សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ រាប់បាត្រព្រះសង្ឃ៩១អង្គ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់៩០យាងចូល៩១ព្រះវស្សា
18-06-2026 14:45
(ឧត្តរមានជ័យ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៩០យាងចូល៩១ព្រះវស្សា ក្រោមវត្តមានលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ។
ពិធីនេះបានប្រព្រឹត្តទៅនៅវត្តសីតវ័ន្តសិទ្ធីពង្រ ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សមាជិក សមាជិកា នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ និងស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះរាជសព្ទសាធុការ សិរីសួស្តី ជ័យមង្គលបវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក៏បានសម្តែងនូវមោទនភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចម៉ែ ក្នុងការបម្រើជាតិមាតុភូមិ និងលើកកម្ពស់ការងារមនុស្សធម៌ ដែលបានញ៉ាំងឱ្យកាកបាទក្រហមកម្ពុជាទទួលបានទំនុកចិត្ត និងការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ដើម្បីថ្វាយព្រះរាជកុសល និងសម្ដែងនូវកត្តញ្ញូកតវេទិតាធម៌ចំពោះព្រះអង្គ លោក មាន ចាន់យ៉ាដា រួមជាមួយមន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នាប្រារព្ធពិធីរាប់បាត្រ ប្រកបដោយសទ្ធាជ្រះថ្លា ថ្វាយព្រះសង្ឃចំនួន៩១អង្គ ស្មើនឹងព្រះជន្មវស្សាយាងចូល៩១របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ។
ជាងនេះទៅទៀត ដើម្បីដើរតាមគន្លងព្រះរាជសកម្មភាពមនុស្សធម៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចម៉ែ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ក៏បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ក្នុងជីវភាពចំនួន៣០គ្រួសារក្នុងសហគមន៍ ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់ពួកគាត់ឱ្យបន្តរស់នៅដោយក្តីសង្ឃឹម និងភាពកក់ក្តៅពីសង្គម៕































