សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ លោក Cho Jeong-sik ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានរដ្ឋសភាកូរ៉េ
19-06-2026 17:55
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក Cho Jeong-sik ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។
ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុតជូន ឯកឧត្តម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។ ការបោះឆ្នោតនេះ ជាសក្ខីភាពនៃការជឿជាក់របស់សហការី ឯកឧត្តម លើការដឹកនាំរបស់ឯកឧត្តម និងនៃការប្តេជ្ញាមិនងាករ៉េរបស់ឯកឧត្តម ក្នុងការបម្រើឧត្តមប្រយោជន៍ សាធារណរដ្ឋកូរ៉េ។
ចាប់តាំងពីរការបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧ ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ បានពូនជ្រំនូវចំណងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលបាន ផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ផ្អែកលើស្មារតីនៃសាមគ្គីភាព ការជឿជាក់ ការគោរពគ្នា ការយោគយល់គ្នាទៅវិញទៅមក និងភាពជាដៃគូយុទ្ធសាស្ត្រ។ ខ្ញុំមានជំនឿមុតមាំថា ទំនាក់ ទំនងដ៏ប្រសើរនេះ នឹងត្រូវលើកម្ពស់ឱ្យខ្ពស់មួយកម្រិតទៀត ដើម្បីអនាគតដ៏ភ្លឺស្វាង និងរុងរឿង។
ខណៈពិភពលោកបច្ចុប្បន្នពោពេញដោយភាពមិនប្រាកដប្រជា និងមានបញ្ហាប្រឈមធំៗជាច្រើន ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងទំនាក់ទំនងសភា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្ត មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យ លើរាល់ភារកិច្ចដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម»៕






