Fresh Exclusive: Super El Niño 2026៖ កម្ពុជាចាប់ផ្តើមឃើញសញ្ញាព្រមានជាក់ស្តែង (Video inside)

18-06-2026 15:40

(ភ្នំពេញ)៖ នៅពេលដែលរដ្ឋបាលការពារបរិស្ថានអាមេរិក NOAA កំពុងព្រមានពីលទ្ធភាពកើតមាន «Super El Niño», ការព្យាករណ៍ថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបង្ហាញថា El Niño នឹងបន្តពង្រឹងឥទ្ធិពលរបស់ខ្លួន និងឈានដល់កម្រិតអតិបរមានៅខែវិច្ឆិកា ឆ្នាំ២០២៦។ នេះមានន័យថា កម្ពុជា ក៏កំពុងស្ថិតនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសកលដូចគ្នា ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

Fresh Exclusive មានអត្ថបទស៊ី ជម្រៅមួយជុំវិញបញ្ហានេះ៖

កម្ពុជា បានចាប់ផ្តើមឃើញសញ្ញាព្រមានជាក់ស្តែងនៃបាតុភូត El Niño បន្ទាប់ពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានព្រមានថា El Niño ឆ្នាំ២០២៦ មានឱកាស ៦៣ ភាគរយ ក្នុងការវិវត្តទៅជាបាតុភូត El Niño កម្រិតខ្លាំងបំផុត ដែលគេស្គាល់ជាទូទៅថា «Super El Niño»។ ការព្រមាននេះ បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិភពលោកព្រួយបារម្ភពីរលកកម្តៅ ភាពរាំងស្ងួត ការប្រែប្រួលនៃរបបទឹកភ្លៀង និងផលប៉ះពាល់ដល់សន្តិសុខស្បៀង សន្តិសុខទឹក និងសេដ្ឋកិច្ចនៅតំបន់ជាច្រើនជុំវិញពិភពលោក។

ក្នុងបរិបទនេះ Fresh Exclusive ធ្លាប់បានចោទជាសំណួរមួយថា៖ «តើកម្ពុជាបានត្រៀមខ្លួនរួចហើយឬនៅ?»។ ថ្ងៃនេះ សំណួរនោះហាក់មិនមែនជាការស្មានទុកមុនទៀតឡើយ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវវស្សា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា បាតុភូត El Niño នឹងបន្តកើនឡើងដល់កម្រិត ១០០ ភាគរយ នៅក្នុងខែកក្កដា និងឈានដល់កម្រិតអតិបរមា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។

ការវាយតម្លៃនេះ គឺជាការបញ្ជាក់ជាផ្លូវការលើកដំបូងពីស្ថាប័នជាតិ ដែលបង្ហាញថា កម្ពុជាក៏កំពុងស្ថិតនៅក្នុងឥទ្ធិពលនៃបាតុភូត El Niño ដូចការព្រមានរបស់ NOAA ផងដែរ។ ទោះបីក្រសួងមិនបានប្រើពាក្យ «Super El Niño» ដោយផ្ទាល់ក៏ដោយ ប៉ុន្តែការព្យាករថា El Niño នឹងកើនដល់ ១០០ ភាគរយ និងឈានដល់កម្រិតអតិបរមានៅចុងឆ្នាំ២០២៦ គឺជាសញ្ញាមួយបង្ហាញថា កម្ពុជាកំពុងឈានចូលដំណាក់កាលដែលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះហានិភ័យអាកាសធាតុនៅប៉ុន្មានខែខាងមុខ។

*ពីការព្រមានអន្តរជាតិ មកកាន់សញ្ញាពិតក្នុងប្រទេស
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺសេចក្តីព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបាននិយាយ មិនត្រឹមតែអំពីការកើនឡើងនៃបាតុភូត El Niño ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញសញ្ញាជាក់ស្តែងមួយចំនួន ដែលជាទូទៅតែងតែកើតមាននៅក្នុងឆ្នាំដែលទទួលឥទ្ធិពលពី El Niño ខ្លាំង។

ក្រសួងបានព្យាករថា កូនរដូវប្រាំងនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែសីហា ហើយអាចអូសបន្លាយរហូតដល់ពីរសប្តាហ៍។ ទន្ទឹមនឹងនេះ សីតុណ្ហភាពអតិបរមាអាចឡើងដល់ ៣៧ អង្សាសេ ដែលខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងខ្ពស់ជាងឆ្នាំ២០២៥។

