លោក សូ ណារ៉ូ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ដឹកនាំអនាគតទិសដៅនៃកិច្ចសន្ទនាជាយុទ្ធសាស្រ្ត អាស៊ាន-រុស្ស៉ី (Video inside)

19-06-2026 11:56

(ភ្នំពេញ)៖ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានថ្លែងបញ្ជាក់ថា នាឱកាសចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៉ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ដឹកនាំអនាគតទិសដៅនៃកិច្ចសន្ទនាជាយុទ្ធសាស្រ្ត អាស៊ាន-រុស្ស៉ី ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីបង្ហាញពីលទ្ធផលនៃដំណើររបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួអនុស្សាវរីយ៍ អាស៊ាន- រុស្សី នៅប្រទេសរុស្ស៉ី លោកបណ្ឌិត សូ ណារ៉ូ បានថ្លែងបញ្ជាក់ថា នៅក្នុងកិច្ច​ប្រជុំកំពូលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ពីអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ដឹកនាំអនាគតទិសដៅនៃកិច្ចសន្ទនាជាយុទ្ធសាស្រ្តអាស៊ាន-រុស្ស៉ី ដែលមានដូចជា៖

* ទី១៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ តាមរយៈការចូលរួមកម្រិតខ្ពស់កិច្ចសន្ទនាដ៏ទូលំទូលាយ និងសកម្មភាពសហប្រតិបត្តិការដើម្បីរក្សាអាស៊ីអាគ្នេយ៍ ជាតំបន់សន្តិភាព និងស្ថេរភាព

* ទី២៖ ទាញយកសក្តានុពលពេញលេញនៃភាពជាដៃគូរសេដ្ឋកិច្ច និងការរីកចម្រើននៃកម្មវិធីសហប្រតិបត្តិការពាណិជ្ជក​ម្ម និងវិនិយោគឆ្នាំ២០២១ និង ឆ្នាំ២០២៥ កន្លងមក និងដាក់ចេញនូវកម្មវិធីសុទ្ធសាស្ត្រ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទុនឆ្នាំ២០២៦ និងឆ្នាំ២០៣០

*ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការអភិវឌ្ឍប្របកដោយចេរភាព

* ទី៤៖ ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តោតលើប្រជាជនជាស្នូល ជាពិសេសគឺយុវជន និងគាំទ្រដល់កិច្ចប្រហប្រតិបត្តិការវប្បធម៍ ទេសចរណ៍ និងទំនាក់ទំនងធុរកិច្ចរវាងតំបន់ទាំង២ ។

ជាមួយគ្នានោះលោក សូ ណារ៉ូ បានបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៀតថា តាមរយៈទំនាក់ទំនងអាស៊ាន-រុស្ស៉ី និងបន្តរីកចម្រើនឥតឈប់ឈរ ដោយនាំមកនូវអត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជន ន​ិងរួមចំណែកដល់អនាគត់ដ៏សុខសាន្ត ស្ថេរភាព វិបុលភាព សម្រាប់តំបន់ទាំង២ ក៏ដូចជាពិភពលោកទាំងមូលផងដែរ៕