វិភាគអន្តរជាតិ៖ តើច្រកសមុទ្រ Hormuz នឹងត្រឡប់ទៅដូចដើមវិញ ឬ?

19-06-2026 20:41

(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសថាអនុស្សរណយោគយល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បានចូលជាធរមានហើយ បន្ទាប់ពីភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះកាលពីថ្ងៃទី១៧ ខែមិថុនា។ តាមលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមរវាង សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មានន័យថាទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗផងដែរ។

លោក Shehbaz Sharif បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «អនុស្សរណយោគយល់ ឬកិច្ចព្រមព្រៀងបឋមនឹងត្រូវចូលជាធរមានភ្លាមៗ ហើយជាការបោះជំហានបឋម សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់នឹងត្រូវបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ រីឯសហរដ្ឋអមេរិកនឹងដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗ»។ លោក Sharif ក៏បានទទួលស្គាល់ដែរថាប៉ាគីស្ថាន ដោយមានការគាំទ្រពីកាតា នឹងទទួលខុសត្រូវរៀបចំពិធីផ្លូវការមួយនៅក្នុងប្រទេសស្វ៉ីសនៅថ្ងៃទី១៩ ខែមិថុនា តាមការគ្រោងទុក។

ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម នោះគឺគេមិនទាន់អាចកំណត់បានថាតើការធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រឡប់ទៅរកភាពប្រក្រតីវិញដូចមុនពេលសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឬក៏យ៉ាងណាទេ? មានការព្យាករថាមានលទ្ធភាព៥១ភាគរយដែលការធ្វើនាវាចរនឹងត្រូវត្រឡប់ទៅរកសភាពធម្មតាវិញនៅមុនថ្ងៃទី១ ខែសីហា និង៦៨ភាគរយ នៅមុនថ្ងៃទី១ ខែកញ្ញា។

ខាងក្រោមនេះជាបញ្ហាប្រឈមសំខាន់ៗមួយចំនួន៖

* ការគំរាមកំហែងពីគ្រាប់មីនសមុទ្រ
អ៉ីរ៉ង់ត្រូវបានគេជឿថាបានដាក់ពង្រាយគ្រាប់មីនសមុទ្រនៅក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយតភ្ជាប់ឈូងសមុទ្រពែក្ស ជាមួយមហាសមុទ្រឥណ្ឌា និងមានទីតាំងស្ថិតនៅចន្លោះ រវាងអ៉ីរ៉ង់នៅភាគខាងជើង ហើយជាប់អេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់នៅភាគខាងត្បូង។ ការគំរាមកំហែងពីគ្រាប់មីនសមុទ្របានបង្ខំឱ្យកប៉ាល់ពាណិជ្ជកម្មត្រូវធ្វើដំណើរតាមផ្លូវទឹកនៅក្បែរឆ្នេរសមុទ្ររបស់អ៉ីរ៉ង់ ឬឆ្នេរសមុទ្ររបស់អូម៉ង់ជំនួសវិញ។ ការប្រើប្រាស់ផ្លូវទឹកនៅភាគខាងត្បូងនៃច្រកសមុទ្រ Hormuz ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់យោធាអាមេរិក បានអនុញ្ញាតរួចទៅហើយការកើនឡើង លំហូរប្រេង។ ប៉ុន្តែបញ្ហាគឺនៅត្រង់គេមិនទាន់ដឹងថាតើការប្រើប្រាស់ផ្លូវជំនួសនេះអាចដោះស្រាយបរិមាណនៃការធ្វើនាវាចររបស់កប៉ាល់ពាណិជ្ជកម្មបានដល់កម្រិតណានោះទេ? ការបោសសម្អាត គ្រាប់មីនសមុទ្រនៅផ្នែកកណ្ដាលនៃច្រកសមុទ្រ Hormuz អាចនឹងជួយឱ្យលំហូរប្រេងត្រឡប់ទៅសភាពធម្មតាវិញ។ តែទោះជាបែបនេះក្ដី វាមិនទាន់ច្បាស់ថាតើនរណានឹងទទួលខុសត្រូវលើ ប្រតិបត្តិការបោសសម្អាតមីន និងថាតើកប៉ាល់ដោះមីននឹងត្រូវបានការពារយ៉ាងដូចម្ដេចឡើយ ខណៈប្រតិបត្តិការបោសសម្អាតមីនអាចនឹងត្រូវចំណាយពេលច្រើនសប្ដាហ៍។

