សាស្រ្តាចារ្យ ផាន់ វណ្ណរ័ត្ន៖ ជីវិតសត្វព្រៃជាដង្ហើមនៃព្រៃឈើ៖ រួមគ្នាបញ្ឈប់ការទិញ និងបរិភោគសត្វព្រៃ ដើម្បីអនាគតធម្មជាតិរបស់យើង
20-06-2026 11:36
(ភ្នំពេញ)៖ សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន បានដាក់ចេញនូវអត្ថបទទី២៣ ដែលនិយាយអំពី «ជីវិតសត្វព្រៃជាដង្ហើមនៃព្រៃឈើ៖ រួមគ្នាបញ្ឈប់ការទិញ និងបរិភោគសត្វព្រៃ ដើម្បីអនាគតធម្មជាតិរបស់យើង»។ ដោយអត្ថបទនេះមានខ្លឹមសារដូចតទៅ៖
ព្រះរាជាណាចក្រកម្ពុជាយើង ត្រូវបានទទួលស្គាល់ថាជាប្រទេសមួយដែលមានជីវៈចម្រុះ និងប្រភេទសត្វព្រៃកម្រជាច្រើនប្រភេទ។ ប៉ុន្តែ ភាពស្រស់ស្អាត និងតម្លៃនៃមរតកធម្មជាតិទាំងនេះ កំពុងតែរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ ដោយសារតែការបរបាញ់ ការជួញដូរ និងជាពិសេសនោះគឺ «តម្រូវការទីផ្សារនៃការទិញ-លក់ និងការបរិភោគសត្វព្រៃ»។
ការការពារសត្វព្រៃ មិនមែនជាកាតព្វកិច្ចរបស់មន្ត្រីជំនាញ ឬស្ថាប័នណាមួយដាច់ដោយឡែកនោះទេ វាគឺជាកាតព្វកិច្ច និងជាមនសិការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ហេតុអ្វីយើងត្រូវរួមគ្នាស្រឡាញ់ និងការពារសត្វព្រៃ?
- សត្វព្រៃដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងធម្មជាតិ ការពារព្រៃឈើ បន្តពូជរុក្ខជាតិ និងរក្សាប្រភពទឹក។ បើគ្មានសត្វព្រៃ ព្រៃឈើក៏មិនអាចគង់វង្សបានយូរអង្វែងឡើយ ដែលនេះជាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។
- តើយើងចង់ឱ្យកូនចៅរបស់យើងស្គាល់សត្វព្រៃដ៏មានតម្លៃទាំងនោះ តាមរយៈតែរូបថត ឬវីដេអូ ឬក៏ចង់ឱ្យពួកគេបានឃើញវត្តមានដ៏មានជីវិតរស់រវើកនៅក្នុងធម្មជាតិពិតៗទេ ដែលជាមរតកសម្រាប់កូនចៅយើងជំនាន់ក្រោយ?
- ការបរិភោគសាច់សត្វព្រៃ មិនមែនជាឱសថទិព្វ ឬជាការបង្ហាញពីភាពស៊ីវិល័យនោះទេ ផ្ទុយទៅវិញ វាគឺជាប្រភពនៃការចម្លងមេរោគ និងជំងឺរាតត្បាតកាចសាហាវផ្សេងៗពីសត្វមកមនុស្ស ដែលនេះជាហានិភ័យខ្ពស់ណាស់សម្រាប់សុខភាពមនុស្ស។
ការបរិភោគ និងការជាវសត្វព្រៃគឺជាការចូលរួមបំផ្លាញ និងជាទង្វើខុសច្បាប់ មានមតិមួយចំនួនយល់ច្រឡំថា «អ្នកបរបាញ់ និងអ្នកលក់ ទើបជាអ្នកមានទោស ចំណែកអ្នកទិញហូប មិនអីទេ»។ នេះជាការយល់ឃើញដ៏ខុសឆ្គងបំផុត។
* បើគ្មានការទិញ ក៏គ្មានការបរបាញ់ និងគ្មានការលក់ដូរដែរ
យោងតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ កម្ពុជា រាល់សកម្មភាព៖
១. ការបរបាញ់ ការដាក់អន្ទាក់ ឬការចាប់សត្វព្រៃដោយខុសច្បាប់
២. ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការទិញ-លក់សត្វព្រៃ ឬសំណាកសត្វព្រៃ
៣. ការរក្សាទុក និងការកែច្នៃធ្វើជាអាហារ សុទ្ធសឹងតែជា បទល្មើសព្រហ្មទណ្ឌ ដែលត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ រួមទាំងការពិន័យជាប្រាក់ និងការផ្តន្ទាទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។ ការបន្តជាវ និងហូបសាច់សត្វព្រៃ មិនត្រឹមតែជាការបំផ្លាញជីវៈចម្រុះនោះទេ ប៉ុន្តែវាគឺជាការអនុវត្តទង្វើល្មើសច្បាប់។
* ផ្លាស់ប្តូរការនិយម មកជាការការពារ
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាកែប្រែទម្លាប់ និងផ្នត់គំនិត៖
- បដិសេធ មិនទិញ មិនលក់ មិនបរិភោគ និងមិនចែកចាយសាច់សត្វព្រៃគ្រប់ប្រភេទ។
- ចូលរួម រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ នៅពេលជួបប្រទះករណីជួញដូរ ឬការដាក់លក់សាច់សត្វព្រៃតាមអាហារដ្ឋាននានា។
- ផ្សព្វផ្សាយ អប់រំកូនចៅ សាច់ញាតិ និងមិត្តភក្តិឱ្យយល់ដឹងពីតម្លៃនៃសត្វព្រៃ និងផលវិបាកផ្លូវច្បាប់នៃការបំផ្លាញសត្វព្រៃ។
សូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃចាប់ពីថ្ងៃនេះតទៅ! ការពារសត្វព្រៃ គឺការពារជីវិត ការពារបរិស្ថាន និងការពារអនាគតប្រទេសជាតិយើង៕










