រដ្ឋមន្ត្រី ហួត ហាក់៖ ក្រុងសៀមរាប និងក្រុងយ៉ាងហ្គូន ដែលជាទីក្រុងបេតិកភណ្ឌ និងទេសចរណ៍ដ៏ចំណាស់ និងល្បីល្បាញនៅអាស៊ាន នឹងភ្ជាប់គ្នាជាទីក្រុងបងប្អូនគ្នា

18-06-2026 13:58

(មីយ៉ាន់ម៉ា)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយលោក Aung Naing Thu អភិបាលតំបន់យ៉ាងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងតំបន់យ៉ាងហ្គូន ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពពីអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

លោកអភិបាលតំបន់យ៉ាងហ្គូន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនាដែលកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង។

តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ៉ាងហ្គូន និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប។

ជាក់ស្តែង ភាគីទាំងពីរ បានឯកភាពជំរុញការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួម និងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នានា ដើម្បីបង្កើនការយល់ដឹងអំពីសក្តានុពលទេសចរណ៍របស់ភាគីទាំងពីរ ព្រមទាំងជំរុញអនុវត្តគម្រោង "ប្រទេសពីរ គោលដៅមួយ" ដែលតភ្ជាប់ប្រទេសកម្ពុជា និងទីក្រុងយ៉ាងហ្គូន។

បន្ថែមពីលើនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការជំរុញទេសចរណ៍ធម្មយាត្រាព្រះពុទ្ធសាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងគាំទ្រការផ្លាស់ប្តូរព្រឹត្តិការណ៍វប្បធម៌ ពិធីបុណ្យ និងផលិតផលទេសចរណ៍ ដែលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី ហួត ហាក់ បានស្នើឱ្យភាគីទីក្រុងយ៉ាងហ្គូន លើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ ប្រតិបត្តិករសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ និងអ្នកវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងយ៉ាងហ្គូន ស្វែងរកឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងគាំទ្រការរៀបចំវេទិកាវិនិយោគទេសចរណ៍ និងសកម្មភាពផ្គូផ្គងអាជីវកម្មរវាងវិស័យឯកជននៃភាគីទាំងពីរ។

គួរបញ្ជាក់ថា ទីក្រុងយ៉ាងហ្គូន គឺជាទីក្រុងធំបំផុត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់របស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលមានសក្តានុពលខ្ពស់លើវិស័យពាណិជ្ជកម្ម កំពង់ផែ ភស្តុភារ និងទេសចរណ៍ ជាពិសេសទេសចរណ៍វប្បធម៌ និងទេសចរណ៍សាសនា ដោយមានគោលដៅទេសចរណ៍ល្បីល្បាញដូចជា វត្ត Shwedagon និងសំណង់បេតិកភណ្ឌប្រវត្តិសាស្រ្តសម័យអាណានិគមជាច្រើន៕