សន្តិបណ្ឌិត ឡូយ សុផាត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៧ឃុំ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង

19-06-2026 07:40

(ស្ទឹងត្រែង)៖ លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីឃុំទាំង៧ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមប្រមាណជាង ៣៥០នាក់ ក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ។

ក្នុងឱកាសនោះលោកសន្តិបណ្ឌិត បានធ្វើការសាកសួរយ៉ាងលម្អិតអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈមនានា ក៏ដូចជាតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន ដោយផ្តោតសំខាន់លើវិស័យកសិកម្ម ការប្រើប្រាស់ធនធានទឹក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងបញ្ហាសង្គមផ្សេងៗដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងក្នុងការរកស៊ីចិញ្ចឹមជីវិត ថែរក្សាសុខភាព និងអនុវត្តអនាម័យឱ្យបានល្អ ព្រមទាំងរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះផងដែរ លោកសន្តិបណ្ឌិត ឡូយ សុផាត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយផ្អែកលើការសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ។

ឆ្លៀតឱកាសនោះ លោកសន្តិបណ្ឌិត ឡូយ សុផាត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោក វង សូត អនុប្រធានទី២ រដ្ឋសភា ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងអស់ ដោយបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិចំពោះសុខុមាលភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ការចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នាពេលនេះ គឺជាសកម្មភាពសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលអាចឱ្យមានការស្តាប់យោបល់ កង្វល់ និងសំណើរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីយកទៅពិចារណា និងដោះស្រាយឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនេះ វាក៏ជាការចូលរួមលើកកម្ពស់ប្រជាធិបតេយ្យនៅមូលដ្ឋាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងផងដែរ៕