Fresh Exclusive: «រាត្រីនៃជោគវាសនាជាតិ៖ ពីការចាកចេញរបស់បុរសវ័យ២៥ឆ្នាំម្នាក់ ទៅការសង្គ្រោះកម្ពុជា» (Video inside)

20-06-2026 08:41

(ភ្នំពេញ)៖ រាត្រីថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ គឺជារាត្រីមួយ នៃការសម្រេចចិត្តដ៏ត្រឹមត្រូវជាប្រវត្តិសាស្ត្រ នាំមកនូវការរំដោះជាតិ និងប្រជាជន ចេញរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

រាត្រីកាលពី៤៩ឆ្នាំមុន ដែលបានផ្តើមចេញពីទីតាំងកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់ អតីតខេត្តកំពង់ចាមនោះហើយ ដែលបានជួយកែវាសនាអនាគតនៃប្រទេសកម្ពុជា ក្នុងការជួយជម្រុញ ការផ្លាស់ប្តូរមុខមាត់របស់ប្រទេសជាតិកម្ពុជា នៅលើឆាកអន្តរជាតិយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់។
Fresh Exclusive មានសេចក្តីរាយការណ៍ស្រាវជ្រាវ និងស៊ីជម្រៅជុំវិញ «រាត្រីនៃជោគវាសនារបស់ជាតិ» ដែលមានខ្លឹមសារដូចតទៅនេះ៖

នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរ មានព្រឹត្តិការណ៍ច្រើនណាស់ដែលត្រូវបានចារិកទុកជាចំណុចសំខាន់នៃដំណើរវាសនាជាតិ។ ប៉ុន្តែរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាព្រឹត្តិការណ៍ដ៏លេចធ្លោធំបំផុតមួយ និងដែលបានក្លាយជាចំណុចរបត់ប្រវត្តិសាស្ត្រ និងផ្លាស់ប្តូរជោគវាសនារបស់ប្រទេសកម្ពុជាទាំងមូល។

ក្រោមស្បៃអន្ធការដ៏ខ្មៅងងឹត នៃសម័យខ្មែរក្រហម និងក្នុងបន្ទុកប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងរ អតីតមេបញ្ជាការកងវរសេនាធំវ័យក្មេង សមមិត្ត ហ៊ុន សែន ដែលពេលនោះទើបមានអាយុ២៥ឆ្នាំ បានធ្វើការសម្រេចចិត្តមួយ ដែលមិនត្រឹមតែប្តូរដំណើរជីវិតរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្តូរវាសនារបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។

ដោយបន្សល់ទុកភរិយាកំពុងពរពោះប្រាំខែនៅខេត្តកំពង់ចាម និងបន្សល់ទុកក្រុមគ្រួសារនៅពីក្រោយខ្នង លោកបានសម្រេចបោះជំហានលើមាគ៌ាមួយដែលពោរពេញដោយគ្រោះថ្នាក់ ការលះបង់ និងភាពមិនច្បាស់លាស់ ដើម្បីស្វែងរកផ្លូវសង្គ្រោះជាតិ ចេញពីអន្លង់មរណៈនៃរបបប្រល័យពូជសាសន៍ប៉ុល ពត។

គឺចាប់ពីរាត្រីនោះហើយ ដែលការលះបង់របស់បុរសវ័យក្មេងម្នាក់នោះ បានប្រែក្លាយទៅជាការតស៊ូដ៏មហិមា ក្នុងគោលបំណងប្រមែប្រមូលកម្លាំង ដើម្បីរំដោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ ចេញពីសុបិន្តអាក្រក់នៃរបបខ្មែរក្រហម។
នៅក្នុងអំឡុងពេលនោះ កម្ពុជា បានធ្លាក់ស្ថិតនៅក្រោមកណ្តាប់ដៃនៃរបបប៉ុល ពត ដែលបានប្រែក្លាយប្រទេសទាំងមូលទៅជាវាលពិឃាតដ៏សែនឃោរឃៅ។ ក្រោមមនោគមវិជ្ជាជ្រុលនិយម, របបស្លៀកពាក់ខោអាវខ្មៅនោះ បានបង្កការភ័យខ្លាច ការបង្ខំធ្វើពលកម្ម អំពើអត់ឃ្លាន និងការកាប់សម្លាប់ជាប្រព័ន្ធទៅលើប្រជាជនខ្លួនឯង ក្រោមលេសនៃការបោសសម្អាត «ខ្មាំងសត្រូវរបស់បដិវត្តន៍។

