រដ្ឋបាលខេត្តពោធិ៍សាត់ ប្តេជ្ញាបង្កើនប្រសិទ្ធភាពទប់ស្កាត់អំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ក្នុងឆ្នាំ២០២៦
19-06-2026 14:26
(ពោធិ៍សាត់)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តបានរៀបចំប្រារព្ធពិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥» យ៉ាងអធិកអធម ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត, តំណាងសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត, លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ, លោកអភិបាលក្រុង-ស្រុក, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, មន្រ្តីរាជការ, តំណាងអង្គការដៃគូ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជនយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានដាក់ចេញនូវយន្តការ និងផែនការសកម្មភាពដ៏មុតស្រួច ដើម្បីការពារប្រជាពលរដ្ឋពីបទល្មើសជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ លោកបានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តពោធិ៍សាត់បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកបានសម្តែងក្តីព្រួយបារម្ភ ចំពោះការចំណាកស្រុកដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ ដែលបង្កហានិភ័យដល់កុមារតូចៗ ដែលត្រូវឪពុកម្តាយទុកចោលឱ្យរស់នៅជាមួយជីដូនជីតា។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ លោក ខូយ រីដា ក្នុងនាមរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការអាទិភាពចំនួន៨ចំណុច សម្រាប់ឆ្នាំ២០២៦៖
ទី១៖ ត្រូវបន្តធ្វើស្ថិតិ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់លើអាជីវកម្មសេវាកម្មកម្សាន្តនានាដែលកើតថ្មី
ទី២៖ ត្រូវរៀបចំផែនការប្រតិបត្តិការជាក់លាក់ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ទី៣៖ ពង្រឹងការទទួលដំណឹង និងជួយអន្តរាគមន៍ចំពោះពលរដ្ឋដែលបាត់ដំណឹងសមាជិកគ្រួសារនៅក្រៅប្រទេ
ទី៤៖ បន្តចុះអប់រំផ្សព្វផ្សាយច្បាប់ដល់មូលដ្ឋាន និងសហគមន៍ ដោយសហការជាមួយអង្គការ និងស្ថាប័នពាក់ព័ន្ធ
ទី៥៖ រៀបចំយន្តការស្រាវជ្រាវរកដៃគូសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់កុមារដែលឪពុកម្តាយចំណាកស្រុក
ទី៦៖ ពង្រឹងកិច្ចសហការដើម្បីទប់ស្កាត់ការជួញដូរស្ត្រី និងកុមារគ្រប់រូបភាព
ទី៧៖ បន្តផ្សព្វផ្សាយ និងអប់រំដល់កុមារឱ្យយល់ដឹងពីគ្រោះថ្នាក់នៃពលកម្មកុមារ
ទី៨៖ ប្តេជ្ញាបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបាន១០០% នៅក្នុងខេត្ត។
លោកអភិបាលខេត្ត បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីធានាបាននូវសុវត្ថិភាព និងភាពកក់ក្តៅជូនសង្គមជាតិ ដោយឈរលើទិសស្លោក «រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអនឡាញ»។
ជាមួយគ្នានោះ លោកសង្ឃឹមយ៉ាងម៉ឺងម៉ាត់ថា ការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ គឺជាកាតព្វកិច្ចរួម ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល៕























