ប្រែមុខមាត់ថ្មីពីទីធ្លាប់ងងឹតពេលរាត្រីទៅជាភ្លឺចិញ្ចែងចិញ្ចាច៖ លោកអ្នកឧកញ៉ា ទ្រី ភាព បំពាក់អំពូលសឡាបំភ្លឺដងផ្លូវក្នុងឃុំក្រយា (Video inside)
18-06-2026 17:10
(កំពង់ធំ)៖ ឃុំក្រយា ជាឃុំមួយក្នុងចំណោមឃុំទាំង៧ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករប្រកបរបរស្រែចម្ការ និងអាជីវកម្មផ្សេងៗទៀត។ ក្នុងឃុំនេះ មានផ្លូវអភិវឌ្ឍន៍ជនបទមួយខ្សែដែលតភ្ជាប់ពីទីប្រជុំជនស្រុកប្រាសាទបាល្ល័ង្ក ឆ្ពោះទៅខាងស្រុកស្ទោងនៃខេត្តកំពង់ធំ។ ផ្លូវមួយខ្សែនេះ ជាបណ្តាញតភ្ជាប់យ៉ាងសំខាន់រវាងប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង ក៏ដូចជាបណ្តាឃុំនានាក្នុងស្រុកប្រាសាទបល្ល័ង្ក។
ការតភ្ជាប់នៃផ្លូវមួយខ្សែនេះ ប្រៀបដូចសសៃឈាមដ៏សំខាន់របស់ប្រជាពលរដ្ឋ ហើយក៏ជាហេតុនាំឱ្យមានចរាចរណ៍ដ៏មមាញឹកដែរ។ ការធ្វើដំណើរពេលថ្ងៃមិនជាចំណោទនោះទេ ប៉ុន្តែការធ្វើដំណើរពេលរាត្រីវិញ ភាពងងឹតក្នុងស្បៃអន្ធការបានបង្កការលំបាក និងប្រឈមបញ្ហាជាច្រើនលើដងវិថី។
ដោយមើលឃើញការប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន គឺលោកអ្នកឧកញ៉ា ទ្រី ភាព ប្រធានគណៈពង្រឹងការងារក្នុងស្រុកប្រាសាទបល្ល័ង្ក បានចូលខ្លួនបញ្ចប់ការប្រឈម ដោយផ្តល់អំពូលភ្លើងសឡាចំនួន ២៥០ដើម ដំឡើងនៅសងខាងផ្លូវក្នុងភូមិសាស្ត្រទីប្រជុំជនឃុំក្រយា ដែលជាកន្លែងមានពលរដ្ឋរស់នៅច្រើន និងមានចរាចរណ៍មមាញឹក។
ភ្លើងភ្លឺចិញ្ចែងចិញ្ចាចពេលរាត្រីប្រហែលមិនមែនជារឿងប្លែកនោះទេ សម្រាប់អ្នករាជធានី និងទីប្រជុំជនខេត្ត ក្រុង។ ប៉ុន្តែសម្រាប់ទីជនបទដាច់ស្រយាលដែលភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈមិនទាន់មានទូលំទូលាយនោះ គឺពិតជារឿងចម្លែកសម្រាប់ប្រជាពលរដ្ឋ។ ទីដែលធ្លាប់តែងងឹតសូន្យសុងក្នុងពេលរាត្រី ស្រាប់តែប្រែមកភ្លឺចិញ្ចែងចិញ្ចាចនោះ អ្នកឃុំក្រយាពិតជាប្លែកអារម្មណ៍ណាស់ ហើយពន្លឺភ្លើងនេះក៏បាននាំមកនូវពន្លឺក្តីរីករាយដល់ពលរដ្ឋក្នុងឃុំក្រយា។
លើសពីអារម្មណ៍រីករាយ ការដាក់ភ្លើងបំភ្លឺផ្លូវពេលរាត្រីតាមដងវិថីលើដីជនបទ គឺបានជួយឱ្យការដំណើរទៅសាលារបស់សិស្សានុសិស្ស ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋបានកាន់តែងាយស្រួល កាត់បន្ថយអារម្មណ៍ភ័យខ្លាចដែលធ្លាប់កើតមានកាលពីពេលងងឹតមិនទាន់មានភ្លើង ជាពិសេស គឺការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជាមួយនឹងការទទួលបានភ្លើងបំភ្លឺផ្លូវជាលើកដំបូងក្នុងភូមិឋានខ្លួនរស់នៅកើតចេញពីទឹកចិត្តគិតគូររបស់លោកអ្នកឧកញ៉ា ទ្រី ភាព នោះ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំក្រយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកឧកញ៉ា។ ពួកគេក៏រំពឹងថា លោកអ្នកឧកញ៉ា ទ្រី ភាព នឹងបន្តដំឡើងអំពូលសឡានៅតាមដងវិថីក្នុងឃុំនានានៅស្រុកប្រាសាទបល្ល័ង្ក ហើយចូលរួមចំណែកកសាងសមិទ្ធផលដទៃទៀត ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋទីជនបទឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់តាំងឱ្យធ្វើជាប្រធានគណៈពង្រឹងការងារនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លោកអ្នកឧកញ៉ា ទ្រី ភាព បានយកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋ។ រយៈពេលជាងមួយឆ្នាំកន្លងមកនេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងក្រុមការងារតែងចុះមកកាន់ស្រុកប្រាសាទបល្ល័ង្កជាញឹកញាប់ ហើយបានកសាងសមិទ្ធផលមួយចំនួនរួចហើយបំពេញតាមបំណងរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលដែលសម្រេចនោះមានដូចជាការសាងសង់ប៉ុស្តិ៍នគរបាល ការជួសជុលស្ពានឈើទ្រុឌទ្រោម ការសាងសង់ផ្លូវក្រួសក្រហមជាដើម។ ក្នុងនោះផ្លូវក្រួសក្រហមមួយខ្សែបានសាងសង់រួចរាល់ និងមួយខ្សែទៀតកំពុងសាងសង់ ខណៈស្ពានបេឡេឆ្លងស្ទឹងស្ទោងនៅភូមិគេន្ទាកនឹងចាប់ផ្តើមការដ្ឋានឆាប់ៗខាងមុខនេះ។
បន្ថែមពីលើនោះ លោកអ្នកឧកញ៉ា ក៏បានដាក់ចេញកម្មវិធីឧតប្ថម្ភពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក ដែលមានសមាជិកទទួលមរណភាពនូវថវិកា ២០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ហើយសម្រាប់អ្នករៀបអាពាហ៍ពិពាហ៍ក្នុងមួយគូចងដៃ១០០ដុល្លារ។ តាមរយៈកម្មវិធី បានផ្សារភ្ជាប់មនោសញ្ចេតនាការស្រឡាញ់រាប់អានរវាងលោកអ្នកឧកញ៉ា និងប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្កប្រៀបបីដូចជាគ្រួសារ៕















































