ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត, ក្រុមហ៊ុនផលិតយានយន្តរបស់រុស្ស៊ី ចាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគលេីវិស័យយានយន្តនៅកម្ពុជា (Video inside)
19-06-2026 12:24
(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតយានយន្តរបស់រុស្ស៊ីដែលមានអាយុជិតមួយសតវត្សរ៍ហើយនោះ បានចាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។
បំណងនេះត្រូវបានស្តែងឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បានជម្រាបសម្តេចមហាបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងប្រទេសរុស្ស៊ី និងនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ លោក បានបញ្ជាក់ថាក្រុមហ៊ុន GAZ Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ៩០ឆ្នាំក្នុងឧស្សាហកម្មយានយន្ត ដែលមានរោងចក្រចំនួន១៥ និងបាននាំចេញយានយន្តទៅកាន់ប្រទេសចំនួន៤៣ ព្រមទាំងមានតំណាងចែកចាញចំនួន២៤០។
ក្រុមហ៊ុនផលិតរថយន្តជាច្រេីនម៉ូដែល ដូចជារថយន្តពាណិជ្ជកម្ម, រថយន្តដឹកទំនិញខ្នាតមធ្យម, រថយន្តក្រុង, រថយន្តសង្គ្រោះបន្ទាន់ជាដេីម និងផលិតគ្រឿងបន្លាស់ផងដែរ។ លោកនាយកផ្នែកនាំចេញ បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែមថា ដោយសារបច្ចុប្បន្ន ក្រុមហ៊ុន GAZ Groupបាននិងកំពុងធ្វេីប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាន និងមេីលឃេីញសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយភាពធន់ ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងរកឱកាសវិនិយោគលេីវិស័យយានយន្តនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ និងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយ និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដេីម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។
បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ក៏បានណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគលេីការផលិតខ្សែច្រវាក់ផលិតកម្ម ( Supply Chain) សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានក្នុងតំបន់ តាមយុទ្ធសាស្រ្តបូកមួយ (Plus 1 Strategy) ផងដែរ។
សម្តេចមហាបវរធិបតី បានលេីកទឹកចិត្តក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដេីម្បីចាប់យកឱកាសវិនិយោគ និងរីកលូតលាស់នៅកម្ពុជា៕








