Fresh Exclusive: សារពីកាហ្សាន៖ កម្ពុជាមិនផ្លាស់ប្តូរផ្លូវដោះស្រាយបញ្ហាព្រំដែន (Video inside)
20-06-2026 14:24
(ភ្នំពេញ)៖ ជំនួបក្រៅផ្លូវការរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃ នៅមុនកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន–រុស្ស៊ី លើកទី៣៥ បានក្លាយជាចំណុចគួរឱ្យកត់សម្គាល់មួយ សម្រាប់អ្នកតាមដានព្រឹត្តិការណ៍វិវត្តន៍លើបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ។ ទោះបីជាជំនួបនោះមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែសារដែលត្រូវបានផ្សព្វផ្សាយក្រោយជំនួប បានបង្ហាញយ៉ាងច្បាស់ពីជំហររបស់កម្ពុជា ចំពោះការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។
Fresh Exclusive សូមជូនអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ក្នុងពេលដែលមនុស្សជាច្រើនកំពុងតាមដានថា តើជម្លោះព្រំដែនកម្ពុជា-ថៃ នឹងវិវត្តទៅរកទិសដៅណាជាបន្ទាប់ ខណៈភាពតានតឹង និងបញ្ហាព្រំដែននៅតាមបណ្តោយព្រំដែនមិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយនោះ សារដ៏ខ្លីមួយពីទីក្រុងកាហ្សាន នៃសហព័ន្ធរុស្ស៊ី ហាក់ដូចជាបានផ្ញើសារនយោបាយយ៉ាងច្បាស់មួយបញ្ជាក់រួចទៅហើយ។
ការជួបជជែកក្រៅផ្លូវការរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរ៉ាក់គុល មិនបាននាំមកនូវកិច្ចព្រមព្រៀងថ្មី ឬរបកគំហើញនយោបាយថ្មីណាមួយឡើយ។ ប៉ុន្តែអ្វីដែលមានសារៈសំខាន់ជាងនោះ គឺការបញ្ជាក់ជាថ្មីថា កម្ពុជា នៅតែប្រកាន់ខ្ជាប់នូវផ្លូវ ដែលខ្លួនបានជ្រើសរើសរួចហើយក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់។
*សារពីកាហ្សាន មិនមែនជាគោលនយោបាយថ្មីទេ
នៅក្នុងសារដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្សព្វផ្សាយក្រោយជំនួបក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ចំនួនបួន ដែលអាចចាត់ទុកថា ជាសេចក្តីសង្ខេបនៃយុទ្ធសាស្ត្រទាំងមូលរបស់កម្ពុជា ចំពោះការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។
ចំណុចទាំងបួននោះ រួមមាន ការប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ, ការបន្តយន្តការផ្សះផ្សាបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) សម្រាប់ព្រំដែនសមុទ្រ, ការបន្តប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) សម្រាប់ព្រំដែនគោក និងការមិនចាត់ទុកបញ្ហាបើកច្រកព្រំដែន ជាប្រធានបទអាទិភាពសម្រាប់ការពិភាក្សាក្នុងពេលនេះឡើយ។
សារពីកាហ្សាននេះ មិនបានបង្ហាញពីគោលនយោបាយថ្មីណាមួយរបស់កម្ពុជានោះទេ។ ផ្ទុយទៅវិញ វាគឺជាការបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវផ្លូវដែលខ្លួនបានជ្រើសរើសរួចហើយ គឺការដោះស្រាយបញ្ហាតាមរយៈសន្តិវិធី ច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់។ អ្វីដែលកម្ពុជាកំពុងជំរុញនៅពេលនេះ មិនមែនជាការបង្កើតក្របខណ្ឌថ្មីទេ ប៉ុន្តែជាការធ្វើឱ្យយន្តការដែលមានស្រាប់ អាចដំណើរការបានប្រកបដោយប្រសិទ្ធភាព និងមានលទ្ធផលជាក់ស្តែងកាន់តែខ្លាំង។
