ផ្លែទុរេនស្រស់របស់កម្ពុជាជិត ១ពាន់តោន ត្រូវបាននាំចូលទៅដល់ទីផ្សារចិន ដោយទទួលបានការវាយតម្លៃល្អពីគយចិន (Video inside)

18-06-2026 14:27

​(ភ្នំពេញ)៖​ គិតមកទល់ពេលនេះ ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណជិត ១ពាន់តោន បាននាំចេញទៅប្រទេសទីផ្សារចិនជាផ្លូវការហើយ ខណៈក្រុមហ៊ុននាំចេញកំពុងមមាញឹកប្រមូលទិញពីកសិករ ដើម្បីនាំចេញជាបន្តបន្ទាប់ទៀត។

លោក រឿន រតនា លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះថា ផ្លែទុរេនស្រស់របស់កម្ពុជាចំនួន ៥០ទូកុងតឺន័រ ដែលបរិមាណ ៩០០តោន ត្រូវបាននាំចេញទៅទីផ្សារចិន តាមរយៈក្រុមហ៊ុនចំនួន២​ តាមច្រកវៀតណាម និងឡាវ។

​លោកបានឱ្យដឹងថា ទុរេនដែលនាំចេញទៅចិន ប្រមូលទិញពីកសិករនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួន កំពុងតែប្រមូលទិញទុរេនពីកសិករ យកមកវេចខ្ចប់ ដើម្បីនាំចេញជាបន្តបន្ទាប់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។ តម្លៃដែលក្រុមហ៊ុនបានប្រមូលទិញពីកសិករប្រមាណ ១២០០០រៀល ឬប្រមាណ ៣ដុល្លារ ក្នុងមួយគីឡូក្រាម។

​លោក រឿន រតនា ​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទុរេនដែលបាននាំចេញទៅ គយចិនកំពុងពិនិត្យ តែអត់អីទេ គាត់ពេញចិត្ត​ ព្រោះកសិផលទុរេនរបស់យើង គឺមិនសូវជាការរិតបន្តឹងប៉ុន្មានទេ។ ប៉ុន្តែខ្ញុំក៏បានជម្រាបជូនទៅកាន់ក្រុមហ៊ុនដែរ ត្បិតតែគេមិនរិតបន្តឹង តែយើងក៏មិនត្រូវបន្ធូរដៃដែរ ដើម្បីកុំឱ្យប៉ះពាល់ទៅដល់មុខមាត់ប្រទេសយើង។ ហើយខាងសមាគម ក៏មានកម្មវិធីបង្ហាញទៅដល់កសិករ និងតាមដានរាល់សកម្មភាពដែលគាត់ប្រើប្រាស់ជី ប្រើប្រាស់ថ្នាំ ឱ្យស្របតាមស្តង់ដារ CAM-GAP របស់ក្រសួងកសិកម្ម។ យើងសង្ឃឹមថា ទុរេនយើងនឹងអាចនាំចេញបានច្រើន ដោយសារប្រទេសខាងនោះ គេបានរិតបន្តឹងហើយ»

​បើតាមមន្រ្តីក្រសួងកសិកម្មបច្ចុប្បន្ននេះ ផ្ទៃដីដាំទុរេននៅកម្ពុជា មានទំហំ ១៦ ១៩៣ ហិកតា ​ក្នុងនោះផ្ទៃដីដាំទុរេន ក្នុងខេត្តកំពង់ចាម មានចំនួន ១ ៨​៤៩ ​ហិកតា។

ចំណែក ចម្ការទុរេនដែលត្រូវបានចុះបញ្ជីទទួលស្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ដោយត្រង់ពីកម្ពុជា ទៅកាន់ទីផ្សារចិន ចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ទីតាំង​​ ប៉ុន្តែក្រុមហ៊ុនខ្លះមិនទាន់អាចបំពេញលក្ខខណ្ឌបាននៅឡើយ ទើបក្រុមហ៊ុនមិនទាន់ហ៊ាននាំចេញ​៕