សមត្ថកិច្ចបន្ដស្រាវជ្រាវ ស្វែងរកយុវជនម្នាក់ដែលបាត់ខ្លួននៅលើភ្នំគិរីរម្យ ដោយបន្សល់ទុកសំបុត្រមួយសន្លឹកថា «បើអ្នកបានឃើញសំបុត្រនេះ មានន័យថាខ្ញុំបានស្លាប់ហើយ»

20-06-2026 14:34

(កំពង់ស្ពឺ)៖​ កម្លាំងមន្ត្រីបរិស្ថានជាអ្នកស្គាល់ភូមិសាស្ត្រច្បាស់ កំពុងសហកាជាមួយកម្លាំងនគរបាល អាវុធហត្ថ កម្លាំងបញ្ជាការពារ រួមទាំងអាជ្ញាធរមូលដ្ឋាន និងសាច់ញាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បន្តស្វែងរកគ្រប់ច្រកល្ហកជុំវិញបរិវេនដែលយុវជនម្នាក់បានផ្លុងម៉ូតូចោល បន្តឈានទៅស្វែងរកទីជ្រៅៗបន្តទៀត នៅលើភ្នំគិរីរម្យ។ ការប្រទះឃើញម៉ូតូមួយគ្រឿង​ទុកចោលនេះកាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០​២៦។

យោងតាមមន្ត្រីបរិស្ថានបានប្រាប់ថា ការប្រទះឃើញម៉ូតូក្នុងចន្លោះម៉ោង ៣៖៣០នាទី​រសៀល ក្នុងនោះមានម៉ូតូ១គ្រឿងម៉ាក​ ADV ពាក់ផ្លាក​លេខ​ភ្នំពេញ 1LE-9373 និងមួកសុវត្ថិភាព​នៅជាប់កញ្ចក់ គ្មានម្ចាស់​ ស្ថិតនៅចំណុចផ្លូ​វលំបំបែកជាបី ទៅក្រុ​ម​ហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេ​ស​ចរណ៍​ ស្ថិតក្នុងភូមិថ្មី ឃុំចំ​បក់ ស្រុកភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ លើរំបន់ឧទ្យានជាតិគីរីរម្យ ហើយបានរាយការណ៍ទៅអធិការនគរបាលស្រុកភ្នំស្រួច មកពិនិត្យ។

ក្រោយការឆែកក្នុងម៉ូតូ កម្លាំងសមត្ថកិច្ច បានរកឃើញមាន​សម្ភារជាប់ម៉ូតូ​ នៅក្រោមកែបម៉ូតូមាន កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហ​ម១ កូនកាបូបដាក់លុយពណ៌ខ្មៅ១ ស្បែកជើងប៊ូពណ៌ខ្មៅ ១គូម៉ាក​LV ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១ ទូរស័ព្ទមួយគ្រឿង ម៉ាក​IPho​ne ពណ៌ស អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ​១៩៩៦ មានទីលំនៅបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងនោះក៏មានសំបុត្រសសៀវភៅ១សន្លឹកសរ​សេររៀបរាប់​ ដែលមានន័យថា «បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើ​យ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុក​ និងម៉ូតូហើយ ខ្ញុំសូមអរគុណបង សូមជួយតេរកបងប្អូនខ្ញុំផង បងរុំ 0886552007 ប្អូនរឹត 081836536 សុំទោសដែលធ្វើឲ្យបងពិបាក មា​ន​វីដេអូក្នុងទូរស័ព្ទដែ​លជាការស​ម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង រួមមានសម្ភារៈខោ​អាវមួយចំនួនទៀត»។

ភ្នាក់ងារ Fresh News បានទាក់ទងទៅកាន់សាច់ញាតិផ្ទាល់ លោក រឹត ដែលត្រូវជាប្អូនម្ចាស់ម៉ូតូ ដោយគាត់បានលើកឡើងថា គាត់ និងម្ចាស់ម៉ូតូមិនបានរស់ជាមួយគ្នាទេ ពោលគឺគាត់រស់ផ្សេង ចំណែកបងប្រុសម្ចាស់ម៉ូតូគាត់នៅលីវ ដូច្នេះរឿងបងគាត់ទុកលំបាកអីគាត់មិនបានដឹងឡើយ។

មន្ត្រីបរិស្ថាន និងសមត្ថកិច្ចចម្រុះ កំពុងតែបន្ដស្វែងរកម្ចាស់សំបុត្រ​ ដោយស្ថានភាពមេឃភ្លៀង និងយប់ងងឹត​ការរុករកមិនឃើញនៅឡើយទេ ក្នុងរយៈពេល២ថ្ងៃនេះ៕