* ហានិភ័យនៃការវាយប្រហារ
ក្រៅតែពីការគំរាមកំហែងពីគ្រាប់មីនសមុទ្រ វាក៏មានផងដែរហានិភ័យនៃការវាយប្រហារដែលអាចនឹងធ្វើឱ្យម្ចាស់កប៉ាល់ និងក្រុមនាវិកមានការព្រួយបារម្ភ។ ជាក់ស្ដែង បទឈប់បាញ់ដ៏ផុយស្រួយរវាង សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ដែលបានចូលជាធរមានកាលពីថ្ងៃទី៨ ខែមេសា មិនបានបញ្ឈប់ការវាយប្រហារដាក់គ្នាទៅវិញទៅមកនោះទេ។ យ៉ាងហោចមាននាវិក ១៤នាក់បានស្លាប់ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ ផ្ទុះឡើង ហើយមានការវាយប្រហារចំនួន ៤៦លើកបានកើតឡើង និងបង្កការខូចខាតដល់កប៉ាល់ជាច្រើនគ្រឿង។ នេះបើតាមអង្គការដែនសមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិហៅកាត់ថា IMO។ ក្រុមនាវិកនៅលើកប៉ាល់ពាណិជ្ជកម្មនៅតែមានការព្រួយបារម្ភចំពោះការបំពេញការងារនៅក្នុងតំបន់មានជម្លោះ បើទោះជាស្ថានការណ៍មានភាពស្ងប់ស្ងាតជាងមុនក៏ដោយ។ ដូច្នេះបណ្ដាក្រុមហ៊ុនជាម្ចាស់ កប៉ាល់មុខជាចង់បានការធានាឱ្យច្បាស់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ថាសង្រ្គាមពិតជាបានបិទបញ្ចប់ពិតប្រាកដមែន។

ក្រុមហ៊ុនជាម្ចាស់កប៉ាល់ជាច្រើនបាននិយាយថា នាវិកមួយចំនួននៅតែមានការភ័យខ្លាច និងស្ទាក់ស្ទើរក្នុងការវិលត្រឡប់កាន់តំបន់ឈូងសមុទ្រពែក្សវិញដែលនេះអាចនឹងធ្វើឱ្យថយចុះចំនួនកប៉ាល់ដែល ត្រូវធ្វើដំណើរទៅកាន់តំបន់ដើម្បីប្រមូលដឹកទំនិញរបស់ពួកគេ។

* តើនរណាជាអ្នកទទួលខុសត្រូវ?
នៅមុនពេលសង្រ្គាមផ្ទុះឡើង សេរីភាពនៃការធ្វើនាវាចរក្នុងតំបន់ច្រកសមុទ្រ Hormuz អាចចាត់ទុកបានថាមានភាពល្អប្រសើរដូចគ្នាទៅនឹងច្រកសមុទ្រសំខាន់ៗផ្សេងទៀតដែរ បើទោះជាមានការរំខាន បន្តិចបន្តួចក៏ពិតមែន។ តាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars អនាគតនៃការចាត់ចែងផ្នែករដ្ឋបាលលើសេវាធ្វើនាវាចរក្នុងតំបន់ច្រកសមុទ្រ Hormuz នឹងត្រូវបានកំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់។ ក្រុមហ៊ុនជាម្ចាស់កប៉ាល់ជាច្រើនបានប្រាប់សារព័ត៌មាន Bloomberg ថាពួកគេមិនចង់ត្រូវបានគេបង្ខំឱ្យធ្វើការទំនាក់ទំនងជាមួយនរណាម្នាក់ ជាពិសេសជាមួយអាជ្ញាធរអ៉ីរ៉ង់ ដែលកំពុងស្ថិតនៅក្រោម ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅឡើយនោះទេ។ ក្រុមប្រឹក្សាដែនសមុទ្រអន្តរជាតិ និងសមុទ្របាល់ទិកបាននិយាយថាវាត្រូវតែមានការបញ្ជាក់ឱ្យបានច្បាស់ថាប្រសិនបើមាន តើនរណា ជាអ្នកសម្របសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅពេលអនាគត។ ក្រុមប្រឹក្សានេះក៏បានស្នើឡើងផងដែរថាអង្គការសហប្រជាជាតិ ឬប្រទេសអព្យាក្រឹតណាមួយគួរតែចូលរួម សម្របសម្រួល។

* តើអាចនឹងមានការយកថ្លៃសេវាឆ្លងកាត់ឬ?
វាមិនទាន់ច្បាស់នៅឡើយទេថាកប៉ាល់ទាំងអស់នឹងត្រូវបានយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរឬក៏អត់នោះទេ? ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងមិនមាន ការយកថ្លៃសេវាឆ្លងកាត់ទេ រីឯអ៉ីរ៉ង់វិញបាននិយាយថាការធ្វើដំណើរឆ្លងកាត់ដោយមិនគិតថ្លៃសេវានឹងត្រូវបិទបញ្ចប់ ក្រោយរយៈពេល៦០ថ្ងៃ ដែលជាថេរវេលានៃការចរចាស្វែងរកកិច្ចព្រមព្រៀងចុងក្រោយ រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ IMO កាលពីខែមេសា បាននិយាយថាមិនមានមូលដ្ឋានច្បាប់ដែលអនុញ្ញាតឱ្យមានការយកថ្លៃសេវាពីកប៉ាល់ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ ហើយសហរដ្ឋអាមេរិកក៏បានបញ្ជាក់នាពេលកន្លងមកដែរថាកប៉ាល់ណាដែលបង់ថ្លៃសេវាទៅឱ្យអ៉ីរ៉ង់អាចនឹងប្រឈមមុខជាប់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ ម្លោះហើយ ក្រុមហ៊ុនជាម្ចាស់កប៉ាល់ជាច្រើន មានការព្រួយបារម្ភខ្លាចថាពួកគេអាចនឹងចូលក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ប្រសិនបើពួកគេបង់ថ្លៃសេវាទៅឱ្យអ៉ីរ៉ង់។ ព្រមពេលជាមួយគ្នា មានមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានទទួលស្គាល់ថាការបង់ថ្លៃ ប្រាក់ដើម្បីអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz អាចនឹងកើតឡើង។ ក្រុមហ៊ុនថាមពលធំៗដូចជា Chevron បាននិយាយថាពួកគេនឹងមិនពិចារណាលើការបង់លុយដើម្បីអាចធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រ Hormuz នោះទេ។