ប្រជាជាតិខ្មែរ នៅពេលនោះ មិនត្រឹមតែកំពុងរស់នៅក្នុងភាពងងឹតប៉ុណ្ណោះទេ ប៉ុន្តែកំពុងឈរនៅមាត់ជ្រោះនៃការរលាយសាបសូន្យរបស់ជាតិទាំងមូល។

ដំណើរដែលបានចាប់ផ្តើមពីភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នោះហើយ ដែលនៅទីបំផុត បាននាំឱ្យកើតមានថ្ងៃ៧ មករា ឆ្នាំ១៩៧៩, នាំឱ្យបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» រស់ឡើងវិញ, នាំឱ្យរបបរាជានិយមលើកទី២វិលត្រឡប់មកកម្ពុជា និងនាំឱ្យសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ ត្រូវបានបញ្ចប់ទាំងស្រុងក្រោមនយោបាយឈ្នះ-ឈ្នះ ដែលបានផ្តល់ឱ្យកម្ពុជានូវសន្តិភាព និងការឯកភាពទឹកដីយូរបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។

សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា រាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មិនមែនគ្រាន់តែជារាត្រីនៃការភៀសខ្លួនរបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ទៅជាមួយប៉ុណ្ណោះទេ ប៉ុន្តែជារាត្រីដែលបានចាប់ផ្តើមដំណើរតស៊ូ ដើម្បីសង្គ្រោះជាតិ និងប្តូរជោគវាសនារបស់ប្រជាជាតិខ្មែរទាំងមូល។
ព្រោះបើគ្មានរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ កាលពី៤៩ឆ្នាំមុននោះទេ ក៏គ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍, ក៏គ្មានការរស់ឡើងវិញនៃរបបរាជានិយមលើកទី២, ក៏គ្មាននយោបាយឈ្នះ-ឈ្នះ ដែលបានពន្លត់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ និងក៏គ្មានកម្ពុជាដែលមានសន្តិភាព ស្ថិរភាព និងការឯកភាពទឹកដីដូចសព្វថ្ងៃនេះដែរ ។

*ពេលដែលកម្ពុជាកំពុងឈរនៅមាត់ជ្រោះមរណៈ ខណៈពិភពលោកបិទភ្នែកមិនអើពើ
នៅឆ្នាំ១៩៧៧ កម្ពុជា មិនមែនគ្រាន់តែស្ថិតក្រោមរបបផ្តាច់ការប៉ុណ្ណោះទេ ប៉ុន្តែកំពុងធ្លាក់ចូលក្នុងប្រព័ន្ធប្រល័យពូជសាសន៍ដ៏ឃោរឃៅមួយ ដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងជាប្រព័ន្ធ។

ពលរដ្ឋតាមបណ្តាទីក្រុង ត្រូវបានជម្លៀស។ ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញ។ បញ្ញវន្ត និងអ្នកចេះដឹងត្រូវបានសម្លាប់។ គ្រួសារ ត្រូវបានបំបែក។ ប្រជាជនរាប់លាននាក់ ត្រូវបានបង្ខំឱ្យរស់នៅក្នុងភាពអត់ឃ្លាន ការធ្វើពលកម្មដោយបង្ខំ និងភាពភ័យខ្លាចក្រោមរបបស្លៀកពាក់ខោអាវខ្មៅ។
ក្នុងពេលដែលប្រទេសជាតិ កំពុងលង់លិចក្នុងសម័យដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្រនោះ ពិភពលោកបែរជាបិទភ្នែកមិនបានអើពើចំពោះសោកនាដកម្ម ដែលកំពុងកើតឡើងលើទឹកដីកម្ពុជាឡើយ។

