មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
18-06-2026 10:42
(ភ្នំពេញ)៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាប្រធានក្រុមកាងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្រ្តីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយលោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង ។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធនិងមន្រ្តី និងបទបង្ហាញអំពីផែនការចុះធ្វើជំរឿននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធនិងមន្រ្តី ដែលក្រុមការងារនៃក្រសួងទាំងពីរ នឹងបន្តខិតខំដោះស្រាយបញ្ចប់ ឱ្យបានឆាប់ដើម្បីឈានទៅកំណត់ពេលវេលា និងទីតាំងនៃការធ្វើបច្ចុប្បន្នរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា នៅក្នុងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមអង្គភាព គឺជាកិច្ចការអាទិភាពមួយដែលគ្រប់ក្រសួង ស្ថាប័ន ត្រូវចូលរួមអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងចូលរួមលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ៕