*សន្តិវិធី និងច្បាប់អន្តរជាតិ នៅតែជាគ្រឹះនៃជំហរកម្ពុជា
ចំណុចដំបូងដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើង គឺការប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ នេះមិនមែនជាជំហរថ្មីនោះទេ ប៉ុន្តែជាការបញ្ជាក់ជាថ្មីនូវគោលការណ៍ដែលកម្ពុជាបានប្រកាន់ខ្ជាប់ជាបន្តបន្ទាប់ ចាប់តាំងពីភាពតានតឹងនៅតាមបណ្តោយព្រំដែនបានកើនឡើង។
ក្នុងបរិបទដែលមានការអំពាវនាវពីមជ្ឈដ្ឋានខ្លះ ឱ្យប្រើវិធានការតបតយ៉ាងរឹងមាំ ឬឆ្លើយតបតាមផ្លូវយោធា កម្ពុជា បានបញ្ជាក់ជាច្រើនលើកច្រើនសាររួចមកហើយថា ការប្រើប្រាស់កម្លាំងមិនមែនជាជម្រើសសម្រាប់ដោះស្រាយវិវាទព្រំដែននោះឡើយ។ ផ្ទុយទៅវិញ កម្ពុជាបានជ្រើសរើសយកការចរចា ការទូត និងយន្តការផ្លូវច្បាប់អន្តរជាតិ ជាឧបករណ៍សំខាន់ក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន និងមាននិរន្តរភាព។
ជំហរនេះ ក៏ស្របគ្នានឹងការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលពីពេលកន្លងមកនេះ បានបញ្ជាក់ថា «កម្ពុជាមិនបោះបង់ទឹកដី ហើយកម្ពុជាក៏មិនជ្រើសរើសសង្គ្រាមដែរ»។ ប្រយោគមួយនេះ បានក្លាយជាសេចក្តីសង្ខេបនៃទស្សនវិជ្ជានយោបាយរបស់កម្ពុជា ចំពោះបញ្ហាព្រំដែន ពោលគឺការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយមិនបោះបង់គោលការណ៍សន្តិភាព។
តាមទស្សនៈនេះ សារពីកាហ្សាន មិនមែនគ្រាន់តែជាការរំឭកអំពីជំហររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ញើសារទៅកាន់ភាគីពាក់ព័ន្ធថា ទោះស្ថានការណ៍នៅតាមព្រំដែនមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ កម្ពុជានៅតែជឿជាក់ថា ច្បាប់អន្តរជាតិ និងសន្តិវិធី គឺជាផ្លូវដែលអាចនាំទៅរកដំណោះស្រាយយូរអង្វែងជាងការប្រឈមមុខដោយកម្លាំង។
*ព្រំដែនសមុទ្រ ត្រូវបន្តតាម UNCLOS
ចំពោះបញ្ហាព្រំដែនសមុទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាគីទាំងពីរគួរបន្តដំណើរការតាមយន្តការផ្សះផ្សាបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ដែលកម្ពុជា និងថៃ កំពុងចូលរួមដំណើរការរួចហើយ។
ការលើកឡើងនេះ មានសារៈសំខាន់ ព្រោះវាបង្ហាញថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវផ្លូវច្បាប់អន្តរជាតិ សម្រាប់ដោះស្រាយវិវាទសមុទ្រ ទោះបីជាបញ្ហានេះមានភាពស្មុគស្មាញ និងពាក់ព័ន្ធនឹងផលប្រយោជន៍សេដ្ឋកិច្ច និងធនធានធម្មជាតិយ៉ាងណាក៏ដោយ។ ជំនួសឱ្យការបង្កើនសម្ពាធនយោបាយ ឬការប្រឈមមុខតាមវិធីផ្សេងៗ កម្ពុជាបានជ្រើសរើសយកយន្តការដែលមានការទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ និងមាននីតិវិធីច្បាស់លាស់។
ដួច្នេះការប្រើប្រាស់យន្តការ Compulsory Conciliation មិនមែនមានន័យថា ភាគីណាមួយត្រូវបោះបង់ជំហររបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ វាជាមធ្យោបាយមួយដែលអនុញ្ញាតឱ្យភាគីទាំងពីរ បន្តដោះស្រាយភាពខ្វែងគំនិតតាមរយៈដំណើរការផ្លូវច្បាប់ និងការពិភាក្សាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ជាជាងការប្រកួតប្រជែងដោយអំណាចនយោបាយ ឬកម្លាំងសម្ពាធ។
