ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿង ដែលជនល្មើសទម្លាក់ចោលក្នុងទឹក ត្រូវបានកម្លាំងយោធារុករកឃើញ (Video inside)

18-06-2026 12:08

(បាត់ដំបង)៖ ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿង ដែលក្រុមជនល្មើសទម្លាក់ចោលក្នុងទឹកពេល​រត់គេច​ពីកម្លាំងយោធានោះ ត្រូវបានកម្លាំងចុះរុករកឃើញយកមករក្សាទុកជាភស្តុតាង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមអ្នកដើរឆក់ត្រីដោយ​ប្រើឧប​ករណ៍ឆក់ក្តៅចំនួន ១៧២នាក់ ត្រូវបាន​កម្លាំងយោធាបង្ក្រាប ពេលពួកគេកំពុង​ដើរឆ​ក់ត្រី​ក្នុងតំបន់អភិរក្សដែលជាអតីតឡូតិ៍នេសាទ​លេខ២ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ពេលកំពុងបង្ក្រាបនោះ ដោយសារកម្លាំងយោធាមានគ្នាតិច ក្រុមអ្នកឆក់បាននាំគ្នាបុករត់គេចខ្លួន​ចំនួន​ពីរលើក ដោយលើកទី១ រត់អស់ ១២០នាក់ និងលើកទី២ រត់អស់ ១២នាក់ទៀត។ ដូច្នេះ​អ្នក​ឆក់ដែលនសល់មានតែ ៤០នាក់ប៉ុណ្ណោះ។ ប្រពភបានឱ្យដឹងថា បច្ចុប្បន្នក្រុមអ្នកឆក់នេះ ត្រូវបាន​សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

​ការប្រើឧបករណ៍ឆក់ត្រីធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានត្រី និងជីវៈចម្រុះដទៃទៀត។ ការឆក់ត្រី​ដោយប្រើឧបករណ៍ឆក់នេះ កាលពីខែឧសភា កន្លងទៅ ត្រូវបានយោធាបង្ក្រាបអ្នកឆក់ម្នាក់ដែរ។ ពេលនោះ មានអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងក្តីអាណិតអាសូរ ដោយផ្អែកលើស្ថាន​ភាព​ជីវភាព​របស់ពួកគេ ហើយក៏ត្រូវបានស្នើឱ្យតុលាការដោះលែងទៅវិញ។

សាធារណមតិមួយចំនួនបានលើកឡើងថា អំពើល្មើសច្បាប់មិនគួរលើកទឹកចិត្ត ក្រោមរូបភាព​អាណិត​អាសូរព្រោះស្ថានភាពជីវភាពនោះទេ។ បើអ្នកប្រព្រឹត្តបទល្មើសតែងទទួល​បានការ​អនុគ្រោះ អ្នកប្រព្រឹត្តល្មើសនឹងមិនខ្លាចរអានឹងច្បាប់នោះឡើយ។ មិនត្រឹមអ្នកប្រព្រឹត្ត​ល្មើស​មិនខ្លាចរអានោះទេ អាចវាយបំបាក់ទឹកចិត្តអ្នកអនុវត្តច្បាប់ថែមទៀតផង។

បន្ថែមពីលើនោះ អាចជំរុញទៅជាអំពើពុករលួយរវាងអ្នកអនុវត្ត និងអ្នកប្រព្រឹត្តថែមទៀត។ បើចាប់​ទៅហើយ សម្រែកក្តីអាណិត តែងឱ្យអ្នកប្រព្រឹត្តរួចខ្លួនដដែល ដូច្នេះពេលចាប់បានទទួល​សំណូក​ដោះលែងតែម្តងមិនជាការល្អទេឬ?

សូមប្រជាពលរដ្ឋកុំនេសាទល្មើសច្បាប់ ព្រោះវាបំផ្លាញធនធានត្រី។ រួមគ្នាបញ្ឈប់វប្បធម៌​អាណិត​អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយលើកទឹកចិត្តឱ្យពួកគេឈប់ប្រព្រឹត្តរឿងខុសច្បាប់៕