នៅក្នុងស្ថានភាពដ៏អស់សង្ឃឹមនោះ មេបញ្ជាការវ័យក្មេងសមមិត្ត ហ៊ុន សែន ដែលគ្រប់គ្រងកងទ័ពជាង២,០០០នាក់ នៅតំបន់កោះថ្ម បានដឹងយ៉ាងច្បាស់ថា របបប៉ុល ពត មិនត្រឹមតែកំពុងបំផ្លាញប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែកំពុងរុញប្រទេសជាតិខ្មែរ ទៅរកការរលាយសាបសូន្យថែមទៀត។
នៅចំពោះមុខស្ថានការណ៍ដ៏គ្រោះថ្នាក់នោះ លោក មានជម្រើសតែ៤ប៉ុណ្ណោះ៖
• ក្រោកឡើងធ្វើការបះបោរ
• រត់ចេញទៅតស៊ូ
• នៅស្ងៀមរង់ចាំឱ្យគេសម្លាប់
• ឬធ្វើអត្តឃាត

ប៉ុន្តែលោកបានជ្រើសរើសផ្លូវដែលគ្រោះថ្នាក់បំផុត និងមានសង្ឃឹមតិចបំផុត នោះគឺ «ចាកចេញទៅស្វែងរកកម្លាំងសង្គ្រោះជាតិ»។
ការសម្រេចចិត្តនោះ មិនមែនដើម្បីសង្គ្រោះខ្លួនឯងនោះទេ ប៉ុន្តែជាការសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីសង្គ្រោះប្រទេសជាតិ និងប្រជាជនខ្មែរ ឱ្យរួចផុតពីរបបកាប់សម្លាប់ខ្មែរគ្នាឯងដ៏ឃោរឃៅនេះ។

*ពីអ្នកភៀសខ្លួន ទៅជាអ្នកបង្កើតកម្លាំងរំដោះជាតិ
អ្វីដែលធ្វើឱ្យប្រវត្តិសាស្ត្រនៃរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មានអត្ថន័យដ៏ធំសម្បើមនោះ គឺដោយសារការចាកចេញរបស់សមមិត្ត ហ៊ុន សែន។ វាមិនបានបញ្ចប់ត្រឹមការភៀសខ្លួនដើម្បីរស់រានមានជីវិតនោះទេ ប៉ុន្តែបានក្លាយទៅជា «ចំណុចចាប់ផ្តើមនៃចលនារំដោះជាតិ» ដែលនៅទីបំផុត បានផ្លាស់ប្តូរជោគវាសនារបស់កម្ពុជា។

នៅលើទឹកដីវៀតណាម សម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិត និងរបាយការណ៍ជាបន្តបន្ទាប់ផ្ញើជូនថ្នាក់ដឹកនាំវៀតណាម ដើម្បីបង្ហាញពីឆន្ទៈដ៏មោះមុត និងផែនការច្បាស់លាស់ក្នុងការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
នៅទីបំផុត ការប្តេជ្ញាចិត្ត និងការតាំងចិត្តមិនរាថយនោះ បានធ្វើឱ្យភាគីវៀតណាមយល់ព្រមផ្តល់ការគាំទ្រ ក្នុងការកសាងកម្លាំងប្រដាប់អាវុធសម្រាប់ការតស៊ូរំដោះជាតិ។

ចាប់ពីឆ្នាំ១៩៧៨ កម្លាំងរំដោះជាតិ បានចាប់ផ្តើមបង្កើតឡើងជាបន្តបន្ទាប់ រួមមានអង្គភាព១២៥, កងវរសេនាតូចលេខ២៤៦, កងវរសេនាតូចលេខ២០៧ និងអង្គភាពប្រតិបត្តិការជាច្រើនផ្សេងទៀត រួមទាំងវរសេនាតូចលេខ១៥ផងដែរ។
កម្លាំងតស៊ូទាំងនេះ ក្រោយមក បានចាប់ដៃសហការជាមួយចលនាតស៊ូផ្សេងៗទៀត រួមមានក្រុមរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ដើម្បីបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបានប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។
ហើយត្រឹមតែជាងមួយខែក្រោយមក កម្លាំងតស៊ូរំដោះជាតិ និងកងកម្លាំងស្ម័គ្រចិត្តវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរំដោះប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

