កម្មវិធីពិសេសជំរុញការវិនិយោគ លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ចាប់ផ្តើមចេញជាផ្លែផ្កានៅខេត្តស្ទឹងត្រែង

18-06-2026 15:32

(ស្ទឹងត្រែង)៖ នេះពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត បន្ទាប់ពីមានកិច្ចសហការប្រត្តិបត្តិការទ្វេភាគីរវាងខេត្តស្ទឹងត្រែង កម្ពុជា និងខេត្តហ្សាឡាយ (វៀតណាម) ដែលថ្នាក់ដឹកនាំខេត្តទាំង២ បានខិតខំប្រឹងប្រែងជំនួបពិភាក្សា សម្រេចបានបន្ថែមទៀតនូវសហប្រតិបត្តិការលើការជំរុញការវិនិយោគ លើវិស័យសំខាន់ៗជាសក្តានុពល មានវិស័យ កសិកម្ម កសិ-ឧស្សាកម្ម ទេសចរណ៍ ឧស្សាហកម្ម ឡូជីស្ទីក និងការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

បន្ទាប់ពីរំលេចជាផ្លែផ្កា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំនៃខេត្តទាំង២ បានធ្វើសន្និសីទជំរុញការវិនិយោគ និងពិធីបើកវេទិកាជំរុញការវិនិយោគទ្វេភាគី ស្ទឹងត្រែង-ហ្សាឡាយ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកទឹកចិត្តដល់វិនិយោគិនបរទេស មកវិនិយោគនៅខេត្តស្ទឹងត្រែង ស្របតាម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ដោយរដ្ឋបាលខេត្តមានការសម្របសម្រួលគ្រប់មធ្យោបាយដល់ក្រុមហ៊ុន បង្កលក្ខណៈងាយស្រួល ដល់អាជីវករដើម្បីបង្កើនទំហំពាណិជ្ជកម្ម មានការកើនឡើងនៅខេត្តស្ទឹងត្រែង លើការវិនិយោគវិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។

ខណៈពេលរដ្ឋបាលខេត្តស្ទឹងត្រែង បានត្រៀមខ្លួនរួចជាស្រេច និងកំពុងបន្តដំណើរនៅលើផ្លូវដ៏ត្រឹមត្រូវ នៃការតម្រង់ទិសរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយ អំពីការជំរុញឲ្យវិស័យទាំង៣ ជាវិស័យឈានមុខ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាជននៅខេត្តស្ទឹងត្រែង កាន់តែធូរធារល្អប្រសើរ។

លោក ង្វៀន ទ័នថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ បានថ្លែងថា ភាគីទាំង២ មានទំនាក់ទំនងយ៉ាងស្អិតរមួតគ្រប់ជ្រុងជ្រោយ ហើយបានជំរុញនូវកិច្ចសហការយ៉ាងល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រមុខដឹកនាំជាន់ខ្ពស់ នៃបក្ស និងរដ្ឋនៃប្រទេសទាំង២។

លោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងប្រធានលេខាធិការដ្ឋាន ក.វ ឦសាន បានគូសរំលេចនូវចំនុចអាទិភាពមួយចំនួន ដើម្បីឲ្យភាគីទាំង២ បន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ជំរុញការផ្សព្វផ្សាយព័ត៌មានពីសក្តានុពលវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកាលានុវត្តភាពធុរកិច្ចខេត្តទាំង២ ឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញវិនិយោគគិន និងសហគ្រាសឲ្យកាន់តែច្រើន។

ផ្តោតការយកយកចិត្តទុកដាក់លើវិស័យអាទិភាព ដែលមានសក្តានុពលខ្ពស់ដូចជាកសិកម្មបែបទំនើប កសិ-ឧស្សាហកម្ម កែច្នៃផលិតផលកសិកម្ម ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ថាមពលកកើតឡើងវិញ ព្រមទាំងវិស័យពាណិជ្ជកម្ម និងសេវាកម្ម បង្កើនកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងជំរុញការបង្កើតវិស័យឯកជន បណ្តាញធុរកិច្ចខេត្តទាំង២ បង្កើនភាពជាដៃគូ និងពង្រីកឱកាសទីផ្សារថ្មីៗ៕