World Cup 2026៖ អង់គ្លេស យកឈ្នះក្រូអាត ៤-២ ក្រោយពេលព័រទុយហ្គាល់ បានត្រឹមស្មើជាមួយកុងហ្គោ

18-06-2026 07:19

(បរទេស)៖ តោកំណាចអង់គ្លេស អតីតជើងឯក World Cup តែ ១លើកកាលឆ្នាំ១៩៦៦ រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក World Cup 2026 របស់ពួកគេ តាមរយៈយកឈ្នះក្រូអាត ៤-២ ក្រោយពេលបច្ចខែលព័រទុយហ្គាល់បានត្រឹមស្មើ ១-១ ទល់នឹងកុងហ្គោ។

អង់គ្លេស ដែលមានគ្រូបង្វឹកជាជនជាតិអាល្លឺម៉ង់ Thomas Tuchel ដឹកនាំកាលពីខែមករា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមខ្លាំង នៅអឺរ៉ុបមួយនេះ បានត្រឹមរងជើងឯក UEFA Euro ២សម័យកាលចុងក្រោយនេះ ចាប់ផ្តើមធ្វើបានល្អក្នុងការផ្តួលក្រុម នៅអឺរ៉ុបដូចគ្នា ក្រឡាអុកក្រូអាតដែលអតីតជើងឯករង World Cup 2018 នៅរុស្ស៊ី។

ក្នុងការប្រកួត ៩០នាទីនៅទឹកដីសហរដ្ឋអាមេរិកនេះដែរ ប្រធានក្រុម Harry Kane រកបាន ២គ្រាប់ និងជ្រោមជ្រែងដោយ Bellingham និង Rashford ម្នាក់ ១គ្រាប់នៅវគ្គទី២ ដ្បិតក្រូអាតដែលមាន Luka Modric ជាប្រធានក្រុមនោះ វាយបកតាមស្មើ ២-២ មុនពេលបញ្ចប់វគ្គទី១ សន្សំពិន្ទុពូល L។

នៅយប់មិញនេះដែរ ព័រទុយហ្គាល់ដែលមានខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo យកបានត្រឹម ១ពិន្ទុពីក្រុមកុងហ្គោ មកពីតំបន់អាហ្រ្វិក តាមរយៈលេងស្មើ ១-១ សន្សំពិន្ទុប្រចាំពូល K ដែលមានលោក Roberto Martinez សញ្ជាតិអេស្ប៉ាញដឹកនាំ។

ខ្សែប្រយុទ្ធឆ្នើមៗលំដាប់ពិភពលោកមានដូចជា Mbappe, Haaland និង Messi សុទ្ធតែអាចរកបានគ្រាប់បើកឆាកឱ្យជម្រើសជាតិរៀងៗខ្លួន និងទទួលបាន ៣ពិន្ទុទៀតផង លើកលែងតែប្រធានក្រុម CR7 ដែល Neves ជាអ្នករកបាន គ្រាប់នាំមុខឱ្យបច្ចខែល ហើយកុងហ្គោក៏តាមស្មើវិញមុនពេលបញ្ចប់វគ្គទី១៕