* ការរអាក់រអួលក្នុងការផលិតប្រេង និងឧស្ម័ន
ការរអាក់អួល ឬជាប់គាំងក្នុងការផលិតប្រេង និងឧស្ម័នអាចនឹងក្លាយជាឧបសគ្គធំមួយចំពោះការវិលត្រឡប់ទៅរកលំហូរប្រេងឆ្លងកាត់ជាប្រក្រតីឡើងវិញតាមច្រកសមុទ្រ Hormuz។ មុនសង្រ្គាមផ្ទុះឡើង មួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិ LNG របស់ពិភពលោកត្រូវបានដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ ការបង្ខំចិត្តប្រើប្រាស់ផ្លូវផ្សេងបានធ្វើឱ្យប៉ះពាល់ដល់តួនាទីស្នូលរបស់ច្រកសមុទ្រ Hormuz ក៏ពិតមែន តែច្រកសមុទ្រនេះនៅតែមានសារៈសំខាន់ដដែល។ ក្នុងករណីខ្លះ ការផលិតប្រេង និងឧស្ម័នត្រូវបានបញ្ឈប់ដោយសារតែការបិទខ្ទប់ច្រកសមុទ្រ Hormuz បានធ្វើឱ្យការនាំចេញ ប្រេងទៅកាន់ទីផ្សារអន្តរជាតិមានការលំបាកជាខ្លាំង ហើយការផ្អាក ឬបិទអណ្ដូងប្រេងជាបណ្ដោះអាសន្នដោយស្ម័គ្រចិត្តក៏អាចនឹងធ្វើឱ្យធ្លាក់ចុះសមត្ថភាពផលិតផងដែរ។

ដោយឡែក ក្នុងករណីមួយចំនួនទៀត ការខូចខាតបង្កឡើងដោយសង្រ្គាមបានបង្ខំឱ្យមានការបិទអណ្តូងប្រេង។ បើតាមក្រុមហ៊ុន Rystad Energy ការកសាងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នឡើងវិញ នៅក្នុង តំបន់អាចនឹងត្រូវចំណាយប្រាក់អស់ ៤២ពាន់លានដុល្លារ ហើយរឹតតែសំខាន់ទៀត គេក៏ត្រូវការចាយពេលផងដែរដើម្បីអាចឱ្យកប៉ាល់ដែលធ្លាប់ប្រើប្រាស់ច្រកសមុទ្រ Hormuz និងកំពុងប្រើផ្លូវទឹកផ្សេងជំនួស ត្រឡប់មកប្រើច្រកសមុទ្រ Hormuz ឡើងវិញ។ ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Rystad Energy បានព្យាករថាគេអាចនឹងត្រូវចំណាយពេល ២ខែ ដើម្បីអាចឱ្យកប៉ាល់ទាំងនោះត្រឡប់មកប្រើច្រកសមុទ្រ Hormuz សាជាថ្មី។ ពួកគេបានវាយតម្លៃថាការផលិតប្រេងក្នុងតំបន់មជ្ឈិមបូព៌ានឹងកើនឡើងនៅក្នុងខែសីហា និងខែកញ្ញាខាងមុខ ប្រសិនបើការផលិតប្រេងត្រឡប់ទៅរកភាពប្រក្រតីវិញ។ ក្នុងនោះ៨៥ ដល់៩០ភាគរយនៃបរិមាណនៃការផលិតប្រេង ឬឧស្ម័ន ដែលបានបាត់បង់នឹងត្រូវស្ដារឡើងវិញនៅខែតុលា ឆ្នាំ២០២៦ តែគេអាចត្រូវរង់ចាំរហូតដល់ខែមករា ឆ្នាំ២០២៧ ដើម្បីឱ្យបរិមាណនៃការផលិតប្រេង ឬឧស្ម័នកើនដល់កម្រិត១០០ភាគរយ ឬកម្រិតមុនសង្រ្គាមផ្ទុះឡើង៕