*ថ្ងៃ៧ មករា៖ មិនមែនគ្រាន់តែជាការផ្តួលរំលំខ្មែរក្រហម ប៉ុន្តែជាថ្ងៃដែលកម្ពុជារស់ឡើងវិញ
មនុស្សមួយចំនួន បានព្យាយាមកាត់បន្ថយអត្ថន័យប្រវត្តិសាស្ត្រនៃថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឱ្យនៅត្រឹមតែជាថ្ងៃផ្តួលរំលំរបបប៉ុល ពតប៉ុណ្ណោះ។ ប៉ុន្តែតាមការពិត ថ្ងៃនោះ គឺជាថ្ងៃដែលប្រទេសកម្ពុជា និងប្រជាជាតិខ្មែរ បានរស់ឡើងវិញចេញពីអន្លង់មរណៈនៃរបបប្រល័យពូជសាសន៍។
ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ មិនមែនគ្រាន់តែជាការបញ្ចប់របបកាប់សម្លាប់ខ្មែរគ្នាឯងប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ឈប់ការរលាយសាបសូន្យរបស់ជាតិខ្មែរ ដែលនៅពេលនោះ កំពុងឈរនៅមាត់ជ្រោះនៃការបាត់បង់អត្ថិភាពជាប្រជាជាតិមួយ។

ព្រោះបើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នោះទេ៖
• បាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ក៏មិនអាចរស់ឡើងវិញ
• ព្រះពុទ្ធសាសនា ដែលត្រូវបានបំផ្លាញស្ទើរទាំងស្រុង ក៏មិនអាចស្តារឡើងវិញ
• របបរាជានិយមលើកទី២ ក៏មិនអាចវិលត្រឡប់មកកម្ពុជា
• ប្រជាជនខ្មែរ ក៏មិនអាចមានសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាព និងការរស់នៅជុំគ្រួសារឡើងវិញ
• ហើយកម្ពុជា ក៏មិនអាចមានរដ្ឋធម្មនុញ្ញ ការបោះឆ្នោត និងស្ថាប័នរដ្ឋដូចសព្វថ្ងៃនេះដែរ។
បើនិយាយឱ្យច្បាស់ ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ បានបង្កើតលក្ខខណ្ឌប្រវត្តិសាស្ត្រសម្រាប់ការកកើតឡើងវិញនៃ «កម្ពុជាថ្មី»។

ចេញពីផេះផង់នៃសង្គ្រាម និងវាលពិឃាត, កម្ពុជា បានចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេ។ ប្រជាជនដែលធ្លាប់រស់នៅក្នុងភាពភ័យខ្លាច និងអត់ឃ្លាន បានចាប់ផ្តើមមានសង្ឃឹមឡើងវិញ។ សាលារៀន វត្តអារាម មន្ទីរពេទ្យ និងស្ថាប័នរដ្ឋ ត្រូវបានស្តារឡើងវិញជាបណ្តើរៗ។
បើទោះបីជាកម្ពុជា ត្រូវបន្តប្រឈមនឹងសង្គ្រាមស៊ីវិល ការឡោមព័ទ្ធ និងការមិនទទួលស្គាល់ពីផ្នែកមួយនៃសហគមន៍អន្តរជាតិក៏ដោយ ក៏ថ្ងៃទី៧ មករា នៅតែជាចំណុចចាប់ផ្តើមនៃការរស់ឡើងវិញរបស់ជាតិខ្មែរ និងជាគ្រឹះប្រវត្តិសាស្ត្រដែលបានបើកផ្លូវឆ្ពោះទៅរកសន្តិភាព ការផ្សះផ្សាជាតិ និងការឯកភាពទឹកដីនៅពេលក្រោយមក។

*ពីការរំដោះជាតិ ទៅការស្វែងរកសន្តិភាពពេញលេញ
ទោះជាយ៉ាងណា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅមិនទាន់មានន័យថា កម្ពុជា ទទួលបាន «សន្តិភាពពេញលេញ» នៅឡើយទេ។ បើទោះបីជារបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំក៏ដោយ ប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តអូសបន្លាយ ខណៈកម្ពុជា ត្រូវប្រឈមនឹងការឡោមព័ទ្ធផ្នែកនយោបាយ សេដ្ឋកិច្ច និងការទូតពីផ្នែកមួយនៃសហគមន៍អន្តរជាតិ។

