ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាពិភពលោក ប្រយុទ្ធប្រឆាំងនឹងការធា្លក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២៦
18-06-2026 12:47
(ស្ទឹងត្រែង)៖ លោកស្រីអនុរដ្ឋលេខាធិការ ចាន់ ផលលឿន តំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងការធា្លក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២៦ នៅសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជាកិច្ចចាប់ផ្តើម លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានទទួលស្វាគមន៍ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមទិវានេះ ដែលពិតជាមានមោទកភាព សម្រាប់ខេត្តស្ទឹងត្រែង។
ទន្ទឹមគ្នានេះ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណនូវការយកចិត្តទុកដាក់ជួយគាំទ្រ ដល់កិច្ចដំណើរការអនុវត្តការងារក្នុងវិស័យកសិកម្មខេត្ត ឲ្យទទួលបានលទ្ធផលជោគជ័យកន្លងមក។
ជាមួយគ្នានេះដែរ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ នូវការចូលរួមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលញ៉ាំងឲ្យពិធីនេះ កាន់តែមានភាពអធិកអធម និងបានរំលេចនូវការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងនោះគឺ៖ វិស័យកសិកម្ម ជាវិស័យអាទិភាព ដែលមានតួនាទីសំខាន់ឈានមុខ ក្នុងជីវភាពរស់នៅ។
រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ដែលជាសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងនោះ រដ្ឋបាលខេត្ត ក៏បានចូលរួមក្នុងការបង្កើនផល ការបង្រ្កាបបទល្មើសនានា ក៏ដូចជាការអភិរក្សធនធានធម្មជាតិ គុណភាពដី ប្រព័ន្ធអេកូឡូស៊ី ជាពិសេសការអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិជាតិដ៏ឧត្តម។
ស្ថិតក្រោមមូលបទ «ការឱ្យតម្លៃ ការទទួលស្គាល់ ដើម្បីស្តារគុណភាពដីឡើងវិញ» លោកស្រីអនុរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អប្រសើរ គ្រប់ដៃគូពាក់ព័ន្ធ ដែលបានគាំទ្រដល់ការរៀបចំប្រារព្ធទិវានេះឡើង ក្នុងបរិយាកាសមួយពោរពេញដោយអត្ថន័យ។
លោកស្រីអនុរដ្ឋលេខាធិការ ចាន់ ផលលឿន បានលើកឡើងពីស្ថានភាពនៃវិស័យកសិកម្មជាតិ កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់ក្រសួងជូនដល់អង្គពិធីផងដែរ។
លោកស្រី ចាន់ ផលលឿន ក៏បានផ្តល់សារគន្លឹះ ក្នុងការអនុវត្តកសិកម្មប្រកបដោយភាពទទួលខុសត្រូវ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំផ្លាញព្រៃឈើ គុណភាពដី ប្រព័ន្ធអេកូឡូស៊ីជាដើម។
ព្រមទាំងការកសាងសហគមន៍កសិកម្មទំនើប សំដៅទទួលបានផលចំណេញសេដ្ឋកិច្ច លើកកម្ពស់ជីវភាពកសិករ និងស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕
































