំងការប្រេះឆាគ្នារវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ នេះជាការបោះជំហានឆ្ពោះទៅរក «សណ្ដាប់ធ្នាប់ពិភពលោកដ៏រញ៉េរញ៉ៃមួយ» រួមរឹតដោយអំពើហិង្សា និងអស្ថិរភាព៕