អ្វីដែលជារឿងដ៏ឈឺចាប់សម្រាប់កម្ពុជា នាពេលនោះ គឺទោះបីជាពិភពលោកបានដឹងយ៉ាងច្បាស់អំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់ខ្មែរក្រហមក៏ដោយ ប៉ុន្តែក្រុមខ្មែរក្រហមនៅតែបន្តកាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ហើយបញ្ហាកម្ពុជា ត្រូវបានមហាអំណាចមួយចំនួន យកទៅប្រើជាឧបករណ៍នយោបាយក្នុងបរិបទសង្គ្រាមត្រជាក់។

កម្ពុជា ដែលទើបរួចផុតពីវាលពិឃាត និងកំពុងកសាងប្រទេសឡើងវិញពីបាតដៃទទេ មិនត្រឹមតែត្រូវប្រឈមនឹងការគំរាមកំហែងពីសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រឈមនឹងភាពឯកោនៅលើឆាកអន្តរជាតិថែមទៀត។

នៅក្នុងបរិបទដ៏លំបាក និងស្មុគស្មាញនោះ លោក ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ នៅឆ្នាំ១៩៨៥ បានចាប់ផ្តើមស្វែងរកផ្លូវបញ្ចប់សង្គ្រាម តាមរយៈការចរចានយោបាយ ជំនួសការបន្តប្រយុទ្ធគ្នាដោយអាវុធមិនចេះចប់។
ពីជំនួបជាប្រវត្តិសាស្ត្រ «សីហនុ-ហ៊ុន សែន» នៅប្រទេសបារាំង ឆ្នាំ១៩៨៧ រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, កម្ពុជា បានចាប់ផ្តើមបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយនយោបាយ និងការផ្សះផ្សាជាតិ។

ប៉ុន្តែ បើទោះបីជាកម្ពុជាមានការបោះឆ្នោត និងការវិលត្រឡប់មកវិញនៃរបបរាជានិយមនៅឆ្នាំ១៩៩៣ក៏ដោយ សង្គ្រាមស៊ីវិលនៅតែមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយ ពីព្រោះកម្លាំងខ្មែរក្រហមនៅតែបន្តប្រយុទ្ធ និងគ្រប់គ្រងតំបន់មួយចំនួនតាមព្រំដែន។
រហូតដល់ឆ្នាំ១៩៩៦ សម្តេច ហ៊ុន សែន បានដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» ដែលជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ ដោយមិនចាំបាច់មានការបង្ហូរឈាមទ្រង់ទ្រាយធំជាថ្មីទៀត។

*នយោបាយឈ្នះ-ឈ្នះ៖ យុទ្ធសាស្ត្រពន្លត់សង្គ្រាមដោយមិនបាច់បង្ហូរឈាមទ្រង់ទ្រាយធំ
នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយ ដែលបានធ្វើឱ្យប្រវត្តិសាស្ត្រកម្ពុជា ខុសប្លែកពីប្រទេសជាច្រើននៅលើពិភពលោក ដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏អូសបន្លាយ។
ជំនួសឱ្យការបន្តប្រើកម្លាំងយោធាដើម្បីកម្ទេចគូប្រជែង សម្តេចតេជោ ហ៊ុន សែន បានជ្រើសរើសការប្រើយុទ្ធសាស្ត្រនយោបាយ ការផ្សះផ្សាជាតិ និងការធ្វើសមាហរណកម្ម ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជិត៣ទសវត្សរ៍។

ស្នូលនៃនយោបាយឈ្នះ-ឈ្នះ គឺយុទ្ធសាស្ត្រ DIFID ដែលមានន័យថា៖
• D – Divide (បំបែក) ៖ បំបែកកម្លាំង និងបណ្តាញនយោបាយរបស់ខ្មែរក្រហម
• I – Isolate (ធ្វើឱ្យឯកោ) ៖ ធ្វើឱ្យមេដឹកនាំរឹងរូសស្ថិតនៅឯកោ និងបាត់បង់ការគាំទ្រ
• F – Finish (បញ្ចប់) ៖ បញ្ចប់ស្ថានភាពប្រដាប់អាវុធ និងមូលដ្ឋានយោធារបស់ខ្មែរក្រហម
• I – Integrate (ធ្វើសមាហរណកម្ម) ៖ បញ្ចូលអតីតកម្លាំងឧទ្ទាមឱ្យចូលរួមក្នុងប្រព័ន្ធរដ្ឋ យោធា និងសង្គមជាតិ
• D – Develop (អភិវឌ្ឍ) ៖ អភិវឌ្ឍតំបន់អតីតសមរភូមិ ឱ្យក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍ

