ទូលព្រះបង្គំជាខ្ញុំ គុយ សុផល ផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលទ្រង់ ត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពីសហគមន៍ OB-PS

19-06-2026 13:52

(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ គុយ សុផល បានផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសដែលព្រះអង្គត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយ «ពានសមាជិកភាពជើងឯក»។

ទូលព្រះបង្គំជាខ្ញុំ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមព្រះបរមរាជានុញ្ញាតសម្តែងនូវមនោសញ្ចេតនាអបអរសាទរដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គត្រូវបាន សហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ «ពានសមាជិកភាពជើងឯក» ក្នុងឱកាស នៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងខេត្តសៀមរាប។

ការថ្វាយនូវ «ពានសមាជិកភាពជើងឯក» នាពេលនេះ គឺជាសក្ខីភាពនៃការទទួលស្គាល់ជា សកលចំពោះព្រះរាជបេសកកម្ម និងព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រោ ព្រះរាជទាននូវភាពកក់ក្តៅ និងថ្វាយព្រះព្រហ្មវិហាធម៌ ប្រកបដោយព្រះរាជហឫទ័យជ្រះថ្លាបំផុត ដល់ប្រជារាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ ជ្រោមជ្រែង និងព្រះរាជទានទ្រព្យផ្ទាល់ព្រះអង្គ ជួយកសាងសមិទ្ធផល ជាច្រើន ក្នុងនាមជាព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីគាំទ្រដល់ការអប់រំ ការអភិវឌ្ឍសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបង្កើតឱកាសសម្រាប់កុមារី និង និងយុវតីជំនាន់ក្រោយ និងសម្រាប់កិច្ចការមនុស្សធម៌ផ្សេងៗ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរម រតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះមេត្តាប្រោសប្រទាន វាសប្រទានព្រះពរជ័យ សិរីសូស្តី មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