ឧត្តមសេនីយ៍ឯក ឌី វិជ្ជា កំពុងតាមស្វែងរកបុគ្គលទុច្ចរិតម្នាក់ ដែលបានយករូបថត និងឈ្មោះលោក ទៅឆបោកប្រជាពលរដ្ឋ (Video inside)

17-06-2026 22:32

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសតាមរកបុគ្គលទុច្ចរិតម្នាក់ ដែលបានយករូបថត និងឈ្មោះរបស់លោកទៅឆបោកប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានប្រកាសថា នឹងផ្តល់រង្វាន់ចំនូន៥លានរៀល ជូនអ្នកដែលបានដឹង និងស្គាល់ បុគ្គលដែលយករូបថត និងឈ្មោះរបស់លោកទៅធ្វើសកម្មភាពឆបោកនេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានប្រកាសយ៉ាងដូច្នេះថា «មានបុគ្គលទុច្ចរិតបានយករូបថត និងឈ្មោះខ្ញុំទៅឆបោកប្រជាពលរដ្ឋ ប្រសិនបើបងប្អូនបានដឹងនិងស្គាល់ អំពីបុគ្គលដែលយករូបថតនិងឈ្មោះខ្ញុំទៅធ្វើសកម្មភាពឆបោកនេះ សូមផ្តល់ព័ត៌មានខ្ញុំនឹងជូនរង្វាន់ជាទឹកប្រាក់ ចំនួន៥លានរៀល។

សូមចូលរួមទាំងអស់គ្នាដើម្បីលុបបំបាត់អំពើឆបោកទាំងនេះដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់យើង»៕