ក្នុងន័យទូលំទូលាយ សារពីកាហ្សានបានបង្ហាញថា កម្ពុជាចង់រក្សាវិវាទព្រំដែនសមុទ្រ ឱ្យស្ថិតនៅក្នុងក្របខណ្ឌ UNCLOS ដែលជាច្បាប់មូលដ្ឋានសម្រាប់ការគ្រប់គ្រងសមុទ្រនៅទូទាំងពិភពលោក។ នេះក៏ជាសញ្ញាមួយបង្ហាញថា កម្ពុជាចង់ឱ្យការដោះស្រាយបញ្ហាសមុទ្រ ផ្អែកលើគោលការណ៍ នីតិវិធី និងស្ថាប័នអន្តរជាតិ ជាជាងការប្រឈមមុខដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់។
សម្រាប់កម្ពុជា ដំណើរការនេះមិនត្រឹមតែជាការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ជាថ្មីថា ច្បាប់អន្តរជាតិ នៅតែជាឧបករណ៍សំខាន់មួយក្នុងការការពារផលប្រយោជន៍ជាតិ និងដោះស្រាយវិវាទជាមួយប្រទេសជិតខាង។
*ព្រំដែនគោក ត្រូវដោះស្រាយតាម JBC
ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងសារពីទីក្រុងកាហ្សាន គឺការបញ្ជាក់ថា កម្ពុជានៅតែជ្រើសរើសយន្តការគណៈកម្មការព្រំដែនចម្រុះ (Joint Boundary Commission - JBC) ជាយន្តការសំខាន់សម្រាប់ដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ។
ការលើកឡើងនេះមានន័យលើសពីការរំឭកអំពីយន្តការដែលមានស្រាប់ទៅទៀត។ វាបង្ហាញថា ទោះបីជាភាពតានតឹងនៅតាមបណ្តោយព្រំដែនបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយក៏ដោយ កម្ពុជានៅតែមិនចង់បង្កើតក្របខណ្ឌថ្មី ឬផ្លាស់ប្តូរយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួចហើយនោះទេ។
ផ្ទុយទៅវិញ កម្ពុជាកំពុងជំរុញឱ្យយន្តការដែលមានស្រាប់ ចាប់ផ្តើមដំណើរការឡើងវិញឱ្យមានប្រសិទ្ធភាព។ នេះហើយជាមូលហេតុដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យភាគីថៃ តែងតាំងប្រធាន JBC របស់ខ្លួន និងចាប់ផ្តើមការងារចុះវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការលើកឡើងនេះក៏ភ្ជាប់ដោយផ្ទាល់ទៅនឹងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានចុះហត្ថលេខារួចហើយ និងបានប្តេជ្ញាបន្តដំណើរការវាស់វែង និងបោះបង្គោលព្រំដែន។ ដូច្នេះ សាររបស់កម្ពុជា មិនមែនជាការស្នើសុំកិច្ចព្រមព្រៀងថ្មីនោះទេ ប៉ុន្តែជាការអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់។
ក្នុងន័យនយោបាយ សារនេះក៏បង្ហាញពីការព្យាយាមរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរចំណុចផ្តោតនៃការពិភាក្សា ពីការជជែកអំពីវិបត្តិ ការប្រឈមមុខ ឬការបញ្ចេញសារនយោបាយ ទៅកាន់ការងារបច្ចេកទេសដែលអាចវាស់វែងបាន និងផ្តល់លទ្ធផលជាក់ស្តែងនៅលើដី។
និយាយម្យ៉ាងទៀត កម្ពុជាហាក់កំពុងផ្ញើសារមួយថា បញ្ហាព្រំដែនគោក មិនអាចដោះស្រាយបានតាមរយៈសុន្ទរកថា ឬការចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ នៅទីបញ្ចប់ ដំណោះស្រាយនៅតែត្រូវវិលត្រឡប់ទៅរកការចុះវាស់វែង ការខណ្ឌសីមា និងការអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានទទួលស្គាល់រួចហើយ។
