ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិក FASMEC ទស្សនកិច្ចសិក្សានៅ «គិរីសួគ៌ ហ្វាម» ដើម្បីពង្រឹងសមត្ថភាព និងជំរុញការអភិវឌ្ឍ SMEs កម្ពុជា

19-06-2026 10:30

(តាកែវ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ និងសមាជិក សមាជិកា FASMEC អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោ និងរោងចក្រផលិតទឹកដោះគោ «គិរីសួគ៌ ហ្វាម» (Kirisu Farm) ដែលជាកសិដ្ឋានគំរូដ៏ធំ និងទំនើបមួយនៅកម្ពុជា ក្នុងគោលបំណងពង្រឹងចំណេះដឹង បទពិសោធន៍ និងបង្កើតឱកាសតភ្ជាប់អាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យម្ចាស់សហគ្រាស និងសមាជិក FASMEC បានសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាចិញ្ចឹមគោទឹកដោះតាមស្តង់ដារទំនើប ដំណើរការកែច្នៃ និងវេចខ្ចប់ទឹកដោះគោប្រកបដោយអនាម័យ និងសុវត្ថិភាពចំណីអាហារ ព្រមទាំងទទួលបានបទពិសោធន៍ជាក់ស្តែងលើការគ្រប់គ្រងអាជីវកម្មកសិ-ឧស្សាហកម្មខ្នាតធំ ដើម្បីយកទៅអនុវត្ត និងអភិវឌ្ឍក្នុងអាជីវកម្មរបស់ខ្លួន។

ក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ការចុះទស្សនកិច្ចដោយផ្ទាល់នៅ «គិរីសួគ៌ ហ្វាម» គឺជាឱកាសដ៏មានតម្លៃសម្រាប់សហគ្រិនកម្ពុជា ក្នុងការសិក្សាពីគំរូអាជីវកម្មជោគជ័យ ដែលអាចផលិតផលិតផលប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ។

លោបានបញ្ជាក់ថា៖ «ការចុះមកពិនិត្យផ្ទាល់នៅកសិដ្ឋាន គិរីសួគ៌ ហ្វាម នាថ្ងៃនេះ គឺដើម្បីបង្ហាញឱ្យសហគ្រិនរបស់យើងបានឃើញពីភាពជោគជ័យនៃសហគ្រាសក្នុងស្រុក ដែលមានសមត្ថភាពផលិតផលិតផលស្តង់ដារអន្តរជាតិ។ យើងចង់ជំរុញឱ្យមានការតភ្ជាប់បណ្តាញអាជីវកម្ម និងការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ SMEs កម្ពុជាឱ្យកាន់តែរឹងមាំ និងអាចប្រកួតប្រជែងបាន»

ជាមួយគ្នានេះ តំណាងថ្នាក់ដឹកនាំកសិដ្ឋាន «គិរីសួគ៌ ហ្វាម» បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ FASMEC និងបានធ្វើបទបង្ហាញអំពីប្រវត្តិក្រុមហ៊ុន ការប្រើប្រាស់បច្ចេកវិទ្យាអ៊ីស្រាអែលក្នុងការចិញ្ចឹមគោទឹកដោះ និងចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្គត់ផ្គង់ទឹកដោះគោស្រស់ធម្មជាតិ ១០០% ជូនប្រជាពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ថា «គិរីសួគ៌ ហ្វាម» មានទីតាំងស្ថិតនៅតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ និងត្រូវបានចាត់ទុកជាគម្រោងវិនិយោគដ៏សំខាន់មួយក្នុងវិស័យកសិ-ឧស្សាហកម្មកម្ពុជា ដែលបាននាំយកបច្ចេកវិទ្យាទំនើបចុងក្រោយមកប្រើប្រាស់ក្នុងការចិញ្ចឹម និងកែច្នៃទឹកដោះគោ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូល លើកកម្ពស់ផលិតកម្មក្នុងស្រុក និងជំរុញការប្រើប្រាស់ផលិតផលខ្មែរដែលមានគុណភាពខ្ពស់៕⁩