ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៉ី, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសជំហរបន្ដពង្រឹងមិត្តចាស់ និងពង្រីកមិត្តថ្មី នៅលើពិភពលោក (Video inside)
19-06-2026 11:49
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជំហរដ៏ច្បាស់លាស់ ក្នុងពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី នៅលើពិភពលោកបន្ដទៅថ្ងៃមុខទៀត។
នេះជាការគូសបញ្ជាក់អំពីខ្លឹមសារជំនួសសំខាន់ៗ ដោយលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស ក្រោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ, តាមរយៈសារនយោបាយដ៏ច្បាស់លាស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រធានាធិបតីរុស្ស៉ី គឺបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ប្រកបដោយតុល្យភាពរបស់កម្ពុជា នៅក្នុងបរិបទមួយដែលមិនជាក់លាក់ ស្មុគស្មាញ និងមិនថិតថេរ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងយ៉ាងដូច្នេះថា «សារនយោបាយដ៏ច្បាស់លាស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនោះគឺ កម្ពុជានៅតែបន្ដពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីនៅលើពិភពលោកបន្ដទៅថ្ងៃមុខទៀត។ នេះគឺជាទិសដៅនៃគោលនយោបាយការបរទេសឯករាជ្យ ប្រកបដោយតុល្យភាពរបស់កម្ពុជាយើង នៅក្នុងបរិបថមួយដែលមិនជាក់លាក់ ស្មុគស្មាញ និងមិនថិតថេរទាល់តែសោះ»។
ក្រៅពីបញ្ជាក់សារនយោបាយរបស់កម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ពូ ទីន សម្តែងការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-រុស្ស៉ី។ ក្នុងនោះសម្តេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានស្នើរុស្សី បង្កើតពាណិជ្ជកម្មសេរី រវាងកម្ពុជា និងអឺរ៉ាស៊ីផងដែរ។
សម្តេចបានលើកឡើងថា ឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររួម គឺខួបលើកទី៧០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ ប្រាំពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៉ី។ សម្តេចលើកឡើងថា កម្ពុជាតែងតែចងចាំដោយការដឹងគុណយ៉ាងជ្រាលជ្រៅ និងជំនួយ និងការគាំទ្រដ៏មានតម្លៃរបស់អតីតសហភាពសូវៀតដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកបំផុតរបស់យើងនៅក្នុងប្រវត្តិសាស្ត្ររបស់យើង បន្ទាប់ពីការដួលរលំភ្លាមៗនៃរបបប៉ុលពតក្នុងឆ្នាំ ១៩៧៩។
សម្តេចក៏បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់ជាបន្តបន្ទាប់របស់រុស្ស៊ីចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ទោះបីជាមានការផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយក៏ដោយ ជំហររបស់កម្ពុជាលើទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៉ីនៅតែមិនផ្លាស់ប្តូរ។ ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ ការគាំទ្រគ្នាទៅវិញទៅមក ការគោរព និងផលប្រយោជន៍រួម រុស្ស៊ីនៅតែជាដៃគូយូរអង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា។
សម្តេចបានបញ្ជាក់ថា កម្ពុជាឱ្យតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ជាបន្តបន្ទាប់របស់រុស្ស៉ីនៅក្នុងកិច្ចការតំបន់ និងសកលលោក រួមទាំងការជំរុញតួនាទីរបស់អង្គការសហប្រជាជាតិ ការបង្កើនសំឡេងនៃភាគខាងត្បូងសកល និងការលើកកម្ពស់ការតភ្ជាប់ RU-ASEAN ផងដែរ៕










