លោក អ៊ូ សៅឌី ជំរុញពង្រឹងកត្តាសាមគ្គីភាពផ្ទៃក្នុងគណបក្ស ក្នុងឱកាសចុះផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ

18-06-2026 16:02

(ព្រះវិហារ)៖ លោក អ៊ូ សៅឌី អនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកឆែប និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំឆែបពីរ ដោយផ្តោតលើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ។

នៅក្នុងឱកាសនោះ លោក អ៊ូ សៅឌី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត ព្រមទាំងលោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារ គណបក្សខេត្តចុះមូលដ្ឋានស្រុកឆែប ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់នៅក្នុងឃុំឆែបពីរ។

លោក អ៊ូ សៅឌី បានថ្លែងបញ្ជាក់ថា ការចុះផ្សព្វផ្សាយនាពេលនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីផែនការរួមរបស់គណបក្ស ព្រមទាំងពង្រឹងការត្រៀមលក្ខណៈរបស់មន្ត្រី និងសមាជិកគណបក្សនៅមូលដ្ឋាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

លោក អ៊ូ សៅឌី បានលើកឡើងពីការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនភាពស្និទ្ធស្នាល និងក្តាប់ឱ្យបានជាប់នូវផែនការយុទ្ធសាស្ត្ររួមរបស់គណបក្ស។លោកថា កម្លាំងសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មពីសមាជិកគ្រប់រូប គឺជាកត្តាស្នូលដ៏សំខាន់ក្នុងការធានាបាននូវជោគជ័យ និងបន្តបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព»។

លោកក៏បានថ្លែងអំណរគុណផងដែរ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ដែលបានបន្តរក្សាស្មារតីរួបរួម សាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាសមិទ្ធផលនានា និងរួមគ្នាជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

លោក អ៊ូ សៅឌី បានគូសបញ្ជាក់ថា ជ័យជម្នះរបស់គណបក្ស មិនអាចកើតមានឡើងដោយការខិតខំរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែកើតចេញពីស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការចូលរួមប្រកបដោយការទទួលខុសត្រូវ ពីសមាជិកគ្រប់រូប។ ដូច្នេះ ថ្នាក់ដឹកនាំ និងសមាជិកគណបក្សទាំងអស់ ត្រូវបន្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវគោលដៅរួម និងទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