ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល

18-06-2026 15:54

(ភ្នំពេញ)៖ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង លោកស្រី Cristina Novio Garcia អ្នកគ្រប់គ្រងកម្មវិធីនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពី “សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល” នៅសណ្ឋាគារ សាន់វ៉េ ភ្នំពេញ ក្រោមគម្រោង EU-German GATE ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សា​បច្ចេកទេសជាតិ និងអន្តរជាតិ មន្ត្រីជំនាញផ្នែកច្បាប់របស់ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងអ្នកតំណាងគម្រោង EU-German GATE សរុបចំនួន ២០ រូប។

កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីនៃក្រុមការងាររៀបចំច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលឱ្យបានយល់ដឹងអំពីខ្លឹមសារនៃសេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដែលទីប្រឹក្សាបច្ចេកទេសបានរៀបចំ ហើយយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាល មកសរសេរគោលការណ៍ណែនាំរួម ស្តីពីកិច្ចការពារទិន្នន័យបុគ្គលឱ្យស្របតាមបរិបទកម្ពុជា និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល៕