តាមទស្សនៈនេះ សារពីកាហ្សាន មិនមែនគ្រាន់តែជាការបញ្ជាក់ថា JBC នៅតែមានសារៈសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ថា កម្ពុជាចង់ឱ្យការដោះស្រាយវិវាទព្រំដែន ផ្លាស់ចេញពីតំបន់នៃការប្រឈមមុខនយោបាយ ទៅកាន់តំបន់នៃការអនុវត្តបច្ចេកទេស និងច្បាប់ ដែលអាចនាំទៅរកដំណោះស្រាយយូរអង្វែងជាង។
*បើកច្រកព្រំដែនគោក មិនមែនជាអទិភាពរបស់កម្ពុជាក្នុងពេលនេះទេ
អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនៅក្នុងសារពីទីក្រុងកាហ្សាន គឺការលើកឡើងយ៉ាងច្បាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា៖ «ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ»។
ទោះជាប្រយោគនេះមានលក្ខណៈខ្លីក៏ដោយ ប៉ុន្តែវាបានផ្ញើសារនយោបាយយ៉ាងច្បាស់មួយថា កម្ពុជាកំពុងព្យាយាមបែងចែកឱ្យដាច់រវាង «បញ្ហាព្រំដែន» និង «បញ្ហាការបើកច្រកព្រំដែន»។ ក្នុងទស្សនៈរបស់កម្ពុជា អាទិភាពនៅពេលនេះ មិនមែនស្ថិតនៅលើការបើក ឬបិទច្រកព្រំដែននោះទេ ប៉ុន្តែស្ថិតនៅលើការធ្វើឱ្យយន្តការដោះស្រាយបញ្ហាព្រំដែនដំណើរការឡើងវិញ ជាពិសេសការចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC)។
ក្នុងន័យនេះ កម្ពុជាហាក់ចង់បញ្ជាក់ថា ការបើក ឬបិទច្រកព្រំដែន គឺជាវិធានការរដ្ឋបាល និងសន្តិសុខដែលអាចផ្លាស់ប្តូរបានទៅតាមស្ថានការណ៍ ខណៈបញ្ហាព្រំដែនវិញ គឺជាបញ្ហាស្នូលដែលត្រូវការដំណោះស្រាយរយៈពេលវែង និងផ្អែកលើមូលដ្ឋានច្បាប់ និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ដូច្នេះ សារពីកាហ្សាន ហាក់កំពុងផ្ញើសារទៅកាន់ភាគីថៃថា កម្ពុជា មិនចង់ឱ្យការពិភាក្សាផ្តោតលើបញ្ហាច្រកព្រំដែន ដែលជាវិធានការបណ្តោះអាសន្ននោះទេ ប៉ុន្តែចង់ឱ្យការពិភាក្សាវិលត្រឡប់ទៅរកស្នូលនៃបញ្ហា គឺការកំណត់ និងខណ្ឌសីមាព្រំដែនឱ្យបានច្បាស់លាស់ ស្របតាមកិច្ចព្រមព្រៀង និងយន្តការដែលភាគីទាំងពីរបានទទួលស្គាល់រួចហើយ។
ក្នុងន័យដដែលនេះ កម្ពុជាហាក់កំពុងប្រាប់ថា ការបើកច្រកព្រំដែនអាចរង់ចាំបាន ប៉ុន្តែការដោះស្រាយបញ្ហាព្រំដែនមិនគួរពន្យារពេលបន្តទៀតនោះឡើយ។ នេះគឺជាសារនយោបាយដ៏សំខាន់មួយដែលបានចេញពីទីក្រុងកាហ្សាន។
*កិច្ចព្រមព្រៀងដែលមានស្រាប់ នៅតែជាមូលដ្ឋាន
អ្វីដែលគួរឱ្យកត់សម្គាល់មួយជាបន្ថែមទៀតនៅក្នុងសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជាមិនបានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងថ្មី ឬយន្តការថ្មីណាមួយសម្រាប់ដោះស្រាយបញ្ហាព្រំដែននោះទេ។
ផ្ទុយទៅវិញ កម្ពុជាបានរំឭកយ៉ាងច្បាស់ដល់សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាលើការបន្តដំណើរការវាស់វែង និងខណ្ឌសីមាព្រំដែន។ ការលើកឡើងនេះ បង្ហាញថា កម្ពុជាចាត់ទុកឯកសារដែលភាគីទាំងពីរបានចុះហត្ថលេខារួចហើយ ជាមូលដ្ឋានសម្រាប់ការបន្តដំណើរការដោះស្រាយបញ្ហា។
