គណៈគ្រប់គ្រង បុគ្គលិក យុវជននៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចុះទស្សនកិច្ចសិក្សានៅតាមតំបន់រមណីដ្ឋានក្នុងខេត្តកែប និងកំពត
18-06-2026 19:00
(កំពត)៖ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ និងគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការជំរុញចលនាទេសចរណ៍នារដូវកាលបៃតង របស់ក្រសួងទេសចរណ៍ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ របស់គណៈគ្រប់គ្រង បុគ្គលិក យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជានៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទៅកាន់ខេត្តកែប និងខេត្តកំពត។
ដំណើរទស្សនកិច្ចនេះដឹកនាំដោយលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោកបណ្ឌិត សួស សោភា សាកលវិទ្យាធិការរង និងមានព្រឹទ្ធបុរសជាច្រេីនទៀត គោលបំណងក្រៅពីគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការពង្រឹងសាមគ្គីភាព អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ លើកទឹកចិត្តបុគ្គលិក និងជំរុញឱ្យសាកលវិទ្យាល័យមានការអភិវឌ្ឍន៍កាន់តែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមតាំងពីព្រឹកព្រលឹមដោយមានការជូនដំណេីរពីលោក កាទើ មហាំម៉ាត់ណោសស្រុី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (ក.ទ.ប.) តំណាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អមដោយលោក មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ក.ទ.ប.។ គណៈគ្រប់គ្រង និស្សិត និងយុវជនទាំងអស់ បានធ្វើដំណើរចេញពីសាកលវិទ្យាល័យជាមួយនឹងទឹកមុខញញឹម និងក្តីរំភើបរីករាយ។ ក្នុងអំឡុងពេលធ្វើដំណើរក៏បានចូលរួមសកម្មភាពកម្សាន្តផ្សេងៗ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ដែលបានធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។
នៅក្នុងដំណើរទស្សនកិច្ចនេះនៅពេលទៅដល់ភ្នំកំពង់ត្រាច គណៈគ្រប់គ្រង បុគ្គលិក យុវជនទាំងអស់ បានស្វែងយល់អំពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃភ្នំកំពង់ត្រាច ដែលមានទេសភាពប្លែកពីគេ ដោយមានភ្នំថ្មធម្មជាតិ រូងភ្នំ និងបរិយាកាសត្រជាក់ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនជារៀងរាល់ឆ្នាំ។ ក្រៅពីការទស្សនាទេសភាព និស្សិតក៏បានសិក្សាពីសារៈសំខាន់នៃធនធានធម្មជាតិ ការអភិរក្សបរិស្ថាន និងតួនាទីរបស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
បន្ទាប់មកគណៈគ្រប់គ្រង បុគ្គលិក យុវជននៃសាកលវិទ្យាអាស៊ី អឺរ៉ុប ក៏បានបន្តដំណើរទៅកម្សាន្តនៅខេត្តកែប ដេីម្បីទស្សនាតំបន់ឆ្នេរ និងបន្តទៅរមណីដ្ឋានទឹកឈូ និងទស្សនាសេះសមុទ្រ រង្វង់មូលទុរេននៅខេត្តកំពត ដែលជាខេត្តមួយមានភាពល្បីល្បាញខាងទេសភាពធម្មជាតិ វប្បធម៌ និងផលិតផលកសិកម្ម ជាពិសេសម្រេចកំពត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។ នៅទីនោះក៏បានទស្សនាតំបន់ទេសចរណ៍ និងកន្លែងសំខាន់ៗជាច្រើន ព្រមទាំងបានស្វែងយល់ពីជីវភាពរស់នៅប្រពៃណី និងវប្បធម៌របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
សូមបញ្ជាក់ដែរថា កម្មវិធីនេះមិនត្រឹមតែផ្តល់ឱកាសបានសម្រាកលំហែកាយប៉ុណ្ណោះទេ ប៉ុន្តែគណៈគ្រប់គ្រង បុគ្គលិក យុវជននៃសាកលវិទ្យាអាស៊ី អឺរ៉ុប ថែមទាំងជួយបង្កើនចំណេះដឹងទូទៅ ការសង្កេត ការសិក្សាពីស្ថានភាពជាក់ស្តែង និងការអភិវឌ្ឍជំនាញទំនាក់ទំនងផងដែរ។ តាមរយៈការធ្វើការជាក្រុម និងការចូលរួមសកម្មភាពរួមគ្នា បានរៀនពីការទទួលខុសត្រូវ ការគោរពវិន័យ និងការជួយគ្នាទៅវិញទៅមក ដែលជាគុណតម្លៃសំខាន់សម្រាប់ការសិក្សា និងអាជីពនាពេលអនាគត។ ជាពិសេសដំណើរកម្សាន្តនេះក៏បានបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើនស, រូបភាពនៃការសើចសប្បាយ ការចែករំលែកបទពិសោធន៍ និងការស្គាល់គ្នាកាន់តែច្បាស់ បានក្លាយជាចំណងមិត្តភាពដ៏រឹងមាំមួយ ដែលនឹងនៅជាប់ក្នុងអារម្មណ៍ជាយូរអង្វែងផងដែរ៕




































