កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបទល្មើស Online Scams និងគ្រឿងញៀន ដោយឃាត់ខ្លួនមនុស្ស១៣នាក់ នៅខណ្ឌ៧មករា និងខណ្ឌសែនសុខ
19-06-2026 16:08
(ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានបន្តប្រតិបត្តិការចុះឆែកឆេរ និងបានបង្ក្រាបបទល្មើស Online Scams ហើយករណីគ្រឿងញៀនដោយឃាត់មនុស្សចំនួន១៣នាក់ នៅខណ្ឌ៧មករា និងខណ្ឌសែនសុខ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
លោកស្រី ដោ សម្ផស្ស បានបន្តថា ក្រុមការងារបានរកឃើញបទល្មើស ១ករណី នៅជាន់ទី៨ បន្ទប់ A-៨ ក្នុងអគារអិលបុរីកីឡា (ប៊ីអរខេអិល ប្រផឹធី មេនេម៉ិន) អគារលេខ ១០សេ ភូមិ៦ ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ (ស្រី ១នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន៖ កុំព្យូទ័រ ALL I N ONE ចំនួន ៣គ្រឿង (កាច់បំផ្លាញចោល) ទូរស័ព្ទដៃចំនួន ០៩គ្រឿង (ផ្ទាល់ខ្លួន) ទូរស័ព្ទដៃចំនួន ០៣គ្រឿ ង (បំរើការងារ)។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជាករណីឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams)។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា នៅទីតាំងអគារអិលបុរីកីឡាដដែលនេះ ក្រុមការងារក៏បានត្រួតពិនិត្យរកឃើញ នៅជាន់ទី១៥ បន្ទប់ A-១៥ មានជាប់ពាក់ព័ន្ធបទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុកសារធាតុញៀន ខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ ២នាក់ ព្រមទាំងវត្ថុតាងរួមមាន៖ ក្រាមសថ្លាចំនួន ២កញ្ចប់ធំ ម្សៅម៉ត់ពណ៌សចំនួន ៣កញ្ចប់ ថង់សម្រាប់ច្រកគ្រឿងញៀនចំនួន ១ដុំ ជញ្ជីងថ្លឹងចំនួន ១គ្រឿង ក្តារសម្រាប់ហិតថ្នាំញៀនចំនួន ១ ដែកកេសចំនួន៣គ្រឿង ម៉ាស៊ីនក្រឡុកចំនួន ៣គ្រឿង និងទូរស័ព្ទដៃចំនួន ៣គ្រឿង។
រីឯនៅជាន់ទី១១ បន្ទប់ I2-១១ បានរកឃើញករណីពាក់ព័ន្ធបទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុកសារ ធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិជប៉ុនចំនួន១នាក់ ព្រមទាំងវត្ថុតាងរួមមាន៖ កញ្ឆាក្រាមចំនួន ០៤កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យជាគ្រឿងញៀនចំនួន ៣៨គ្រាប់ ក្រាមសថ្លាចំនួន ១កញ្ចប់ ជញ្ជីងថ្លឹង ០១គ្រឿង ក្រដាសសម្រាប់ខ្ចប់មូរកញ្ឆាជក់មួយចំនួន ដែកកេស ០៣គ្រឿង ទូរស័ព្ទ ០២គ្រឿង បារីស៊ីហ្គែរ ០៣ដើម លុយចំនួន ៣០ដុល្លារ ឧបករណ៍សម្រាប់កិនកញ្ឆា ០២ លិខិតឆ្លងដែន ០១ច្បាប់ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា ដោយឡែកនៅបន្ទប់ជួល គ្មានលេខ ជាន់ទី០២ និងជាន់ទី០៣ ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង និងនៅផ្ទះលេខ៦៧ ផ្លូវលេខ៣០៩ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុមការងារបានឃាត់ខ្លួនជនជាតិខ្មែរ ៤នាក់ (ស្រី ១នាក់) ព្រមទាំងសម្ភាររួមមាន៖ កុំព្យូរទ័រ All In One ១គ្រឿង Laptop ២គ្រឿង ម៉ូនីទ័រ ៣គ្រឿង និងCPU ១គ្រឿង។ យោងតាមការ កោសល្យវិច័យរបស់មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថា ជាតម្រុយសង្ស័យពាក់ព័ន្ធផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់។
ក្រោយការត្រួតពិនិត្យ និងដោយបានការឯកភាពពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ក្រុមការងារបានសម្រេចប្រគល់ជនសង្ស័យ និងសម្ភារទាំងអស់ខាងលើ ទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត។
នៅថ្ងៃដដែលនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តកាតផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់ នៅប្រមូលផ្ដុំតាមអនុក្រឹត្យ លេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ១១នាក់ គិតជាថវិកាសរុបបានចំនួន ៤៤.៤៨០.០០០រៀល (សែសិនបួនលាន បួនសែន ប្រាំបីម៉ឺនរៀល)។
សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន១២០ទីតាំង ដោយបានរកឃើញជនបរទេសស្នាក់នៅសរុប ចំនួន ៤០២នាក់ (ស្រី ១១៧នាក់) និងមានលិខិតឆ្លងដែនត្រឹមត្រូវ៕




