ក្នុងន័យនេះ សារពីកាហ្សាន មិនមែនជាការស្នើឱ្យមានការចរចាថ្មីនោះទេ ប៉ុន្តែជាការអំពាវនាវឱ្យមានការអនុវត្តការប្តេជ្ញាចិត្តដែលមានស្រាប់។ កម្ពុជាហាក់កំពុងផ្ញើសារថា បញ្ហាសំខាន់នៅពេលនេះ មិនមែនស្ថិតនៅលើការខ្វះក្របខណ្ឌច្បាប់ ឬការខ្វះឯកសារគោលនយោបាយនោះទេ ប៉ុន្តែស្ថិតនៅលើការធ្វើឱ្យកិច្ចព្រមព្រៀងដែលមានស្រាប់ អាចដំណើរការបានជាក់ស្តែង។
ជាក់ស្តែង ទាំងយន្តការ JBC សម្រាប់ព្រំដែនគោក និងដំណើរការ Compulsory Conciliation ក្រោម UNCLOS សម្រាប់ព្រំដែនសមុទ្រ សុទ្ធតែជាក្របខណ្ឌដែលមានរួចហើយ។ ដូច្នេះ អ្វីដែលកម្ពុជាកំពុងជំរុញ មិនមែនជាការបង្កើតផ្លូវថ្មីនោះទេ ប៉ុន្តែជាការដើរបន្តលើផ្លូវដែលភាគីទាំងពីរបានព្រមព្រៀងរួចមកហើយ។
តាមទស្សនៈនេះ សារពីទីក្រុងកាហ្សាន បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនចង់ឱ្យការពិភាក្សាអំពីបញ្ហាព្រំដែន ចាប់ផ្តើមពីទំព័រថ្មីនោះទេ។ ផ្ទុយទៅវិញ កម្ពុជាចង់ឱ្យភាគីទាំងពីរវិលត្រឡប់ទៅអនុវត្តអ្វីដែលបានសន្យា និងបានចុះហត្ថលេខារួចហើយ។ សម្រាប់កម្ពុជា ភាពជឿនលឿននៃការដោះស្រាយបញ្ហាព្រំដែន នឹងមិនកើតចេញពីការបង្កើតឯកសារថ្មីៗបន្ថែមទៀតទេ ប៉ុន្តែកើតចេញពីការអនុវត្តឯកសារដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងមានលទ្ធផលជាក់ស្តែង។
សេចក្តីសន្និដ្ឋាន៖
បើមើលពីខាងក្រៅ ការជជែករវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន អាចមើលទៅជាការសន្ទនាក្រៅផ្លូវការដ៏ខ្លីមួយប៉ុណ្ណោះ។ ប៉ុន្តែបើពិនិត្យមើលខ្លឹមសារនៃសារដែលត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ ការជជែកនោះបានផ្ញើសារនយោបាយយ៉ាងច្បាស់មួយថា កម្ពុជាមិនបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការដោះស្រាយបញ្ហាព្រំដែនជាមួយថៃឡើយ។
សម្រាប់ព្រំដែនសមុទ្រ កម្ពុជានៅតែជ្រើសរើសយន្តការផ្សះផ្សាបង្ខំ (Compulsory Conciliation) ក្រោម UNCLOS។ សម្រាប់ព្រំដែនគោក កម្ពុជានៅតែប្រកាន់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ចំណែកសម្រាប់ជម្លោះទាំងមូល កម្ពុជានៅតែប្រកាន់ខ្ជាប់នូវសន្តិវិធី ការចរចា និងច្បាប់អន្តរជាតិ ជាមូលដ្ឋាននៃដំណោះស្រាយ។
អ្វីដែលសារពីកាហ្សានបង្ហាញ មិនមែនជាការប្រកាសអំពីផ្លូវថ្មីនោះទេ ប៉ុន្តែជាការបញ្ជាក់ជាថ្មីអំពីផ្លូវដែលកម្ពុជាបានជ្រើសរើសរួចហើយ។ ក្នុងពេលដែលការពិភាក្សាជាច្រើនផ្តោតលើភាពតានតឹង ការបើកច្រកព្រំដែន ឬការប្រឈមមុខផ្នែកនយោបាយ, កម្ពុជាហាក់កំពុងផ្ញើសារថា ដំណោះស្រាយយូរអង្វែងនឹងមិនកើតចេញពីសម្ពាធ ឬការប្រឈមមុខនោះទេ ប៉ុន្តែកើតចេញពីការអនុវត្តយន្តការដែលមានស្រាប់ និងការគោរពតាមកាតព្វកិច្ចដែលភាគីទាំងពីរបានទទួលស្គាល់រួចហើយ។
ដូច្នេះ ក្នុងពេលដែលមនុស្សជាច្រើនកំពុងសួរថា តើអ្វីជាជំហានបន្ទាប់របស់កម្ពុជា ចម្លើយប្រហែលជាស្ថិតនៅក្នុងសារខ្លីមួយពីទីក្រុងកាហ្សានរួចទៅហើយ។ កម្ពុជា មិនកំពុងស្វែងរកផ្លូវថ្មីទេ ប៉ុន្តែកំពុងជំរុញឱ្យផ្លូវចាស់ដែលបានព្រមព្រៀងរួចហើយ អាចដំណើរការទៅមុខបានពិតប្រាកដ។ នោះគឺផ្លូវច្បាប់ ផ្លូវការទូត និងផ្លូវសន្តិភាព៕

