តាមទ្រឹស្តីអាកាសធាតុ El Niño ជាធម្មតាបង្កឱ្យសីតុណ្ហភាពកើនឡើង និងធ្វើឱ្យរបបទឹកភ្លៀងប្រែប្រួលនៅតំបន់អាស៊ីអាគ្នេយ៍។ ទោះបីមិនមែននៅទូទាំងប្រទេស សុទ្ធតែជួបភាពរាំងស្ងួតធ្ងន់ធ្ងរដូចគ្នាក៏ដោយ ប៉ុន្តែការលេចឡើងនៃកូនរដូវប្រាំងក្នុងពាក់កណ្តាលរដូវវស្សា និងសីតុណ្ហភាពខ្ពស់ជាងធម្មតា ត្រូវបានចាត់ទុកថា ជាសញ្ញាមួយ ដែលអ្នកជំនាញអាកាសធាតុតែងតែតាមដានយ៉ាងយកចិត្តទុកដាក់។

សម្រាប់ប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្មដូចជាកម្ពុជា ការកើតមានកូនរដូវប្រាំងនៅពាក់កណ្តាលរដូវវស្សា មិនមែនជារឿងតូចតាចនោះទេ។ វាអាចប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ ហើយអាចបង្កើនតម្រូវការទឹកសម្រាប់ការស្រោចស្រពនៅតំបន់ខ្លះ។ ប្រសិនបើស្ថានភាពនេះ បន្តអូសបន្លាយ ឬកាន់តែខ្លាំងនៅចុងឆ្នាំ ដូចការព្រមានរបស់រដ្ឋបាលការពារបរិស្ថានអាមេរិក NOAA មែននោះ សម្ពាធលើធនធានទឹក និងផលិតកម្មកសិកម្ម អាចនឹងកើនឡើងផងដែរ។

*ហេតុអ្វីបានជាក្រសួងស្នើឱ្យរក្សាទឹក?
ចំណុចមួយ ដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង គឺការអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ «រក្សាទឹកឱ្យបានច្រើន» នៅពាក់កណ្តាល និងចុងរដូវវស្សា ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខ។

ការណែនាំនេះ មិនមែនជាការព្រមានថា កម្ពុជានឹងប្រឈមការខ្វះទឹកជាក់ជាមិនខាននោះទេ ប៉ុន្តែវាបង្ហាញថា អាជ្ញាធរកំពុងយកចិត្តទុកដាក់ចំពោះហានិភ័យដែលអាចកើតមាន ប្រសិនបើស្ថានភាពអាកាសធាតុវិវត្ត ទៅតាមទិសដៅដែលបានព្យាករណ៍។

ជាក់ស្តែង ក្រសួងបានព្យាករថា កូនរដូវប្រាំងអាចកើតឡើងនៅខែសីហា ខណៈរដូវវស្សាអាចបញ្ចប់នៅសប្តាហ៍ទី២ នៃខែតុលា ដែលលឿនជាងធម្មតា និងលឿនជាងឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ El Niño ក៏ត្រូវបានព្យាករថា នឹងបន្តកើនឡើងរហូតដល់កម្រិតអតិបរមានៅខែវិច្ឆិកា។
ការប្រមូល និងរក្សាទុកទឹកឱ្យបានច្រើនក្នុងអំឡុងពេលដែលនៅមានភ្លៀងធ្លាក់ គឺជាវិធានការបង្ការមួយដែលអាចជួយកាត់បន្ថយហានិភ័យ ប្រសិនបើបរិមាណទឹកភ្លៀងថយចុះ ឬសីតុណ្ហភាពកើនឡើងនៅរដូវប្រាំងខាងមុខ។ ហេតុនេះហើយ ទើបការអំពាវនាវរបស់ក្រសួង អាចត្រូវបានមើលឃើញថា ជាសញ្ញាប្រុងប្រយ័ត្នជាមុន មិនមែនជាការជូនដំណឹងអំពីវិបត្តិទឹកដែលបានកើតឡើងរួចហើយនោះទេ។

*ភ្លៀងនៅមាន ប៉ុន្តែមិនមែនមានន័យថា គ្មានហានិភ័យ
មនុស្សមួយចំនួនអាចយល់ថា ការព្យាករណ៍របស់ក្រសួងហាក់មិនគួរឱ្យព្រួយបារម្ភទេ ព្រោះបរិមាណទឹកភ្លៀងសរុបនៅតែប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ ប៉ុន្តែ នៅក្នុងវិទ្យាសាស្ត្រអាកាសធាតុ បញ្ហាមិនស្ថិតនៅលើបរិមាណភ្លៀងសរុបតែមួយមុខទេ។ អ្វីដែលសំខាន់ គឺរបៀបដែលភ្លៀងធ្លាក់។

