សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់អនុប្រធានទី៣ នៃសភាឥណ្ឌូនេស៉ី ជាការជំរុញពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា

18-06-2026 12:09

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងចាត់ទុកដំណើរទស្សនកិច្ចរបស់អនុប្រធានទី៣ នៃសភាឥណ្ឌូនេស៉ី ជាការជំរុញពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភានៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានថ្លែងថា ក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងក្ដីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Henock Puraso និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា។ ហើយសម្តេចក៏បានឆ្លៀតឱកាសអរគុណ ចំពោះការបដិសណ្ឋារកិច្ចចំពោះសម្តេចតេជោ និងប្រតិភូក្នុងដំណើរនៃទស្សនកិច្ចរបស់សម្តេចកាលពីឆ្នាំមុនទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

សម្ដេចបានលើកឡើងអំពី ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលជាទំនាក់ទំនងដ៏ល្អជាមួយគ្នា នាពេលកន្លងមកក៏ដូចជានាពេលបច្ចុប្បន្ន។ នៅក្នុងឱកាសនោះ លោក Henock Puraso សម្តែងការអរគុណជាអនេកចំពោះសម្ដេចតេជោ បានអនុញ្ញាតឲ្យលោក និងប្រតិភូបានជួបសម្តែងការគួរសមនៅក្នុងឱកាសនេះ ហើយលោកបានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលមានភាពរឹងមាំក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ។ លោក Henock Puraso បានហៅទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ថាជាបងប្អូននឹងគ្នា។

ប្រទេសទាំង២ សម្រាប់លោកអនុប្រធានទីបី នៅមានសក្ដានុពលក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នា ជាពិសេសតាមរយៈទស្សនកិច្ចរបស់លោកនេះក៏ជាផ្នែកមួយ នៃការរុញច្រាននៃទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មវិនិយោគ និងការអប់រំរវាងកម្ពុជា និងឥណ្ឌូនេស៊ីឲ្យកាន់តែល្អប្រសើរផងដែរ។

ទន្ទឹមនោះ លោក Henock Puraso បានបង្ហាញអំពីគោលដៅសំខាន់មួយដែរនៅក្នុងដំណើរទស្សនកិច្ចនេះ គឺក្នុងការពិភាក្សាទៅលើការគម្រោងនៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្ដួចផ្ដើមពីពេលកន្លងមករបស់សម្ដេចតេជោ និងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូនេស៊ី។

ក្នុងឱកាសនោះ សម្តេចតេជោ បានសម្ដែងនូវក្ដីអរគុណចំពោះការលើកឡើងដ៏ល្អរបស់លោក Henock Puraso ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្តេចតេជោបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ីគឺមានភាពល្អនិងរឹងមាំកន្លងមក ហើយនាពេលបច្ចុប្បន្នប្រទេសទាំងពីរកំពុងតែពូនជ្រុំនៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ីនេះឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។

សម្ដេចតេជោបានលើកឡើងផងដែរអំពី ទំនាក់ទំនងនៅក្នុងផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ច និងការវិនិយោគ ដែលសម្ដេចជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណា ជំរុញឲ្យទំនាក់ទំនងនេះកាន់តែមានភាពបើកចំហ និងអាចពង្រីកផ្លូវពាណិជ្ជកម្មកាន់តែមានភាពកើតឡើងថែមទៀត។

សម្ដេចបានសម្តែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។បន្ថែមពីលើនេះ ទាក់ទងទៅនឹងជើងហោះហើរប្រទេសទាំងពីរបានភ្ជាប់ជើងហោះហើរជាមួយគ្នា សម្តេចតេជោក៏ជំរុញឲ្យប្រទេសទាំងពីរជំរុញជើងហោះហើរជាមួយគ្នាឲ្យកើនឡើងកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹកជាងមុន។

ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានចែករំលែកនូវទស្សនៈ ទាក់ទងទៅនឹងគម្រោងនៃការបង្កើតនូវវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្ដួចផ្ដើមដូចដែលបានលើកឡើងដោយសម្តេចតេជោ និងប្រធានព្រឹទ្ធសភាឥណ្ឌូនេសុីនេះ ហើយសម្ដេចបានចែករំលែកអំពី ចំណុចស្នូលមួយចំនួនដែលវេទិកានេះគួរតែធ្វើនៅពេលខាងមុខ នឹងធ្វើការពិភាក្សាសិក្សាស្រាវជ្រាវបន្ថែមទៀត ថាតើលទ្ធភាពពីតួនាទីនៃវេទិកាប្រធានព្រឹទ្ធសភាអាស៊ាននេះ ត្រូវធ្វើនៅក្នុងក្របខណ្ឌណា។

ជាចុងក្រោយសម្តេចតេជោ បានជូនពរឲ្យគណៈប្រតិភូបានទទួលជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលនៃដំណើរទស្សនកិច្ចនេះប្រកបដោយផាសុកភាព៕