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដ៏សំខាន់នៃលទ្ធផលជាក់ស្តែងរបស់នយោបាយឈ្នះ-ឈ្នះ តាមរយៈការធ្វើសមាហរណកម្មកងពលលេខ១៨ របស់លោក កែវ ពង្ស ជាមួយរាជរដ្ឋាភិបាល។
បន្ទាប់មក កម្លាំងខ្មែរក្រហមនៅតំបន់ឱរ៉ាល់ ភ្នំក្រវាញ សំឡូត សំពៅលូន ប៉ៃលិន ម៉ាឡៃ និងអន្លង់វែង បានចូលរួមធ្វើសមាហរណកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ខ្មែរក្រហម ចាប់ផ្តើមបែកបាក់ និងរលំសាបសូន្យជាបណ្តើរៗ។

យុទ្ធសាស្ត្រ DIFID របស់សម្តេចតេជោ ហ៊ុន សែន នោះហើយ ដែលបានធ្វើឱ្យក្រុមខ្មែរក្រហម ត្រូវបែកបាក់ ឯកោ និងចូលរួមធ្វើសមាហរណកម្មដោយសន្តិវិធី ជំនួសការបន្តសង្គ្រាមដ៏បង្ហូរឈាម។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មេដឹកនាំខ្មែរក្រហមធំៗដែលនៅសេសសល់ បានប្រកាសបញ្ចប់ការតស៊ូប្រដាប់អាវុធ និងចូលរួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។ ថ្ងៃនោះហើយ ដែលសង្គ្រាមស៊ីវិលជិត៣០ឆ្នាំរបស់កម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង។
នេះគឺជាលើកដំបូងក្នុងរយៈពេលជាង៥០០ឆ្នាំ ដែលកម្ពុជា ទទួលបានសន្តិភាពពេញលេញ ការឯកភាពទឹកដី និងអំណាចរដ្ឋតែមួយដោយពេញលេញ ដោយគ្មានតំបន់បែងចែក ឬកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋដូចនៅក្នុងអតីតកាលទៀតឡើយ។
នយោបាយឈ្នះ-ឈ្នះ ដូច្នេះ មិនត្រឹមតែជាយុទ្ធសាស្ត្របញ្ចប់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះប្រវត្តិសាស្ត្រនៃសន្តិភាព និងការឯកភាពជាតិរបស់កម្ពុជាសម័យទំនើប។

*កម្ពុជាបច្ចុប្បន្ន៖ ការពារទឹកដីដោយ “ប្រាជ្ញា” មិនមែនត្រឹម “កម្លាំង”
ក្នុងបរិបទបច្ចុប្បន្ន ដែលកម្ពុជា កំពុងប្រឈមការរំលោភបំពានព្រំដែនពីភាគីថៃនៅតាមតំបន់មួយចំនួន ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការកាច់ចង្កូតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបង្ហាញយ៉ាងច្បាស់ថា «ការការពារជាតិ» នៅក្នុងសម័យទំនើប មិនមែនមានន័យត្រឹមការប្រើកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រើប្រាជ្ញា ការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិផងដែរ។

ពិតមែនហើយ ក្រុមប្រឆាំងមួយចំនួន បានរិះគន់ថា កម្ពុជា មិនហ៊ានប្រើកម្លាំងតបតជាមួយថៃ។ ប៉ុន្តែសំណួរសំខាន់ជាងនេះ គឺថា៖ តើរដ្ឋាភិបាល ដែលមានការទទួលខុសត្រូវ គួរជ្រើសយក «សង្គ្រាម» ឬ «ការរក្សាជីវិតប្រជាជន និងអនាគតជាតិ» ជាអាទិភាព?