នៅក្នុងឆ្នាំដែលមានឥទ្ធិពល El Niño ខ្លាំង ភ្លៀងអាចធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី ប៉ុន្តែមានចន្លោះពេលស្ងួតយូរជាងធម្មតា។ នេះមានន័យថា តំបន់ខ្លះអាចជួបគ្រោះទឹកជំនន់ភ្លាមៗ ខណៈតំបន់ផ្សេងទៀតអាចប្រឈមនឹងការខ្វះទឹកក្នុងពេលតែមួយ។ ហេតុនេះហើយ ទើបបរិមាណភ្លៀងសរុបធម្មតា មិនមានន័យថា ហានិភ័យអាកាសធាតុបានបាត់បង់ទៅនោះទេ។

*សេចក្តីសន្និដ្ឋាន៖ សំណួរដែលកម្ពុជាត្រូវឆ្លើយ
ការព្យាករណ៍ថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម មិនទាន់បញ្ជាក់ថា កម្ពុជា នឹងប្រឈមគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ឬគ្រោះមហន្តរាយអាកាសធាតុធំៗនោះទេ។ ផ្ទុយទៅវិញ ការព្យាករណ៍នេះបង្ហាញថា បរិមាណទឹកភ្លៀងសរុបនៅតែអាចស្ថិតនៅប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។

ប៉ុន្តែអ្វីដែលការព្យាករណ៍នេះ បានបញ្ជាក់យ៉ាងច្បាស់ គឺបាតុភូត El Niño កំពុងបន្តកើនឡើង ហើយសញ្ញាមួយចំនួនដែលជាប់ទាក់ទងនឹង El Niño ដូចជា សីតុណ្ហភាពខ្ពស់ជាងធម្មតា ការលេចឡើងនៃកូនរដូវប្រាំងនៅពាក់កណ្តាលរដូវវស្សា និងការអំពាវនាវឱ្យរក្សាទឹកសម្រាប់រដូវប្រាំងខាងមុខ បានចាប់ផ្តើមបង្ហាញខ្លួន នៅក្នុងការព្យាករណ៍របស់ក្រសួង ដែលជាស្ថាប័នជំនាញ និងជាសេនាធិការឧតុនិយមដ៏សំខាន់របស់ជាតិ។

ដូច្នេះ សំណួរសំខាន់នៅពេលនេះ មិនមែនថា តើ El Niño នឹងមានឥទ្ធិពលលើកម្ពុជាប៉ុណ្ណា នោះទៀតឡើយ ពីព្រោះឥទ្ធិពលមួយចំនួន ហាក់ដូចជាបានចាប់ផ្តើមបង្ហាញរូបរាងរួចទៅហើយ។

សំណួរពិតប្រាកដ គឺថា បើ El Niño ឆ្នាំ២០២៦ ពិតជាវិវត្តទៅជា «Super El Niño» នៅចុងឆ្នាំនេះ នៅដើមឆ្នាំ២០២៧ ដូចការព្រមានរបស់រដ្ឋបាលការពារបរិស្ថានអាមេរិក NOAA តើកម្ពុជា បានត្រៀមខ្លួនគ្រប់គ្រាន់ហើយឬនៅ សម្រាប់ការគ្រប់គ្រងធនធានទឹក ការធានាផលិតកម្មកសិកម្ម ការផ្គត់ផ្គង់ថាមពល និងសន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋ?

នៅក្នុងការគ្រប់គ្រងគ្រោះធម្មជាតិ សញ្ញាព្រមានមិនមានតម្លៃ ដោយសារតែវាទស្សន៍ទាយអំពីអនាគតនោះទេ ប៉ុន្តែដោយសារតែវាផ្តល់ឱកាសឱ្យរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ រៀបចំខ្លួនជាមុន មុនពេលហានិភ័យក្លាយជាការពិត។

ហើយនោះ ប្រហែលជាសារដ៏សំខាន់បំផុត ដែលការព្យាករណ៍ថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងផ្ញើទៅកាន់ពលរដ្ឋកម្ពុជានៅពេលនេះគឺ៖ ការត្រៀមខ្លួនជាមុន តែងតែមានតម្លៃទាប ជាងការដោះស្រាយវិបត្តិ នៅពេលដែលវាបានកើតឡើងរួចទៅហើយ៕