សម្រាប់ប្រទេសមួយដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ និងការប្រល័យពូជសាសន៍ដ៏ឈឺចាប់ កម្ពុជាយល់ច្បាស់ជាងអ្នកណាទាំងអស់ថា តម្លៃសន្តិភាពថ្លៃប៉ុណ្ណា និងសង្គ្រាមអាចបំផ្លាញជាតិបានធ្ងន់ធ្ងរប៉ុណ្ណា។
ដូច្នេះ កម្ពុជា បច្ចុប្បន្ន មិនអាចយកជីវិតប្រជាជនរាប់លាននាក់ ទៅលេងល្បែងនយោបាយជាតិនិយមជ្រុល ឬជម្លោះប្រដាប់អាវុធដោយគ្មានការគិតគូរបានឡើយ។

ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើ៖
• ការទូត
• ច្បាប់អន្តរជាតិ
• ផែនទីឆ្នាំ១៩០៤ និងឆ្នាំ១៩០៧
• និងការគាំទ្រពីសហគមន៍អន្តរជាតិ ធ្វើជាអាវុធដ៏សំខាន់ ក្នុងការការពារអធិបតេយ្យភាព និងទាមទារទឹកដីខ្មែរ តាមមធ្យោបាយសន្តិវិធី និងស្របច្បាប់អន្តរជាតិ។
នេះមិនមែនជាសញ្ញានៃភាពខ្សោយនោះទេ ប៉ុន្តែជាសញ្ញានៃ «ភាពចាស់ទុំរបស់រដ្ឋ» ដែលយល់ថា ការរក្សាជាតិ ការពារជីវិតប្រជាជន និងការទប់ស្កាត់មិនឱ្យសង្គ្រាមវិលត្រឡប់មកវិញ មានតម្លៃធំជាងការបង្ហូរឈាម។
ប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញរួចមកហើយថា សង្គ្រាមអាចបំផ្លាញជាតិបានក្នុងរយៈពេលខ្លី ប៉ុន្តែការកសាងសន្តិភាព និងការស្តារប្រទេសឡើងវិញ ត្រូវការពេលវេលារាប់ទសវត្សរ៍។
ហេតុនេះហើយ ទើបកម្ពុជា បច្ចុប្បន្ន ជ្រើសរើសការប្រើប្រាជ្ញា ជំនួសការប្រឈមមុខដោយកម្លាំង និងជ្រើសរើសការការពារជាតិដោយសន្តិវិធី ជំនួសការរុញប្រទេសឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាមសាជាថ្មី។

សេចក្តីសន្និដ្ឋាន៖
រយៈពេល៤៩ឆ្នាំ បានកន្លងផុតទៅហើយ ចាប់តាំងពីរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ប៉ុន្តែរាត្រីមួយនោះ នៅតែជារាត្រីមួយ ដែលប្រវត្តិសាស្ត្រកម្ពុជា មិនអាចបំភ្លេចបានឡើយ។

ពីជំហានដើរឆ្លងព្រំដែនរបស់បុរសវ័យ២៥ឆ្នាំម្នាក់ បានកើតជាចលនាតស៊ូរំដោះជាតិ។ ពីចលនាតស៊ូនោះ បានកើតមានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ពីថ្ងៃ៧ មករា បានបើកផ្លូវឱ្យបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» រស់ឡើងវិញ និងនាំឱ្យរបបរាជានិយមលើកទី២វិលត្រឡប់មកកម្ពុជា។ ពីការរស់ឡើងវិញនៃជាតិ បានបន្តឈានទៅរកនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ និងនាំឱ្យកម្ពុជា ទទួលបានសន្តិភាព ការឯកភាពទឹកដី និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ដូច្នេះ ប្រវត្តិសាស្ត្រនៃថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មិនមែនគ្រាន់តែជារឿងនៃការចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃដំណើរប្រវត្តិសាស្ត្រ ដែលបានជួយសង្គ្រោះជាតិខ្មែរ ពីការរលាយសាបសូន្យ និងបានបើកផ្លូវឱ្យប្រជាជនកម្ពុជា បានរស់នៅក្នុងសន្តិភាព ស្ថិរភាព សុភមង្គល និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។

សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា រាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដូច្នេះ មិនមែនគ្រាន់តែជារាត្រីនៃការចាកចេញតស៊ូរបស់បុរសវ័យក្មេងម្នាក់នោះទេ ប៉ុន្តែជារាត្រីដែលបានចាប់ផ្តើមប្តូរជោគវាសនារបស់ប្រជាជាតិខ្មែរទាំងមូល៕